ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរម្លឹកប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 12
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរម្លឹកប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរម្លឹកប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ដោយមិនត្រូវមានធ្វេសប្រហែស ឬភ្លេចចំពោះជំងឺឆ្លងដ៏កាសសាហាវមួយនេះនោះឡើយ។

លោកនាយករដ្ឋមន្ត្រី បានអំពាវនាវតាមទំព័រ Facebook នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អ៊ីចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនឱ្យពលរដ្ឋធ្វើដំណើរ»។

លោកនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ លោកណែនាំឲ្យប្រជាពលរដ្ឋតាមដានព័ត៌មាន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។

ដោយយោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា មកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ-១៩ បានរីករាលដាលលើដែនដី និងប្រទេសចំនួន ២១៦ប្រទេស។ អ្នកឆ្លង បានកើនឡើងជាង ៦លាននាក់ ក្នុងនោះអ្នកស្លាប់ បានកើនដល់ជិត ៣៨ម៉ឺននាក់។

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ហើយសម្រាប់កម្ពុជា ទោះបីចំនួនអ្នកឆ្លងតិច តែក៏មិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។

សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៥នាក់ ប៉ុន្តែអ្នកជំងឺ១២៣នាក់ហើយ ត្រូវបានព្យាបាលជា។ នៅសល់អ្នកជំងឺតែពីរនាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលជំងឺ៕

អត្ថបទទាក់ទង