ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹក ៣ចំណុចដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹក ៣ចំណុចដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹក ៣ចំណុចដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តក្រើនរំលឹក៣ចំណុច ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

អនុសាសន៍៣ចំណុចរបស់ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង មានដូចជា៖
ទី១៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំប្រជាជនទូទៅប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ តាមរយៈទំព័រហ្វេសបុករបស់លោកនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្រោមចំណងជើងថា «យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងក្ខវីដ-១៩គ្រប់ពេលជានិច្ច» ហើយត្រូវនាំគ្នាអនុវត្ត តាមការណែនាំរបស់ សម្ដេចតេជោ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករកម្មការនី មិនត្រូវមើលស្រាលចំពោះជំងឺកូវី១៩ នោះឡើយ។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមទៅនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។

ទី២- ការបាត់បង់នូវការប្រុងប្រយ័ត្នក្នុងការការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩ គឺជាហានិភ័យខ្ពស់ក្នុងការបើកផ្លូវសម្រាប់ការរាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងហាក់បីដូចជាបានវិលត្រឡប់ មករកការធ្វើដំណើរចល័តដោយសេរី និងវិលមករកជីវភាពប្រចាំថ្ងៃឡើងវិញជាបណ្ដើរៗ ដោយខ្វះការប្រុងប្រយ័ត្ន និងការការពារខ្លួន។ ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំយល់ច្រឡំថា ប្រទេសកម្ពុជា អស់មានការរាតត្បាតដោយវីរុសកូវីដ-១៩ឱ្យសោះ ហើយត្រូវតែនាំគ្នាបន្តទប់ស្កាត់ការចម្លង វីរុសដ៏កាចសាហាវនេះជាបន្តទៀត។

ទី៣- លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវដឹងថា វីរុសកូវីដ-១៩ នៅជាមួយយើងនៅក្នុងរយៈពេលដែរដែលពិបាកនឹងប៉ាន់ប្រមាណបាន ហើយការចម្លងវីរុស កូវីដ-១៩ គឺត្រូវផ្តើមចេញពីបុគ្គលម្នាក់ៗ ជាចាំបាច់។ ដូច្នេះ លោកបានប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ ទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ហើយនៅពេលនេះ គឺជាពេលវេលាដែលយើងត្រសាមគ្គីភាពគ្នា ដោយមិនត្រូវមាក់ងាយ ឬរើសអើងគ្នានោះឡើយ។ បើទោះបីជាយើងឃើញថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ នៅកម្ពុជាមិនមានករណីថ្មីក៏ដោយ ប៉ុន្តែបណ្ដាប្រទេសជាតិខាងរបស់យើង និង សកលលោក បាន និងកំពុងមានការរាតត្បាតជំងឺនេះខ្លាំងនៅឡើយ ហើយអាកាសធាតុក្ដៅ និងភ្លៀង មិនអាចទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានឡើយ៕

អត្ថបទទាក់ទង