ខ្មែរប៉ុស្ដិ៍ Close

ពិធីបុណ្យសមុទ្រ ចុងឆ្នាំ២០២០នេះ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34
ពិធីបុណ្យសមុទ្រ ចុងឆ្នាំ២០២០នេះ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ ពិធីបុណ្យសមុទ្រ ចុងឆ្នាំ២០២០នេះ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ

លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមិថុនា បានដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធបើកកិច្ចប្រជុំមួយនៅសាលាខេត្តព្រះសីហនុ និងបន្តចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងមួយចំនួន ដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០។

លោក ថោង ខុន បានបន្តណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំកែលម្អឡើងវិញនូវបញ្ជរព័ត៌មានទេសចរណ៍ ដើម្បីផ្ដល់ភាពងាយស្រួយដល់ទេសចរ ក្នុងការទទួលបានព័ត៌មានទេសចរណ៍នៅក្នុងខេត្ត ឬនៅតាមគោលដៅទេសចរណ៍នានា ពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍ (Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។

លោករដ្ឋមន្ត្រីបានបន្តថា នៅក្រុងព្រះសីហនុ ការរៀបចំទីក្រុងទំនើបបាននិងកំពុងធ្វើប្រកបដោយភាពទាក់ទាញប្លែកភ្នែក រីឯប្រព័ន្ធហេដ្ឋារចនាសម្ពន្ធក៏ជិតបង្ហើយការរៀបចំដែរ ប៉ុន្តែគុណភាពសេវាកម្មទេសចរណ៍ និងការរៀបចំកែលម្អរមណីយដ្ឋាន ឆ្នេរសមុទ្រ ក៏ត្រូវបន្តការរៀបចំឱ្យល្អប្រសើរផងដែរ ដើម្បីត្រៀមឱ្យបានរួចស្រេចនៅពេលកំណើនភ្ញៀវទេសចរងើបឡើងវិញ ពិសេសនៅពេលភ្ញៀវទេសចរក្នុងស្រុកកំពុងមានសកម្មភាពងើបឡើងវិញ បូករួមនឹងការដាក់ឱ្យអនុវត្តក្រមប្រតិបត្តិ និងវិធានសុវត្ថិភាពទេសចរណ៍ថ្មី (New Normal) ដែលមាននៅក្នុងសេវាកម្មទេសចរណ៍នានា។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្ត គួច ចំរើន ក៏បានណែនាំទៅកាន់មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការអនុវត្តកិច្ចការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ខាងមុខនេះឱ្យបានសស្រាក់សស្រាំ ពិសេសមន្ទីររ៉ែ និងថាមពលត្រូវពន្លឿនលើការងារតបណ្ដាញអគ្គិសនីនៅតាមផ្លូវថ្មីៗ។ ចំណែកមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពន្លឿនការតបណ្ដាញទឹកស្អាតនៅតាមតំបន់ផ្សេងទៀតផងដែរ ពិសេសគឺទៅដល់ទីតាំងដែលត្រៀមប្រារព្ធពិធីឱ្យបានកាន់តែឆាប់។

ក្រោយចប់កិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីររួមទាំងមន្ត្រីរាជការមួយចំនួនក៏បានបន្តចុះត្រួតពិនិត្យនៅតាមផ្លូវ ឆ្នេរ និងចុះកំណត់ទីតាំងត្រៀមប្រារព្ធពិធីបុណ្យសមុទ្រផងដែរ ក្នុងនោះមានពីរទីតាំងដែលស្ថិតក្នុងការពិចារណា គឺនៅបរិវេណរង្វង់មូលព្រះថោងនាងនាគ និងមួយទីតាំងទៀតនៅឆ្នេរពយជំទាវម៉ៅ ដែលនៅជិតដើមឈើចាំស្នេហ៍៕

អត្ថបទទាក់ទង