ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា នឹងបើកដំណើរការសារមន្ទីរទាំង ៣ ឡើងវិញ នៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
អាជ្ញាធរជាតិអប្សរា នឹងបើកដំណើរការសារមន្ទីរទាំង ៣ ឡើងវិញ នៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងបើកដំណើរការសារមន្ទីរទាំង ៣ ឡើងវិញ នៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ

អ្នកនាំពាក្យនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានអះអាងថា នៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យដំណើរការឡើងវិញសារមន្ទីរទាំងបីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីស្ថានភាពជម្ងឺកូវីដ-១៩ បានធូរស្រាលបន្តិច ប៉ុន្តែត្រូវអនុវត្តវិធានការការពារ ដើម្បីទប់ស្កាត់រលកទីពីរនៃការចម្លងជម្ងឺកូវីដ-១៩។

លោក ឡុង កុសល អ្នកនាំពាក្យនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងបើកឱ្យចូលទស្សនាសារមន្ទីរទាំងបីឡើងវិញ ដោយមិនគិតថ្លៃ មានដូចជា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរឡតានី ។

លោកបន្តថា ការបើកឲ្យដំណើរការឡើងវិញនេះត្រូវអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់រលកទីពីរនៃការចម្លងជម្ងឺកូវីដ-១៩ ដូចជា ស្កេនកំដៅ ប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងស្នើសុំឱ្យភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយមន្ត្រី-បុគ្គលិក ដែលបំពេញការងារនៅសារមន្ទីរពាក់ម៉ាស់ ព្រមទាំងរៀបចំឱ្យមានគម្លាតសុវត្ថិភាព មុននឹងចូលទស្សនាសារមន្ទីរទាំងបីស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីការពារហានិភ័យនៃការចម្លងជម្ងឺកូវីដ-១៩នេះ។

« ការងារដែលអាជ្ញាធរជាតិអប្សរាបានធ្វើការណែនាំ ចំពោះសារមន្ទីរ៣ដែលស្ថិតនៅក្រោមសមត្ថិកិច្ចរបស់ខ្លួនគឺមានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងសារមន្ទីរឡតានី បានអាហ្នឹងនៅក្រោមសមត្ថិកិច្ចអាជ្ញាធរជាតិអប្សរាបានធ្វើការណែនាំរួចហើយ ដាក់ឲ្យដំណើរឡើងវិញ ប្រក្រតី និងរៀបចំអំពីវិធានការបង្ការ ការឆ្លងជំងឺកូវីដ-១៩ ពីមូយទៅមួយ ។ សារមន្ទីរទាំងអស់និងគេបានរៀបចំ ជារបៀបរបស់គេ រៀបចំពីគម្លាតម្នាក់ទៅម្នាក់ប៉ុន្មានម៉ែត្រ មានអាកុលលាងដៃ ពាក់ម៉ាស់ ហ្នឹងហើយគឺខាងសារមន្ទីរមួយៗគេរៀបចំ » ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ខែ មីនា អាជ្ញាធរជាតិអប្សរាបានបិទជាបណ្តោះអាសន្នសារមន្ទីរ ទាំង៣ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីបញ្ចៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈម នឹងហានិភ័យនានា ជាពិសេសជម្ងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង