ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តអោយព្រះសង្ឃនៅវត្តកេតកន្យារាមអភិរក្សសំណង់ពុទ្ធសាសនាបែបបុរាណ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 124

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យព្រះចៅអធិការវត្តកេតកន្យារាម ដែលស្ថិតនៅខាងក្រោយប្រាសាទបន្ទាយក្តីសាងសង់សំណង់ព្រះវិហារព្រះពុទ្ធសាសនាថ្មី ធ្វើអំពីឈើបែបបុរាណ នៅលើខឿនបេតុងមួយជាន់ ហើយគូសប្លង់ប្រគេនដោយឥតគិតថ្លៃ តាមការស្នើសុំ ក្រោយពិនិត្យឃើញថា ព្រះវិហារចាស់មានសភាពទ្រុឌទ្រោមខ្លាំង។

ការអនុញ្ញាតនេះ ក្នុងបំណងអភិរក្សសំណង់ស្ថាបត្យកម្មវត្តបុរាណដែលប្រឈមនឹងការបាត់បង់ឱ្យសម្បូរបែបឡើងវិញ ដើម្បីបំពេញតួនាទីស្របតាមតម្រូវការនៃការប្រើប្រាស់របស់ពុទ្ធសាសនិក ការរក្សាបាននូវទម្រង់សំណង់សាសនាបែបបុរាណខ្មែរ ដែលបង្ហាញអំពីវប្បធម៌ជាតិក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផង។

ទាក់ទងនឹងកិច្ចការអភិរក្សសំណង់សាសនាបែបបុរាណ ក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា តែងតែចុះពិនិត្យការសាងសង់ជាប់ជានិច្ច ដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មបែបបុរាណខ្មែរ។ គិតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ការសាងសង់សំណង់ព្រះវិហារថ្មីនេះ បានរួចរាល់ប្រមាណ៣៥%ហើយ។ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងនៅតែបន្តចុះពិនិត្យ រហូតដល់ការសាងសង់បានរួចរាល់១០០% ចៀសវាងកំហុសឆ្គងផ្សេងៗនៃការសង់សង់៕