ខ្មែរប៉ុស្ដិ៍ Close

ក្មេងស្រីឥណ្ឌាអាយុ ១៥ឆ្នាំម្នាក់ជិះកង់ឌុបឪពុកដែលមានរបួសទៅស្រុកកំណើតក្នុងចម្ងាយផ្លូវជាង ១.២០០គ.ម រយៈពេល ៧ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 97
ក្មេងស្រីឥណ្ឌាអាយុ ១៥ឆ្នាំម្នាក់ជិះកង់ឌុបឪពុកដែលមានរបួសទៅស្រុកកំណើតក្នុងចម្ងាយផ្លូវជាង ១.២០០គ.ម រយៈពេល ៧ថ្ងៃ ក្មេងស្រីឥណ្ឌាអាយុ ១៥ឆ្នាំម្នាក់ជិះកង់ឌុបឪពុកដែលមានរបួសទៅស្រុកកំណើតក្នុងចម្ងាយផ្លូវជាង ១.២០០គ.ម រយៈពេល ៧ថ្ងៃ

ក្មេងស្រីជនជាតិឥណ្ឌាអាយុ ១៥ឆ្នាំម្នាក់ឈ្មោះ Jyoti Kumari បានសម្រេចចិត្តជិះកង់ឌុបឪពុករបស់ខ្លួនដែលមានរបួសចេញពីរដ្ឋ Gurugram ទៅកាន់រដ្ឋ Bihar ដែលជាស្រុកកំណើតរបស់ពួកគេ។

ពួកគេទាំងពីរនាក់ឪពុកកូនបានជាប់នៅក្នុងរដ្ឋ Gurugram ដោយសារវិធានការបិទខ្ទប់ប្រទេសរបស់រដ្ឋាភិបាលលោកម៉ូឌី។

ប្រធានសហព័ន្ធប្រណាំងកង់ឥណ្ឌា លោក Onkar Singh បានអោយដឹងថា ក្មេងស្រីនោះជាសិស្សរៀនថ្នាក់ទី៨ ហើយលោកសម្រេចទទួលនាងមកហ្វឹកហាត់នៅក្នុងនៅមជ្ឈមណ្ឌល National Cycling Academy នៃពហុកីឡដ្ឋាន IGI។

ឆ្លើយតបទៅនឹងសំណួរថាតើមូលហេតុសំខាន់អ្វីនៅពីក្រោយការសម្រេចទទួលយកក្មេងស្រីខាងលើអោយចូលមកហ្វឹកហាត់នៅក្នុងមជ្ឈមណ្ឌល National Cycling Academy, លោក Onkar Singh បានលើកឡើងថា ការសម្រេចចិត្តជិះកង់ចម្ងាយ ១.២០០គ.ម មិនមែនជារឿងងាយស្រួលនោះទេ នាងប្រាកដជាមនុស្សដែលមានទឹកចិត្តមុះមុត ថែមទាំងប្រកបទៅដោយកាយសម្បទាមាំមួនទៀតផង។

លោកបន្តថា «យើងនឹងសាកល្បងអោយនាងជិះកង់នៅក្នុងប្រព័ន្ធដែលដើរដោយប្រព័ន្ធកុំព្យូទ័រចំនួន ៧ ឬ៨ ជុំ ហើយប្រសិនបើនាងពេញចិត្ត យើងនឹងទទួលនាងអោយចូលមកហ្វឹកហាត់តែម្ដង»។ ហើយថាលោកតែងតែស្វែងរកយុវជនដែលមានភិនភាគដូចក្មេងស្រីខាងលើដើម្បីយកមកបណ្ដុះបណ្ដាល។

គួរបញ្ជាក់ថា ឪពុករបស់ក្មេងស្រីរូបនេះមានឈ្មោះថា Mohan Paswan ជាអ្នកបើកបរម៉ូតូកង់បីរត់ឌុប ទើបរងរបួសពីគ្រោះថ្នាក់ចរាចរណ៍។ ដោយសាររដ្ឋាភិបាលចេញវិធានការបិទប្រទេស គាត់ពុំអាចរកចំណូលបានជាហេតុដែលធ្វើអោយគាត់ត្រូវតែផ្ដល់ម៉ូតូកង់បីនោះទៅអោយម្ចាស់ដើមវិញ។

ពីរនាក់ឪពុកកូនបានចេញដំណើរដោយកង់ពីទីក្រុង Gurgaon កាលពីថ្ងៃទី ១០ ខែឧសភា ដោយបានទិញកង់មួយពីការលក់របស់របរដែលពួកគេមាន និងបានមកដល់ស្រុកកំណើតនៅថ្ងៃទី ១៦ខែឧសភាកន្លងទៅ៕