គម្រោងវិនិយោគថ្មីៗចំនួន ៤ បន្ថែមទៀត សរុបទុនវិនិយោគជិត ១៤លានដុល្លារ ត្រូវបានអនុម័តឲ្យបើកដំណើរការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជិត១៤លានដុល្លារ។
តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី១៖ WORLD BEST FEATHER CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំឡីពីរោមសត្វ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន២៨១កន្លែង។
ទី២៖ HUA WU GARMENT (CAMBODIA) CO., LTD.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន១,២២០កន្លែង។
ទី៣៖ BAO HAO CHANG PACKING CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៦កន្លែង។
ទី៤៖ T.S SPORT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិឯកភាព ឃុំខ្ចុំត្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន១,៦៤៨កន្លែង៕