លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី

ដោយ៖ និរន្ដ ទី​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨​ | ព័ត៌មានទូទៅ | 0 |

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ព្រឹកនេះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិប​ត្តិការអន្តរជាតិ បានឱ្យដឹងថា វត្តមានរបស់លោក ហ៊ុន សែន នៅប្រទេសសិង្ហបុរី លើកនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូល។

ឥស្សរជនកម្ពុជា ដែលនឹងអមដំណើរលោក រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» នឹងឆ្លុះបញ្ចាំង នូវអភិក្រមដ៏សំខាន់ ដែលអាស៊ានប្រកាន់យក ដើម្បីរក្សាសារៈសំខាន់របស់ខ្លួន ក្នុងនាមជាអង្គការតំបន់ដែលទទួលបានការជឿទុកចិត្ត នៅក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ។

នៅក្នុងឱកាសដ៏សំខាន់នេះដែរ ថ្នាក់ដឹកនាំនឹងធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ ស្តីពីការកសាងភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន ការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន កិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ទំនាក់ទំនងក្រៅតំបន់អាស៊ាន និងទិសដៅអនាគត ព្រមទាំងបញ្ហានៅក្នុងតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ឯកសារសំខាន់ៗមួយចំនួននឹងត្រូវបាន ចេញផ្សាយ អនុម័ត និងកត់សំគាល់។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ានមួយចំនួនផងដែរ។

ក្រសួងការបរទេស បានប្រកាសទៀតថា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៧ របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២១របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន៕

បញ្ចេញមតិ
អត្ថបទទាក់ទង