លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៦ មិថុនា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹងប្រព្រឹត្តទៅ តាម រយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ការចូលរួមក្នុងកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ។
អញ្ជើញអមលោកនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំ រួម មាន៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩ វិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។
ស្របពេលជាមួយកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួន រួមមាន៖
* សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល
* កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន
* កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន
* និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុម ប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន៕