ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 45
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ច

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញអមដំណើរលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុង សំអាត រដ្ឋលេខាធិការ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព នៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខេម៉ាហ្រ្គា អិនវេមេនគ្រុប នៅស្រុកស្រែអំបិលខេត្តកោះកុង។

ស្របតាមប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានជម្រុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ ធ្វើការដាំដុះដើមឈើឡើងវិញសម្រាប់បង្កើនគម្របព្រៃឈើ ការពារនូវការហូរច្រោះនូវគុណភាពដី និងដើម្បីបម្រើឱ្យវិស័យឧស្សាហកម្មឈើកែច្នៃ វិស័យសំណង់ និងគ្រឿងសង្ហារឹម ដែលកំពុងមានតម្រូវការខ្ពស់។

នៅក្នុងនោះលោក សឹម ស៊ីនួន នាយកបច្ចេកទេស បានរាយបាយការណ៍ជូនលោករដ្ឋមន្រ្តី ថាក្រុមហ៊ុនខេម៉ាហ្រ្គា អិនវេមេនគ្រុប បានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដី សម្បទានសេដ្ឋកិច្ចចំនួន ៨,០០០ ហិកតា ក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត។ បច្ចុប្បន្នដាំបាន ៥,០០០ហិកតា ជាឈើអាកាស្យាដោយប្រើពលកម្មចំនួន៤៥០នាក់។

ការបង្កាត់បន្តពូជតាមរយ:ការកាត់ត្រួយបណ្តុះដាំដោយក្នុង១ខែអាចបណ្តុះកូនបាន៤៥០ពាន់កូន។ ក្រុមហ៊ុនក៏មានរោងសិប្បកម្មកែច្នៃក្តាបន្ទះសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ ក្រៅពីការដាំដុះឈើ ក្រុមហ៊ុនសហការជាមួយគម្រោងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផលិតផ្ទះសំណាញ់ផ្តល់ឱ្យសហគមន៍ដាំបន្លែនៅទូទាំងប្រទេស។

បន្ទាប់ពីបានពិនិត្យខ្សែសង្វាក់ផលិតកម្មបណ្តុះកូនឈើ និងរោងសិប្បកម្មច្រៀកឈើជាបន្ទះៗ និងផ្ទះសំណាញ់រួចមក លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងជាពិសេសបាននាំយកបច្ចេកវិទ្យាដាំបន្លែក្នុងផ្ទះសំណាញ់ ការប្រើប្រព័ន្ធដំណក់ទឹក។ល។ មកផ្សព្វផ្សាយជូនកសិករ ដែលបច្ចេកវិទ្យានេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យផលិតកម្មបន្លែសុវត្ថិភាពនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពលើការងារដាំដុះឲ្យគ្រប់តាមផែនការដែលបានគ្រោងទុក។ គួរសិក្សាពីការប្តូរ ឬសាកពិសោធន៍ពូជអាកាស្យាថ្មី ដែលមានទិន្នផលខ្ពស់ ប្រើពេលតិច និងលូតលាស់លឿនក្នុងទិសដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ផលិតផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល រក្សាបរិស្ថានក្នុងតំបន់នេះ និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។

លោកបានបន្តថា រដ្ឋបាលព្រៃឈើគួររៀបចំកិច្ចប្រជុំ ជាមួយក្រុមហ៊ុនឧស្សាហកម្មឈើដាំទូទាំងប្រទេស ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត ធ្វើការកែលម្អ សិក្សា និងដកស្រង់បទពិសោធន៍នៃការប្រើប្រាស់ ដី ពូជ បច្ចេកទេសកែច្នៃ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីព្រៃរបស់រដ្ឋនេះឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម សេដ្ឋកិច្ច និងបរិស្ថាន ប្រើប្រាស់វត្ថុធាតុដើមឈើឱ្យអស់លទ្ធភាព បង្កើនការផ្គត់ផ្គង់បរិមាណឈើដាំដល់វិស័យសំណង់ និងវិស័យកែច្នៃគ្រឿងសង្ហារឹមដែលបាននិងកំពុងមានការកើនឡើងក៏ដូចជាចូលរួមទប់ស្កាត់បទល្មើសការកាប់ទន្រ្ទានដីព្រៃកាន់កាប់ និងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ៕

អត្ថបទទាក់ទង