ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្រុងតាខ្មៅ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1198
    កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្រុងតាខ្មៅកម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្រុងតាខ្មៅ

    លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ (The Project for the Expansion of Water Suppy System in Ta Khmau) ដែលមានទឹកប្រាក់ចំនួន ៣៤២១លានយ៉េនជប៉ុន (ប្រមាណជា៣២លានដុល្លារអាម៉េរិក)។

    កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខានៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ហើយនេះគឺជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្ដូរសារដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាំឱ្យឈានទៅដល់ការអនុវត្តនីតិវិធីបន្តបន្ទាប់ទៀត សម្រាប់ការអនុវត្តគម្រោងជាក់ស្តែង។

    សេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងសេដ្ឋកិច្ច និង JICA បានឲ្យដឹងថា គម្រោងនេះមានគោលបំណងធ្វ-ឱ្យប្រសើរឡើង នូវការទទួលបានទឹកស្អាតប្រកបដោយ សុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈ៖

    ១) ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ
    ២) ការសាងសង់ស្ថានីយបូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ
    ៣) ការសាងសង់បរិក្ខាសម្រាប់ចែកចាយទឹកស្អាត
    ៤) ការបំពាក់ប្រព័ន្ធ SCADA សម្រាប់តាមដាន និងបញ្ជាដំណើរការរបស់រោងចក្រ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំរោងចក្រដោយប្រើបទពិសោធ និងចំណេះដឹងពីប្រទេសជប៉ុន។

    បច្ចុប្បន្ន ទឹកស្អាតដែលកំពុងប្រើប្រាស់ក្នុងក្រុងតាខ្មៅ គឺត្រូវបានផ្គត់ផ្គង់ជាចម្បងពីរាជធានីភ្នំពេញ។ ដូច្នេះ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង មិនត្រឹមតែសេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាត ពីរាធានីភ្នំពេញផងដែរ។

    ការសាងសង់គម្រោងនេះនឹងចំណាយរយៈពេលចំនួន ២៩ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។ គម្រោងហិរញ្ញប្បទានឥតសំណងនេះ គឺជាគម្រោងទី១២ ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ហើយក៏ជាហិរញ្ញប្បទានឥតសំណងលើកទី៦ ផងដែរ ដែលបានផ្តល់ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

    ទន្ទឹមនឹងនេះ បរិក្ខាផ្គត់ផ្គង់ទឹកស្អាតជាច្រើនកន្លែង ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានជាប្រាក់យ៉េនជប៉ុន នៅតាមបណ្ដាខេត្តផ្សេងៗ ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងរាធានីភ្នំពេញ។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្ត្រអភិវឌ្ឍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងភាពជាដៃគូជាយុទ្ធសាស្ត្រ រយៈពេលយូរជាមួយរាជរដ្ឋាភិបាលកម្ពុជា។

    គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេច ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត ១០០ភាគរយ នៅក្នុងទីប្រជុំជនត្រឹមឆ្នាំ២០២៥ តាមរយៈការគាំទ្រដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្ដីត្រូវការ ជាអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមាន ចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

    អត្ថបទទាក់ទង