ទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ ទេសចរក្នុងស្រុកចាប់ផ្តើមមានសន្ទុះឡើងវិញជាមួយនឹងការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩

ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបង្ហាញថា កំណើនភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើមមានសន្ទុះឡើងវិញបណ្តើរៗហើយបន្ទាប់ពីកម្ពុជាលែងមានអ្នកឆ្លងកូវីដ-១៩ថ្មី និងព្យាបាលជាសះស្បើយអ្នកឆ្លង ទាំងអស់។
លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះថា បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងកូវីដ-១៩ថ្មី និងអ្នកឆ្លងជាង១០០នាក់ត្រូវបានព្យាបាលជាសះស្បើយហើយរួចមក ប្រជាពលរដ្ឋបាននាំគ្នាចេញដើរកំសាន្តបណ្តើៗឡើងវិញតាមរមណីយដ្ឋានធម្មជាតិនានា ដើម្បីស្រូបយកខ្យល់ធម្មជាតិតាមសមុទ្រ ទន្លេ និងតំបន់ព្រៃភ្នំ ជាលក្ខណៈបងប្អូន មិត្តភ័ក្ត ក្រុមគ្រួសារ។ ចំណែកសេវាកម្មទេសចរណ៍មានដូចជា ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគាមួយចំនួនក៏បានបើកដំណើរការផងដែរ។
លោកស្រីបញ្ជាក់ថា មូលហេតុដែលទេសចរក្នុងស្រុកចាប់ផ្តើមមានសន្ទុះឡើងវិញនេះ ដោយតែប្រជាពលរដ្ឋនៅក្នុងអំឡុងមួយរយៈពេលកូវីដ-១៩នេះ ពួកគេមិនបានចេញដើរទៅលេងខាងក្រៅ រាប់ទាំងចូលឆ្នាំខ្មែរផងដែរ ដោយឃុំខ្លួនឯងក្នុងផ្ទះជាច្រើនថ្ងៃកន្លងមកធ្វើឱ្យមានធុញថប់ក្នុងអារម្មណ៍។
លោកស្រីចាត់ទុកថា នេះជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍កម្ពុជាបន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសាតែជំងឺកូវីដ-១៩។
ជាមួយគ្នានោះ លោកស្រីស្នើឱ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការណ៍ការពារជំងឺកូវីដ-១៩ ឱ្យបានជាប់ជាប្រចាំ តាមរយៈធ្វើអនាម័យឱ្យបានល្អ នឹងរៀបចំគម្លាតតុ កន្លែងអង្គុយកំសាន្តឱ្យបានត្រឹមត្រូវដើម្បីកុំអោយមានការឆ្លងកូវីដ-១៩ ជាថ្មីនៅកម្ពុជា។
ចំពោះការផ្សព្វផ្សាយគោលដៅទេសចរណ៍វិញ ជាជំហានដំបូងនេះ លោកស្រី និងដៃគូវិស័យឯកជន ដែលធ្វើការលើវិស័យទេសចរណ៍ បានបើកយុទ្ធនាការជំរុញការផ្សព្វផ្សាយពីកញ្ចប់អេកូទេសចរណ៍ក្នុងស្រុកឱ្យបានច្រើន ខណៈទេសចរអន្តរជាតិវិញនៅមិនទាន់ធ្វើការផ្សព្វផ្សាយបានទូលំទូលាយឡើងវិញនៅឡើយទេ រង់ចាំមើលសភាពការណ៍ពិភពលោកដោះស្រាយវិបត្តិកូវីដ-១៩ ចប់រួចរាល់សិន៕