ខ្មែរប៉ុស្ដិ៍ Close

អភិបាលរាជធានីភ្នំពេញ ព្រមានផាកពិន័យចំពោះប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវបណ្តាលឱ្យស្ទះលូ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
អភិបាលរាជធានីភ្នំពេញ ព្រមានផាកពិន័យចំពោះប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវបណ្តាលឱ្យស្ទះលូ អភិបាលរាជធានីភ្នំពេញ ព្រមានផាកពិន័យចំពោះប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវបណ្តាលឱ្យស្ទះលូ

នៅព្រឹកថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីតំបន់រងការជន់លិចដោយជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងខណ្ឌ មានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតី ភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជ ធានីភ្នំពេញដើម្បីដោះស្រាយបញ្ហាជន់លិចដោយជំនន់ទឹកភ្លៀងជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នារដូវវស្សាដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាឲ្យអភិបាលខណ្ឌ ចៅសង្កាត់ទាំងអស់ត្រូវចុះកាយសំរាមតាមមាត់លូក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីបើកចរន្តផ្លូវទឹកហូរទៅកាន់ប្រឡាយ លូ អាងស្តុបទឹក ដើម្បីធ្វើយ៉ាងណាដោះស្រាយកុំឲ្យទឹកជន់ហូរមិនទាន់ ខណៈរដូវវស្សាបានឈានមកដល់ ហើយនាប៉ុន្មានថ្ងៃមុននេះ ពោលគឺក្រោយមានភ្លៀងធ្លាក់មួយមេ ពីរមេធំៗ កន្លងមកនេះគេបានឃើញតំបន់មួយចំនួនបានកកស្ទះដោយសំរាម។ លោក បានលើកឡើងថា តំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយទឹកជំនន់ដោយសារតែ ប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំង រហូតដល់កំពស់ទឹក ១០៥មីល្លីម៉ែត្រ ដែលធ្វើឲ្យតំបន់មួយចំនួនមានការលិចលង់។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការទុក ដាក់សំរាមមិនបានល្អ បណ្ដាលឲ្យហូរចូលទៅក្នុងប្រ ឡាយ លូនេះ ជាវិធានការចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យចំពោះប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មុននៃការ អនុវត្តនូវវិធានការផាកពិន័យនេះ ក្នុងនាមយើងជាអាជ្ញា ធរត្រូវសម្អាតខ្លួនប្រាណ ឲ្យបានល្អជាគំរូដល់ប្រជាពល រដ្ឋជាមុនសិន៕

អត្ថបទទាក់ទង