ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ចំពោះការរំលែកមរណទុក្ខ នៃមរណភាពឧបាសិកា ប៊ុន ស៊ាងលី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 58

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចំពោះព្រះរាជសារចូលរួមការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី។

ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី និងភរិយា បានមានប្រសាសន៍ថា «ក្នុងនាមបងប្អូន កូន ក្មួយ ព្រមទាំងចៅៗទាំងអស់ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ មានសេចក្ដីរំភើបឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវអំណរព្រះរាជគុណដ៏ជ្រាលជាអនេកប្បការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារចូលរួមរំលែកមរណទុក្ខ និងព្រះរាជទ្រព្យចូលរួមបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាមាតាបង្កើតរបស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ដែលលោកបានទទួលមរណភាពនៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦វស្សា។

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្តិ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជគុណូបការៈ ប្រកបដោយទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តម ព្រមដោយព្រះរាជសារ រំលែកមរណទុក្ខដ៏មានអត្ថន័យល្អប្រពៃជ្រាលជ្រៅ ប្រកបដោយវិយោគសង្វេគ ស្ដាយស្រណោះ អាឡោះអាល័យ ចំពោះសព រួមនឹងព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 20.000USD (ម្ភៃពាន់ដុល្លារអាមេរិក) ដើម្បីបំពេញមគ្គផលព្រះរាជកុសលអានិសង្ស ដល់ពិធីបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រព្រឹត្តទៅបានល្អប្រសើរតាមគន្លងប្រពៃណីជាតិ និងប្រពៃណីព្រះពុទ្ធសាសនា។

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមលំឱនកាយក្រាបថ្វាយនូវព្រះរាជសព្ទ សាធុការពរ បវរមហាប្រសើរ សូមគុណបុណ្យតេជៈបារមី នៃព្រះរតនត្រ័យកែវទាំងបី ជួយថែរក្សា ព្រោះព្រំ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយ ព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទទាក់ទង