ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្មថា ការវិនិយោគរបស់ 7-Eleven ជាការបង្កើនទំហំសេដ្ឋកិច្ចកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 43
ក្រសួងពាណិជ្ជកម្មថា ការវិនិយោគរបស់ 7-Eleven ជាការបង្កើនទំហំសេដ្ឋកិច្ចកម្ពុជា ក្រសួងពាណិជ្ជកម្មថា ការវិនិយោគរបស់ 7-Eleven ជាការបង្កើនទំហំសេដ្ឋកិច្ចកម្ពុជា

(RFI) ៖ ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា ការ​វិនិយោគ​របស់ 7-Eleven គឺ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ ដល់​អ្នក​លក់​ទំនិញ​នៅ​កម្ពុជា​ឡើយ តែ​លោក​ថា​វា​ជា​ការ​បង្កើន​ទំហំ​សេដ្ឋ​កិច្ច​កម្ពុជា​។ 7-Eleven ដែល​ជា​ហាង​លក់​ទំនិញ​មាន​សាខា​ប្រមាណ​ជិត​៧ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភព​លោក នឹង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២១ ខាង​មុខ​នេះ តាម​រយៈ​ក្រុមហ៊ុន CP ALL ( Cambodia )ដែល​ទទួល​បាន​សិទ្ធិ​បើក​ហ្វ្រេន​ឆៃស៍ 7-Eleven នៅ​កម្ពុជា រយៈ​ពេល 30 ឆ្នាំ។ CP ALL បាន​ប្តេជ្ងា​ថា នឹង​ប្រើ​ប្រាស់​បុគ្គលិក​ខ្មែរ​ឱ្យ​បាន​ច្រើន និង​ដាក់​លក់​ផលិត​ផល​ខ្មែរ​ឱ្យ​បាន​៥០%​។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុន CP ALL គ្រោងនឹងបើកហាងទំនិញ7-Eleven ពី៧០០ ទៅ១០០០សាខា នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល៥ឆ្នាំដំបូង។ ជំហានបន្ទាប់ ក្រុមហ៊ុននេះ នឹងបើកលក់ហ្វ្រេនឆៃស៍ 7-Eleven ដល់អ្នកជំនួញក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន CP ALL ក៏បានបោះទុនតម្កល់ជាង៥ពាន់ដុល្លារ ក្នុងការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងផងដែរ។

អ្នកនាំពាក្យរូបនេះ អះអាងថា គម្រោងនេះ គឺមិនបង្កឲ្យមានផលប៉ះពាល់ដល់អ្នកលក់ទំនិញនៅកម្ពុជាឡើយ។ តែលោកថា វាជាការបង្កើនទំហំសេដ្ឋកិច្ចកម្ពុជា។

7-Eleven ឬហាងលក់រាយលំដាប់អន្តរជាតិនេះ បានប្តេជ្ងាថានឹងប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន៥០%។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតកម្ពុជាប្រចំានៅក្នុងប្រទេសថៃស្តីពីលទ្ធផលជំនួបពិភាក្សារវាងឯកអគ្គរាជទូតកម្ពុជា និង អគ្គនាយកក្រុមហ៊ុន CP ALL (Cambodia) អំពីគម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើការប្តេជ្ងានេះ CP ALL ( Cambodia ) ឥលូវនេះបានធ្វើការស្នើសុំឱ្យស្ថានទូតកម្ពុជា ជួយសម្របសម្រួលផ្តល់ព័ត៌មានអំពីផលិតផលខ្មែរ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញសម្រាប់លក់នៅក្នុងសាខាដំបូងនៅកម្ពុជា។

គួរជម្រាបជូនថាកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន CP All បានជូនដំណឹងថា ក្រុមហ៊ុន CP All (Cambodia) Co. , Ltd ត្រូវបានផ្តល់សិទ្ធិអាជីវកម្មដើម្បីបង្កើត​ និងដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៣០ឆ្នាំ​ ដោយអាចបន្តកិច្ចសន្យាបាន២ដងទៀត ក្នុងមួយឆ្នាំ។ ក្នុងន័យនេះក្រុមហ៊ុន​ CP All (Cambodia) Co., Ltd.​ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលទើបបង្កើតថ្មីក្រោមច្បាប់នៃប្រទេសកម្ពុជាដើម្បីដំណើរការហាង 7-Eleven ក្រោមកិច្ចព្រមព្រៀងផ្តល់សិទ្ធិផ្តាច់មុខនៅកម្ពុជា។

គួរឱ្យដឹងថា ​ 7-Eleven គឺជាយីហោហាងលក់ទំនិញ ដែលមានសាខាច្រើនបំផុតនៅលើពិភពលោកសរុបចំនួន ៦ម៉ឺន៨ពាន់២៣៦សាខា។ ក្នុងនោះប្រទេសចំនួន ៣ ដែលបានបើកសាខា 7 Elevenច្រើនជាងគេ រួមមាន៖ ប្រទេសជប៉ុន មានចំនួន ២០,០៩៤ សាខា ប្រទេសថៃ ចំនួន ១១,២៩៩សាខា និង កូរ៉េខាងត្បូង មានចំនួន ៩,៤៨៤ សាខា។

អត្ថបទទាក់ទង