ខ្មែរប៉ុស្ដិ៍ Close

វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិល នៅខេត្តកំពត-កែប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 13
វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិល នៅខេត្តកំពត-កែប វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិល នៅខេត្តកំពត-កែប

វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពត-កែប ដើម្បីបំពេញតម្រូវការទាំងទីផ្សារអំបិលក្នុងស្រុក និងការនាំចេញ។

លោក ប៊ុន បារាំង ប្រធានសហគមផលិតអំបិលខេត្តកំពត បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសចិនបានត្រៀមចុះសិក្សាពីគម្រោងបង្កើតរោងចក្រនេះហើយ ប៉ុន្តែមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ដោយរងចាំស្ថានភាពជម្ងឺកូវីដ-១៩ ស្ងប់ស្ងាត់សិន។

លោកប្រធានសមាគមបានបញ្ជាក់ថា គម្រោងបង្កើតរោងចក្រកែច្នៃអំបិលមានសារៈសំខាន់ណាស់ដើម្បីជំរុញការផលិតអំបិលនៅកម្ពុជាឲ្យកាន់តែមានគុណភាព ឆ្លើយតបបានតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នរោងចក្រផលិតអំបិលនៅខេត្តកំពតមានសភាពចាស់ទ្រុឌទ្រោម ផលិតមិនតាមតម្រូវការ។

លោក សង្ឃឹមនិងជឿជាក់ថា ក្រោយបញ្ចប់កូវីដ-១៩ រោងចក្រមួយនេះអាចនឹងមានវត្តមាននៅលើទឹកដីកម្ពុជា។ លោកបានបញ្ជាក់ថា «ខ្ញុំសព្វថ្ងៃនេះកំពុងតែទាក់ទងអ្នកវិនិយោគិនចិន ប៉ុន្តែគេរៀបមកសិក្សាប៉ុន្តែដោយសារជំងឺកូវីដ-១៩គេផ្អាកសិន។ បើសិនណាមិនមានជំងឺកូវីដហ្នឹង ប្រហែលជាគេសិក្សា ហើយដំឡើងរោងចក្រមួយរោងចក្រ។ រោងចក្រដែល វិនិយោគិនចិនមកសហការ វាជួយការបំលែងអំបិលពីគ្រួស ឲ្យទៅជាម៉ត់ដែលអាចប្រើសម្រាប់ហូបបាន។ ដោយសារអំបិលពេលយកពីស្រែមកជាអំបិលគ្រួស យើងយកមកកែច្នៃអោយជាអំបិលម៉ត់ដាក់ជាកញ្ចប់ៗ។ យើងសព្វថ្ងៃនេះយើងកំពុងខ្វះខាតរោងចក្រកែច្នៃអំបិលគ្រួសមកជាអំបិលម៉ត់ ទើបយើងកំពុងទំនាក់ទំនងខាងចិនឲ្យគាត់ជួយ»។

លោកបានបន្ថែមទៀតថា ការផលិតអំបិលក្នុងឆ្នាំ២០២០នេះ រំពឹងថា នឹងប្រមូលបានប្រមាណ៨ម៉ឺនតោន លើផ្ទៃដីជាង៤០០០ហិចតា។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន២០០ក្រុមសាមគ្គី ហើយចែកចេញជា៧មណ្ឌល គឺមាននៅក្នុងស្រុកទឹកឈូ ក្រុងកំពត សេះស ស្រុកកំពុងត្រាច និងកែប។ ក្នុងមួយឆ្នាំ កម្ពុជាត្រូវការអំបិលប្រមាណ ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ក្នុងស្រុក។

អត្ថបទទាក់ទង