នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រគល់សម្ភារ បរិការពេទ្យ ជូនដល់មន្ទីពេទ្យបង្អែកស្រុករមាសហែក ខេត្តស្វាយរៀង ចូលរួមទប់ស្កាត់ COVID-19
(ស្វាយរៀង)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុកមាសហែក ខេត្តស្វាយរៀង និងក្រុមការងារ អញ្ជើញប្រគល់សម្ភារ បរិការពេទ្យ ជូនដល់មន្ទីពេទ្យបង្អែកស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ បានសំណេះសំណាល និងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួពេទ្យនៅមន្ទីរពេទ្យ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីការងារថែទាំសុខភាព ប្រជាជននៅក្នុងស្រុករមាសហែក ជាពិសេសមន្ទីរពេទ្យបង្អែកស្រុករមាសហែក មានទទួលអ្នកជំងឺដែលត្រូវទទួលសេវានៅទីនេះ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ស្រុករមាសហែកមានការរីកចម្រើនជាបណ្តើរៗ រួមជាមួយការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលមន្ទីរពេទ្យបង្អែកស្រុកក៏បានប្រែមុខប្រែមាត់ ដោយមានកញ្ចប់ថវិកាជាតិ និងការជួយឧបត្តម្ភពីសប្បុរសជន ជាថវិកា សម្ភារ ហើយសូមចូលរួមថែរក្សាសម្ភារទាំងអស់នោះ និងសូមជំរុញលើកទឹកចិត្តក្រុមគ្រួពេទ្យទាំងអស់ បន្តនៅគំរូវីរភាពល្អ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយក៏អាចគំរូសម្រាប់ខេត្ត និងគំរូទូទាំងប្រទេស ប្រសិនបើយើងអាចខិតខំប្រឹងប្រែងធ្វើទៅបាន។
លោកបានថ្លែងនូវក្តីបារម្មណ៍ជាមួយរាជរដ្ឋាភិបាលចំពោះជំងឺឆ្លងប្រភេទថ្មីកូវីដ-១៩ ហើយនៅប្រទេសកម្ពុជាមានចំនួនអ្នកឆ្លងចំនួន ១២២នាក់ ហើយព្យាបាលចំនួន ៧៧នាក់ (គិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា)។
លោកថា «ចំពោះការលុបចោលកម្មវីធីចូលឆ្នាំ គឺពុំមានន័យថា មិនឲ្យទទួលទេវតានៅតាមផ្ទះនោះទេ សូមធ្វើការទទួលចុះ ប៉ុន្តែលុបចោលកម្មវិធីរាំរែក ហូបចុកជុំគ្នាលើសពីចំនួនក្រសួងសុខាភិបាល ហាមឃាត់ ហើយរាជរដ្ឋាភិបាលពិតជាបារម្មណ៍ណាស់ អំពីការឆ្លងជំងឺនេះ ហើយបានជាមានការអប់រំ និងបិទការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ គឺក្នុងន័យដើម្បីការពារជីវិតតរបស់បងប្អូន ប្រជាពលរដ្ឋ»។
លោកបានបន្តទៀតថា ពេទ្យត្រូវតែមានសុវត្ថិភាពមុនគេ ក្រុមគ្រួសារក្រុមគ្រួពេទ្យត្រូវមានសុវត្ថិភាព និងសុវត្ថិភាពប្រជាពលរដ្ឋទូទៅ នៅមន្ទីរពេទ្យស្រុករមាសហែក ត្រូវតែប្រយុទ្ធប្រឆាំងជាមួយកូវីដ ១៩ មិនត្រឹមតែតាមវិធានរបស់ក្រសួងសុខាភិបាលទេ គឺត្រូវតាមវិធានរបស់ក្រសួងកសិកម្ម និងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល គឺបំផុសចលនាប្រជាជននៅក្នុងស្រុករមាសហែក ធ្វើការដាំដំណាំ ចិញ្ជឹមសត្វ បង្កបង្កើនផល បញ្ហាសេដ្ឋកិច្ចតិចឬច្រើនត្រូវតែប៉ះពាល់ មិនមែនតែកម្ពុជានោះទេ គឺពិភពលោកទាំងមូល ហើយគ្រោះថ្នាក់បំផុតគឺប្រទេសមហាអំណាចសេដ្ឋកិច្ច ដូចនេះសូមយកចិត្តទុកដាក់ដាំចិញ្ចឹមបង្កបង្កើលផល ហើយការដែលយើងធ្វើពលកម្មគឺជាការអនុវត្តវិធានសុខាភិបាល កុំនៅជិតគ្នា ហើយតាមរយៈធ្វើពលកម្មគឺជាការហាត់ប្រាណ។
បន្ទាប់មក លោកក៏បានប្រគាល់សម្ភារបរិក្ខាពេទ្យមានរួមមាន៖ ម៉ាស, អាល់កុល, ម៉ាស៊ីនវាស់ស្ទង់កំដៅ, ជែលលាងដៃ,ប្រដាប់វាស់ឈាម, ប្រដាប់ស្តាប់សួត, ស្រោមដៃ, សូលុយស្យុងសម្រាប់ ស្ពង់ផ្លូវដង្ហើម និងឧបត្ថម្ភក្រុមគ្រួពេទ្យចំនួន ១០០០ដុល្លារ សរុបជាទឹកប្រាក់ ២០.៨៩២ ដុល្លារ និងជួយឧបត្ថម្ភការសាងសង់អគារដាច់ដោយឡែកដែលមាន ៣បន្ទប់ ចំណាយទឹកប្រាស់សរុប អស់ចំនួន ១៨.៥០០ដុល្លារ ផងដែរ៕