ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ចំនួន ២ករណីទៀតនៅថ្ងៃនេះ ជាករណីនាំចូលពីប្រទេសម៉ាឡេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ កីឡា - សុខភាព 58
កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ចំនួន ២ករណីទៀតនៅថ្ងៃនេះ ជាករណីនាំចូលពីប្រទេសម៉ាឡេស៊ី កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ចំនួន ២ករណីទៀតនៅថ្ងៃនេះ ជាករណីនាំចូលពីប្រទេសម៉ាឡេស៊ី

នាព្រឹកថ្ងៃអាទិត្យទី ២៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជាបានជូនសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពីការរកឃើញករណីឆ្លងថ្មី ជំងឺកូវីដ-១៩ ចំនួន ២ករណីបន្ថែមទៀតនៅថ្ងៃនេះ ជាករណីនាំចូលពីប្រទេសម៉ាលេស៊ី។ បើគិតត្រឹមថ្ងៃនេះ ចំនួនអ្នកជាសះស្បើយសរុបមានចំនួន ១២៩នាក់ កំពុងសម្រាកព្យាបាលបន្តមានចំនួន ១២នាក់ ក្នុងចំណោមអ្នកឆ្លងទាំងអស់ចំនួន ១៤១នាក់។

ករណីឆ្លងថ្មីទាំង២នេះកើតលើបុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ ចំនួន ១នាក់ មានទីលំនៅនៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និង ១ករណីទៀត កើតលើបុរសជនជាតិខ្មែរអាយុ ១៥ឆ្នាំ ចំនួន ១នាក់ មានទីលំនៅនៅភូមិព្រែកតាខ្មៅ ឃុំដើមមានខេត្តកណ្ដាល ដែលពួកគេទាំងពីរនាក់នេះធ្វើដំណើរតាមជើងហោះហើរត្រង់ពីប្រទេសម៉ាលេស៊ី មកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។

គួរបញ្ជាក់ថា ជើងហោះហើរនោះ មានអ្នកដំណើរសរុបចំនួន ១០៧នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ១០៥នាក់។ អ្នកដំណើរទាំង ១០៣នាក់ដែលពុំមានរកឃើញករណីផ្ទុកកូវីដ-១៩ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលជម្ពូវ័ន ១ (សម្រាប់អ្នកដែលពុំមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) ដើម្បីរងចាំការដឹកជញ្ជូនបន្តទៅកាន់បណ្ដាខេត្តដែលពួកគាត់រស់នៅបន្ត ដើម្បីធ្វើចត្តាឡីស័កនៅទីនោះ ឯបុរសជនជាតិម៉ាឡេស៊ីចំនួន ២នាក់បានជ្រើសរើសយកការធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញដោយបង់ថ្លៃ។

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង