ខ្មែរប៉ុស្ដិ៍ Close

ការស្ថាបនាផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 66
ការស្ថាបនាផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំនេះ ការស្ថាបនាផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំនេះ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា គម្រោងការស្ថាបនាផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប នឹងរួចរាល់ទាំងស្រុងនៅខែធ្នូខាងមុខនេះហើយ ខណៈមកដល់បច្ចុប្បន្ននេះ ល្បឿននៃការងារសម្រេចបានជិត ៨៤ភាគរយហើយ។

អំណះអំណាងនេះ ធ្វើឡើងក្នុងឱកាស លោកទេសរដ្ឋមន្ត្រី ចុះត្រួតពិនិត្យការស្ថាបនាផ្លូវទាំងនេះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការណ៍ ដោះស្រាយនូវបញ្ហាប្រឈមនានា ព្រមទាំងជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេសសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការស្ថាបនាផ្លូវទាំង ៣៨ខ្សែនេះ សម្រេចបានលឿនជាងផែនការ និងសង្ឃឹមថា ក្រុងសៀមរាប នឹងត្រូវបានប្តូរមុខមាត់ថ្មី នៅក្នុងចុងឆ្នាំនេះ ជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រណិត សក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌របស់កម្ពុជា។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបចំនួន៣៨ខ្សែ មានប្រវែងសរុបជាង១០៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដែលចំណាយពេលសាងសង់ចំនួន១៣ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២០។

ការសាងសង់ ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងជាង៣១គីឡូម៉ែត្រ, ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងជាង៧គីឡូម៉ែត្រ, ៣) ផ្លូវជួសជុលដោយក្រាលថ្មមិក រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុបជាង១៣គីឡូម៉ែត្រ, ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុបជិត៥១ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវប្រវែងជាង២គីឡូម៉ែត្រផងដែរ។

ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹក មានប្រវែងសរុបជាង២៤៨គីឡូម៉ែត្រ, ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុបជាង១៤៧គីឡូម៉ែត្រ, និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែងជាង១០០គីឡូម៉ែត្រ, និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន៖ ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង