ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ចុះហត្ថលេខាលើពិធីសារផ្លូវការ នាំចេញស្វាយស្រស់ទៅប្រទេសចិនដោយផ្ទាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 43
កម្ពុជា ចុះហត្ថលេខាលើពិធីសារផ្លូវការ នាំចេញស្វាយស្រស់ទៅប្រទេសចិនដោយផ្ទាល់ កម្ពុជា ចុះហត្ថលេខាលើពិធីសារផ្លូវការ នាំចេញស្វាយស្រស់ទៅប្រទេសចិនដោយផ្ទាល់

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិន នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោករដ្ឋមន្ដ្រី វេង សាខុន បានឲ្យដឹងថា ផលិតកម្មផ្លែស្វាយស្រស់នៅកម្ពុជានាពេលបច្ចុប្បន្ន មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្កានុពលនូវភាពចាំបាច់ត្រូវដោះស្រាយរកទីផ្សារដើម្បីនាំចេញ។ លោក វេង សាខុន បានគូសបញ្ជាក់ថា តាមស្ថិតិចុងក្រោយនាឆ្នាំ២០១៩ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួន ១២៤,៣១៩ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន៩១,៣៩៨ហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥.៨៥តោនក្នុងមួយហិកតាក្នុងរដូវ ដែលជាមធ្យម កម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណ១,៤៤៨,៦៧៧តោន ក្នុងមួយរដូវ។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីកសិកម្ម បានបញ្ជាក់ថា ក្នុងចំណោមប្រភេទពូជស្វាយទាំង១៨ ដែលបានអភិរក្សនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពូជស្វាយកែវរមៀត ជាពូជស្វាយកម្ពុជា ដែលមានការនិយមដាំដុះច្រើនបំផុត ដោយពូជនេះ មានលក្ខណៈពិសេស ដែលអាចបរិភោគបានតាំងពីខ្ចី (ចំណាស់) និងរហូតដល់ទុំ។ លោក វេង សាខុន ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា វិស័យកសិកម្ម គឺជាវិស័យនាំមុខមួយ ដែលផ្ដល់នូវថាមពលបន្ថែម ដល់កំណើនសេដ្ឋកិច្ចនិងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។

លោក វេង សាខុន បានបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបន្ដផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម តាមរយៈការជំរុញអនុវត្ដកម្មវិធីការបង្កើនផលិតភាព ពិពិធភាវូនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ជាមួយនឹងរបត់ថ្មី ដើម្បីឈានឆ្ពោះទៅរកភាពពន្លឿន កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ រដ្ឋមន្ដ្រីកសិកម្ម បានបន្ដទៀត រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅ សំខាន់ពាក់ព័ន្ធ នឹងវិស័យកសិកម្ម គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្ម ឲ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥៕

អត្ថបទទាក់ទង