ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយបង្កើតគណៈ កម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងធ្វើឡើងនៅភូមិសាស្រ្តស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅក្នុងសេចក្តីសម្រេចបានឱ្យដឹងថា គណៈកម្មការរៀបចំទីតាំងគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមាន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន។ គណៈកម្មការនេះ មានសមាស ភាព មានចំនួន ២៣រូប។

សូមជម្រាបថា គម្រោងព្រលានយន្តអន្តរជាតិភ្នំពេញ ដែលត្រូវបានប្រកាស ឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាពក្នុងពិធី ចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ឃាវសែ និងក្រុមហ៊ុនចិនដើម្បីរួមគ្នាអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមាន ឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លាន ដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕

អត្ថបទទាក់ទង