អាកាសយានដ្ឋានតារាសាគរ ក្នុងខេត្ដកោះកុង នឹងបញ្ចប់ការសាងសង់នៅដំណាក់កាលទី១ នៅចុងឆ្នាំ២០២០នេះ
លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុងបានអះអាងថា អាកាសយានដ្ឋានតារាសាគរ នឹងបញ្ចប់ការសាងសង់នៅដំណាក់កាលទី១ នៅចុងឆ្នាំ២០២០នេះ តាមគម្រោង និងផែនការរបស់ក្រុមហ៊ុន។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារជូនឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០។
លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល បានរាយការណ៍អំពីវឌ្ឍនភាពការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិដែលបានប្រព្រឹត្តទៅតាមផែនការ និងស្នើសុំគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបន្តជួយដល់គម្រោងសាងសង់បន្ថែមទៀត។ លោកក៏បានកោតសរសើរចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានគាំទ្រដល់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នាពេលកន្លងមក។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអបអរសាទរចំពោះក្រុមហ៊ុន ដែលបានបញ្ចប់ការសាងសង់តាមផែនការ និងបន្តគាំទ្រសហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឱ្យការសាងសង់បញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ។
សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុង ត្រូវបានគេដឹងថា មានទឹកប្រាក់វិនិយោគប្រមាណ ៣,៨ ពាន់លានដុល្លារអាម៉េរិក ស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុនចិនមួយឈ្មោះថា Union Development Group និងត្រូវបានវិនិយោគលើដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជាដែលមានទំហំផ្ទៃដីសរុប ៤,៥ ម៉ឺនហិកតា៕