ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យការពារជាតិ៖ ការបន្ទុចបង្អាក់សកម្មភាពមនុស្សធម៌ គឺជាសារជាតិក្រុមប្រឆាំង ដែលមានចេតនាទុច្ចរិត មិនឱ្យតម្លៃអាយុជីវិតពលរដ្ឋកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
អ្នកនាំពាក្យការពារជាតិ៖ ការបន្ទុចបង្អាក់សកម្មភាពមនុស្សធម៌ គឺជាសារជាតិក្រុមប្រឆាំង ដែលមានចេតនាទុច្ចរិត មិនឱ្យតម្លៃអាយុជីវិតពលរដ្ឋកម្ពុជា អ្នកនាំពាក្យការពារជាតិ៖ ការបន្ទុចបង្អាក់សកម្មភាពមនុស្សធម៌ គឺជាសារជាតិក្រុមប្រឆាំង ដែលមានចេតនាទុច្ចរិត មិនឱ្យតម្លៃអាយុជីវិតពលរដ្ឋកម្ពុជា

ឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលរិះគន់ចំពោះសកម្មភាពសប្បុរសធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានសម្តែងការសោកស្តាយ ហើយចាត់ទុកថា ការរិះគន់ដោយគ្មានសតិសម្បជញ្ញៈនេះ គឺការបន្ទុចបង្អាក់សកម្មភាពមនុស្សធម៌ ដែលជាសារជាតិក្រុមប្រឆាំង និងមានចេតនាទុច្ចរិត មិនឱ្យតម្លៃអាយុជីវិតពលរដ្ឋកម្ពុជា។

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើង បន្ទាប់ពីលោក អេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយ បានរិះគន់ចំពោះការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ ឯករាជ្យ ជូនដល់ មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរិះគន់នេះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសជាច្រើន នៅលើពិភពលោក បាននិងកំពុងប្រឈមមុខនឹង ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់។ ដូចនេះការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ ប្រឆាំងជំងឺកូវីដ-១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងក៏បង្ហាញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកផងដែរ»។

លោកបានបន្តថា៖ «ការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូនដល់ជនរួមជាតិកម្ពុជា ឬជូនទៅជនបរទេស គឺជាកាយវិការមនុស្សធម៌ បង្ហាញនូវសាមគ្គីភាព ការលើកទឹកចិត្តប្រកបដោយគុណធម៌ឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក»។

«ផ្ទុយទៅវិញ ការរិះគន់ វាយប្រហារក្នុងចេតនាបន្ទុចបង្អាក់ សកម្មភាពមនុស្សធម៌ គឺជាសារជាតិរបស់ក្រុមប្រឆាំង ដែលមិនត្រឹមតែមិនបានផ្តល់នូវប្រយោជន៍សម្រាប់បម្រើ ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវឥរិយាបថ បំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការល្អ និងការទំនាក់ទំនងជាអន្តរជាតិ និងក៏ជាចេតនាទុច្ចរិតមិនឱ្យតម្លៃអាយុជីវិតរបស់ពលរដ្ឋកម្ពុជា ខណៈដែលសិទ្ធិរស់រានមានជីវិតត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយដែលប្រជាជនកម្ពុជា គួរតែមានមោទនភាព ខណៈដែលមានប្រទេសជាមិត្តជួយឧបត្ថមគាំទ្រ»។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។

សូមបញ្ជាក់ថា បំពេញបេសកកម្មជួយបណ្តុះបណ្តាលក្រុមគ្រូពេទ្យយោធាកម្ពុជា ដើម្បីទប់ស្កាត់នឹងវីរុស COVID-19 រយៈពេល២ខែ ក្រសួងការពារជាតិកម្ពុជា បានបំពាក់គ្រឿងឥស្សរយយសជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិន ចំនួន៤រូប ដែលជាក្រុមជំនួយទប់ស្កាត់នឹងជំងឺវីរុសជូនចំពោះកម្ពុជា ដើម្បីជាការសរសើរជូនដល់ក្រុមអ្នកជំនាញ ដែលបានរួមចំណែកកិច្ចទប់ស្កាត់នឹងជំងឺវីរុសជូនដល់កងយោធពលខេមរភូមិន្ទកម្ពុជា។

ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត ជាក្រុមជំនួយក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស ដែលបានចាត់បញ្ជូនដោយកងទ័ពរំដោះប្រជាជនចិនជូនចំពោះប្រទេសកម្ពុជា បានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ហើយរយៈពេល ២ខែកន្លងមកនេះ ក្រុមអ្នកជំនាញនិងភាគីកម្ពុជា បានរួមសុខទុក្ខជាមួយគ្នា បានខិតខំប្រឹងប្រែងពុះពារក្នុងសង្រ្គាមជំងឺវីរុសនេះ ហើយក៏បានបង្កើតជាមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅបំផុត ដែលមិនអាចកាត់ផ្ដាច់បាន៕

អត្ថបទទាក់ទង