ខ្មែរប៉ុស្ដិ៍ Close

ជំនួបសន្ទនារវាង កម្ពុជា-វៀតណាម ស្តីអំពីការពង្រឹងកិច្ចសហប្រតិបត្តិនៃក្រសួងការពារជាតិឱ្យកាន់តែល្អប្រសើរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 42
ជំនួបសន្ទនារវាង កម្ពុជា-វៀតណាម ស្តីអំពីការពង្រឹងកិច្ចសហប្រតិបត្តិនៃក្រសួងការពារជាតិឱ្យកាន់តែល្អប្រសើរ ជំនួបសន្ទនារវាង កម្ពុជា-វៀតណាម ស្តីអំពីការពង្រឹងកិច្ចសហប្រតិបត្តិនៃក្រសួងការពារជាតិឱ្យកាន់តែល្អប្រសើរ

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនាយទាហានជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត បានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរគមនាគមន៍ជាមួយ នាយឧត្តមសេនីយ៏ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីការពារប្រទេសវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិរវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ កម្ពុជា-វៀតណាម។

តាមការលើកឡើងក្នុងកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សម្ដែងនូវការកោតសរសើរចំពោះ រដ្ឋាភិបាលវៀតណាម ដែលកន្លងមក មានវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព។ លោក ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានផ្ដល់ម៉ាស អាកុល និងម៉ាស៊ីនវាស់កំដៅ ជូនដល់កងយោធពលខេមរភូមិន្ទកន្លងមក និងបានជួយសម្របសម្រួលដល់សិក្ខាកាមកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅប្រទេសវៀតណាម ឲ្យវិលត្រឡប់មកមាតុភូមិកម្ពុជា ប្រកបដោយសុវត្ថិភាព និងគ្មានសិក្ខាកាមណាម្នាក់ឆ្លងជំងឺកូវីដ-១៩ ឡើយ។ ចំពោះកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងកងទ័ពនៃប្រទេសទាំងពីរក្នុងរយៈពេល០៨ ខែកន្លងមកនេះ ដោយជួបនូវបញ្ហាវិបត្តិជំងឺកូវីដ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងថា យើងបានជួបនូវបញ្ហាប្រឈមមួយចំនួននឹងមានភាពរអាក់រអួល ដែលនាំឲ្យការអនុវត្ត កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ មិនបានគ្រប់ជ្រុងជ្រោយ ទៅតាមផែនការការងារ ដែលបានគ្រោងទុក។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានថ្លែងអំណរគុណដល់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលបានអនុញ្ញាតឱ្យប្រតិភូក្រសួងការពារ ប្រទេសវៀតណាម បានមកចូលរួមក្នុងពិធីរំលឹកខួបលើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្រ្តកោះថ្មនាពេលកន្លងមក។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ទៀតថា ទោះបីយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្តី ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរ នៅតែបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការគ្នា ឱ្យកាន់តែល្អថែមទៀត ហើយកម្ពុជា និងមានជំនឿថា នៅពេលខាងមុខ មានការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយប្រទេសវៀតណាម នឹងទទួលបានជោគជ័យ។

ជាកិច្ចឆ្លើយតបក្នុងឱកាសនោះ លោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានលើកឡើងថា ឆ្នាំ២០២០ ពិភពលោកយើងបានទទួលការរីករាលដាលឆ្លងជំងឺ covid-19 ទាំងនេះ ហើយដែលនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ច, នយោបាយ, វប្បធម៌ និងមានបញ្ហាប្រឈមជាច្រើន ដូចជាសន្តិសុខមិនប្រពៃណី មានទឹកជំនន់ គ្រោះមហន្តរាយធម្មជាតិ ដោយការប្រែប្រួលអាកាសធាតុ ហើយបើយើងមិនរួមគ្នាការពារទេ នោះយើងហ្នឹងទទួលផលវិបាកយ៉ាងធ្ងន់ធ្ងរជាមិនខាន។ មូលហេតុខាងលើនេះហើយ ដែលនាំឲ្យក្រសួងការពារប្រទេសវៀតណាម បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយដល់កងទ័ព នៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ នៃការរីករាលដាល នៃជំងឺកូវីដ-១៩នេះ។ ដោយឡែកចំពោះផែនការកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរក្នុងឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី ក៏បានឯកភាពទៅតាមការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដោយលោកក៏បានសំណូមពរឲ្យជំនាញនីមួយៗ ខិតខំធ្វើការទំនាក់ទំនងទៅតាមលទ្ធភាព ដើម្បីឲ្យសម្រេចទៅតាមផែនការ ហើយបើសិនជានៅសល់យើង នឹងបន្តអនុវត្តនៅឆ្នាំ២០២១ ខាងមុខបន្តទៀត។

លោករដ្ឋមន្ត្រី ក៏បានសំណូមពរធ្វើយ៉ាងណា ពន្លឿននូវការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ តាមបណ្ដោយព្រំដែន នៃប្រទេសយើងទាំងពីរឲ្យបានឆាប់រហ័ស ដើម្បីអនុវត្ត អោយមានប្រសិទ្ធភាព រវាងកម្លាំងការពារព្រំដែន ក្នុងការទប់ស្កាត់បទល្មើសនានា និងជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង៕

អត្ថបទទាក់ទង