ខ្មែរប៉ុស្ដិ៍ Close

ការសុំសិទ្ធិធ្វើនយោបាយចាប់ផ្តើមកំរើកជាថ្មីក្រោយអស់សង្ឃឹមថាខ្មោចអាចរស់ឡើងវិញ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 15
ការសុំសិទ្ធិធ្វើនយោបាយចាប់ផ្តើមកំរើកជាថ្មីក្រោយអស់សង្ឃឹមថាខ្មោចអាចរស់ឡើងវិញ ការសុំសិទ្ធិធ្វើនយោបាយចាប់ផ្តើមកំរើកជាថ្មីក្រោយអស់សង្ឃឹមថាខ្មោចអាចរស់ឡើងវិញ

ដោយអស់ជំនឿថា «ខ្មោចស្លាប់ហើយអាចរស់ឡើងវិញ» អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សដែលត្រូវបានតុលាការរំលាយចោលបានចាប់ផ្តើមស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ម្តងទៀតហើយ។ លោក សុន ឆ័យ អតីតអ្នកតំណាង រាស្ត្រមណ្ឌលភ្នំពេញ និងអតីតមន្ត្រីបក្សនេះពីររូបទៀតគឺលោក តាន គឹមឈន និងវ៉ា សាម៉ុន បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី ៣ ខែ កញ្ញានេះតាមសំណើរដែលពួកគេបានសុំ។ នេះគឺជាការកំរើកជាថ្មីនៃចលនា សុំសិទ្ធិធ្វើនយោបាយឡើងវិញ រលកទី២បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈមកក្រោមគំនាប នយោបាយលាបពណ៌របស់មេបក្សជ្រុលនិយម។

ការកំរើកឡើងវិញលើកនេះទំនងជាអាចមានទ្រង់ទ្រាយធំពីព្រោះតាមប្រភពព័ត៌មានដែលអ្នកនយោបាយតុកាហ្វេទទួលបាន មានអតីតអ្នកតំណាងរាស្ត្រ និងមន្ត្រីអតីតបក្សសង្គ្រោះជាតិផ្សេងៗទៀតក៏កំពុងរៀបចំជើងព្រួលដើម្បីដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនាពេលខាងមុខនេះដែរ។
ទន្ទឹមនឹងនេះ ពួកគេក៌កំពុងត្រៀមលក្ខណៈក្នុងការបង្កើតគណបក្សប្រឆាំងថ្មីដែលមិនអាស្រ័យលើលោក សម រង្ស៊ី ទៀតឡើយ។ បើនិយាយឲ្យចំ ពេលនេះ សម រង្ស៊ី នៅសល់តែសំបកខ្លួន និងមនុស្សហែហម មួយដំបរស្វាដែលសុទ្ធសឹងតែមានទោសជាប់ខ្លួនផងនិងមាន ដិកាចាប់ខ្លួនផងតែប៉ុណ្ណោះ ។ហើយក្រៅពីនោះ ពួកគេបាននិងកំពុងនាំគ្នារត់ចោលមេបក្សដ៏មហាកំសាករូបនេះសឹងតែអស់ទៅហើយ។

មានមូលហេតុច្រើនយ៉ាងដែលជំរុញឲ្យអតីតអ្នកតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងនាំគ្នាចាកចេញពី សម រង្ស៊ី ហើយមកសុំសិទ្ធិធ្វើ នយោបាយឡើងវិញ៖

មូលហេតុទី១៖ ពួកគេពិតជាអស់ជំនឿនិងអស់សង្ឃឹមមែនទែនហើយថា ខ្មោចបក្សដែលរលាយទៅហើយនោះអាច រស់ឡើងវិញ។
អស់រយៈពេលជិត ៣ឆ្នាំហើយ ដែលពួកគេទន្ទឹងរង់ចាំការរស់ឡើងវិញនៃអតីតគណបក្សរបស់ខ្លួនទៅតាមការឃោសនាអកុសលរបស់លោក សម រង្ស៊ី។ ប៉ុន្តែ រហូតមកទល់ពេលនេះ ពួកគេមើលមិនបានឃើញនូវពន្លឺអ្វីសូម្បីតែបន្តិច។ ផ្ទុយទៅវិញក្តីសង្ឃឹមកាន់តែងងឹតសូន្យសុងជាងមុនទៅទៀតបន្ទាប់ពី បានឃើញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកាន់តែមាន ប្រជាប្រិយភាពទាំងនៅក្នុងផ្ទៃប្រទេស ទាំងនៅលើឆាក អន្តរជាតិ ជាពិសេសបន្ទាប់ពីកម្ពុជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។

មូលហេតុទី២៖ ទន្ទឹងនឹងប្រជាប្រិយភាពរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ កម្លាំងប្រឆាំងដឹកនាំដោយ សម រង្ស៊ី ឯណោះវិញកាន់តែចុះខ្សោយនិងកាន់តែ ដុនដាបពីមួយឆ្នាំទៅមួយឆ្នាំដោយសារការបែកបាក់ផ្ទៃក្នុងផង និងដោយសារភាពកម្សោយ នៃនយោបាយរបស់ លោក សម រង្ស៊ី ដែលធ្វើឲ្យរាល់ផែនការ របស់ខ្លួនបរាជ័យជាបន្តបន្ទាប់ផង។ បរាជ័យទឹក ចុងក្រោយនិង យ៉ាងអាម៉ាស់បំផុតរបស់ សម រង្ស៊ី គឺផែនការវិលចូលស្រុកវិញ កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ដែលគេអាចនិយាយបានថា ការបរាជ័យនេះធ្វើឲ្យ សម រង្ស៊ី អស់ក្រេឌិតរលីង ឬនិយាយតាមបែបផ្សេងគឺចាញ់អស់រលីងពីខ្លួន។

