ខ្មែរប៉ុស្ដិ៍ Close

គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ចេញប្រកាសណែនាំដល់សាសនិកឥស្លាមទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩ ក្នុងខែរ៉ាម៉ាឌន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 73

គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជូនដល់គណៈអ៊ឺម៉ាំរាជធានី-ខេត្ត គណៈអ៊ឺម៉ាំស្រុក-ខណ្ឌ គណៈអ៊ឺម៉ាំមាំស្និទ គ្រូបង្រៀន និងសាសនិកឥស្លាមទូទាំងប្រទេសកម្ពុជា ដែលត្រៀមខ្លួនចូលបួស (ការតមអាហារពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំ របស់ឥស្លាម គ្រោងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រយុទ្ធប្រឆាំងបង្ការការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានណែនាំចំនួន ៥ចំណុច ដូចខាងក្រោម៖

ទី១៖ ការពិសារអាហារស្រាយបួស សូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន
ទី២៖ ការស្រឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) សូមធ្វើការជាលក្ខណៈគ្រួសារនៅតាមផ្ទះ
ទី៣៖ ថ្ងៃបុណ្យយរ៉យ៉ាហ្វិត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងខ្លួន មិនចាច់សូត្រឃុតពះក៏បាន
ទី៤៖ ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា
ទី៥៖ ត្រូវអនុវត្តវិធីបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលរួមមាន៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងចៀសវាងចាប់ដៃគ្នា។

ករណីមានការសង្ស័យ សូមប្រញាប់ទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើតេស្តរកមេរោគ ទាំងនេះ គឺជាក្បួននៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ។

ការចេញសេចក្ដីជូនដំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជូនសាសនិកឥស្លាមនៅទូទាំងប្រទេស ធ្វើឡើងក្រោយប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងសុខាភិបាល បានរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ជាបន្ដបន្ទាប់៕

អត្ថបទទាក់ទង