ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលអំពាវនាវ គណៈកម្មការគ្រប់គ្រងវត្តអារាមនៅទូទាំងប្រទេស ឱ្យអនុវត្តតាមវិធានសុខាភិបាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នគរគំនិត 31
ក្រសួងសុខាភិបាលអំពាវនាវ គណៈកម្មការគ្រប់គ្រងវត្តអារាមនៅទូទាំងប្រទេស ឱ្យអនុវត្តតាមវិធានសុខាភិបាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសុខាភិបាលអំពាវនាវ គណៈកម្មការគ្រប់គ្រងវត្តអារាមនៅទូទាំងប្រទេស ឱ្យអនុវត្តតាមវិធានសុខាភិបាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ក្រសួងសុខាភិបាលបានអំពាវនាវដល់គណៈកម្មការគ្រប់គ្រងវត្តអារាមនៅទូទាំងប្រទេស ឱ្យអនុវត្តតាមវិធានសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីរួមចំណែកការពារ ការចម្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រជាពលរដ្ឋទូទាំងប្រទេសនឹងធ្វើដំណើរទៅកាន់ទីវត្តអារាមដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃនិងឧទ្ទិសកុសល ផលបុណ្យជូនជីដូនជីតា ដែលបានចែកឋាន។ ហេតុដូច្នេះគណៈកម្មការគ្រប់គ្រងវត្តអារាមនៅទូទាំងប្រទេសធ្វើយ៉ាងណាឱ្យមានការប្រតិបត្តិនិងអនុវត្តឱ្យបានត្រឹមត្រូវជាទីបំផុត នូវវិធានការសុខាភិបាល ក្នុងការការពារ កុំឱ្យមានការចម្លងនូវវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍មូលដ្ឋាន។លោកជំទាវបញ្ជាក់ថាដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មការវត្តត្រូវចូលរួមអនុវត្តន៍តាមក្រសួងសុខាភិបាលដូចជា៖

ទី១៖ ត្រូវរៀបចំឱ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ ជែលឬទឹកអាល់កុល និងកន្លែងសម្រាប់លាងសម្អាតដៃជាប្រចាំ។ ទី២៖ នៅពេលប្រជាពលរដ្ឋ ធ្វើដំណើរទៅទីកាន់ទីវត្តអារាម ត្រូវឱ្យពួកគាត់ពាក់ម៉ាស ក្រមា កន្សែង ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ ដើម្បីការពារការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ និងទី៣៖ ត្រូវរក្សាគម្លាតពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀតឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ ដូចជាការអង្គុយប្រគេនទេយ្យទាន ចង្ហាន់ ទៅព្រះសង្ឃនិងការស្តាប់ព្រះធម៌ក្ដី ក៏ត្រូវរក្សាគម្លាត ឱ្យបានត្រឹមត្រូវផងដែរ។

«សំឡេង៖ សំណូមពរទៅដល់អ្នកចាត់ចែង ក៏ដូចជាគណៈកម្មាធិការវត្ត ដែលលោកនឹងត្រូវចាត់ចែងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមមេត្តាចាត់ចែងធ្វើយ៉ាងណា ឲ្យមានសុវត្ថិភាព ជាពិសេសអោយមាននូវការអនុវត្តនូវវិធានការ ការការពារខ្លួនកុំឲ្យមានការចម្លង និងវីរុសកូវីដ-១៩ ហើយនៅតាមទីវត្តអារាមនីមួយៗ ត្រូវតែធានាថា កុំឱ្យមានការផ្ទុះឡើងនូវការចម្លងនូវវីរុសកូវីដ-១៩ នៅតាមវត្តអារាមណាមួយនោះ អ៊ីចឹងនេះគឺជាការអំពាវនាវ និងទទូចរបស់ក្រសួងសុខាភិបាលផងដែរ។»

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្ត តាមវិធានសុខាភិបាលឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីធានាការពារ កុំឱ្យមានការចម្លងចូលទៅក្នុងសហគមន៍ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ព្រោះកូវីដ-១៩នៅតែជាក្តីបារម្ភរបស់កម្ពុជា និងទូទាំងពភិពលោក។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២០ ជាពេលវេលាដែលពុទ្ធបរិស័ទនឹងអញ្ជើញទៅកាន់ទីវត្តអារាមជាច្រើន៕

អត្ថបទទាក់ទង