មូលហេតុទី៣៖ ការរំពឹងទៅលើ សហគមន៍អន្តរជាតិជួយអន្តរាគមន៍ដើម្បីប្រោសគណបក្សដែលស្លាប់ឲ្យរស់ឡើងវិញទៅតាមការឃោសនា របស់ សម រង្ស៊ី បានផុតរលត់ទៅហើយ។នរណាក៏បានឃើញដែរថា សហគមន៍អន្តរជាតិនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងភ្នំពេញជាពិសេសពួកគេកាន់តែ សហការជិតស្និទ្ធជាមួយកម្ពុជាថែមទៀតក្នុងដំណាក់កាលកូវីដ ១៩ ។ ម៉្យាងទៀត ក្នុងពេលដែល មានការប្រជែងគ្នាកាន់តែខ្លាំងនិងស្រួចស្រាវឡើងរវាងមហាអំណាចដើម្បីដណ្តើមឥទ្ធិពលនិងផលប្រយោជន៍ ភូមិសាស្ត្រនយោបាយ កម្ពុជា បានក្លាយជា«កូនក្រមុំ» ដែល ពួកគេនាំគ្នាមកចែចូវចង់ដណ្តឹងមិនដាច់ពោលគឺ «ហាងឆេងលោកហ៊ុន សែនកាន់តែឡើងថ្លៃខ្ពស់ជាងមុនឆ្ងាយណាស់» ។

មូលហេតុទី៤៖ ពេលវេលានៃការបោះឆ្នោតទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិកាន់តែខិតចូល មកដល់ហើយ។ ដូច្នេះ ការ«ទន្ទឹងរង់ចាំខ្មោចដែលស្លាប់ហើយរស់ឡើងវិញ មិនខុសពីផ្កាប់បំពង់រង់ចាំទឹកភ្លៀងទាំងកណ្តាលខែចែតនោះឡើយ»។ហើយប្រសិនបើពួកគេរង់ចាំបន្តទៀត អ្វីៗនឹងហួសពេលជាមិនខានឡើយ។សូមកុំភ្លេចថា គេត្រូវរង់ចាំរយៈ ពេល ៥ឆ្នាំទើបមានការ បោះឆ្នោតម្តង។ ដូច្នេះការខកខានមិនបានចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតសភា ឆ្នាំ ២០២៣ ខាងមុខនេះស្មើនឹងខាតពេលជិត ១០ឆ្នាំឯណោះគិត ចាប់តាំងពីបក្សប្រឆាំងជ្រុលនិយមត្រូវបានរំលាយ។

មូលហេតុទាំងអស់នេះហើយដែលធ្វើឲ្យអតីតតំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់ រួមទាំងសកម្មជនអតីតបក្សប្រឆាំងសម្រេចចិត្តបោះបង់ សម រង្ស៊ីចោល ហើយវិលមកធ្វើនយោបាយតាមឆន្ទៈរបស់ខ្លួន និងតាមផ្លូវរបស់ខ្លួនវិញ។មកដល់ត្រង់ចំណុចនេះ គេអាច និយាយបានថា «ចប់ហើយជំនាន់នយោបាយសម រង្ស៊ី, ចប់ហើយក្តីសង្ឃឹមថា ខ្មោច អាច រស់ឡើងវិញ, ចប់ហើយការស្រមើស្រមៃថា បរទេសអាចគាបសង្កត់រដ្ឋាភិបាលភ្នំពេញអោយយកអធិប្បតេយ្យជាតិទៅដូរជាមួយជំនួយ និងចប់ហើយគំនាបនយោបាយនៃការលាបពណ៌ដែលសាបព្រួសដោយសម រង្ស៊ី»។

ពីពេលនេះតទៅ មានតែខ្មែរខ្លួនឯងទេដែលត្រូវជួយខ្លួនឯង និងត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង។ មានតែការ សម្រេចចិត្តតាមឆន្ទៈរបស់ខ្លួនឯងទេទើបអាចឈានទៅ សម្រេចគោលដៅរបស់ខ្លួន បាន។ នេះគឺជាដើមចមនៃការកំរើកជាថ្មីនៃចលនាសុំសិទ្ធិធ្វើនយោបាយឡើងវិញដែលជារលក ទី២ ក្នុងចំណោមអ្នកធ្លាប់គាំទ្រសម រង្ស៊ី។ការបន្តជីវិតនយោបាយនៅលើ សង្វៀននយោបាយស្របច្បាប់តាមរយៈការសុំសិទ្ធិធ្វើនយោបាយឡើងវិញដោយរំដោះខ្លួនចេញពីគំនាប នយោបាយលាបពណ៌គឺជាជំរើសដ៏វៃឆ្លាតនិងពោរពេញដោយឱកាស។ ផ្ទុយទៅវិញ ការ បន្តស្ថិតនៅក្រោមគំនាប នយោបាយរបស់ សម រង្ស៊ី គឺមិនខុសពីការដុតបំផ្លាញឱកាស សម្រាប់ខ្លួនឯងចោលដោយឥតប្រយោជន៍នោះឡើយព្រោះ «ខ្មោចមិនអាចរស់ឡើងវិញបានឡើយ» ៕

ដោយ : អ្នកនយោបាយតុកាហ្វេ