ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ គិតឱ្យបានវែងឆ្ងាយនៅថ្ងៃនេះ ដើម្បីបង្ការការស្តាយក្រោយទៅថ្ងៃមុខ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 705
    លិខិតមិត្តអ្នកអាន៖ គិតឱ្យបានវែងឆ្ងាយនៅថ្ងៃនេះ ដើម្បីបង្ការការស្តាយក្រោយទៅថ្ងៃមុខលិខិតមិត្តអ្នកអាន៖ គិតឱ្យបានវែងឆ្ងាយនៅថ្ងៃនេះ ដើម្បីបង្ការការស្តាយក្រោយទៅថ្ងៃមុខ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសម្រេចផ្អាកការឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ គឺទាំងមន្ត្រីរាជការ និយោជិត និងកម្មករ នឹងត្រូវធ្វើការដូចថ្ងៃធម្មតាក្នុងពិធីបុណ្យចូលឆ្នាំ។ រាជរដ្ឋាភិបាលបានបញ្ជាក់ថា វិធានការទាំងអស់ដែលរដ្ឋដាក់ចេញក្នុងពេលនេះ គឺក្នុងគោលដៅបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងតែបង្កហានិភ័យ និងមហន្តរាយដល់ពិភពលោកទាំងមូល។ រដ្ឋាភិបាលនឹងសងថ្ងៃឈប់សម្រាកជូនប្រជាពលរដ្ឋវិញ នៅពេលវេលាសមស្របណាមួយ ពោលគឺបន្ទាប់ពីបញ្ហាកូវីដ-១៩ ត្រូវបានទប់ស្កាត់បានជាស្ថាពរ។ ទោះបីជាបែបនេះក្តី ក៏នៅមានមនុស្សមួយចំនួនតូច បានរិះគន់ចំពោះវិធានការនេះផងដែរ។ ពួកគេហាក់នៅចចេស នឹងមិនព្រមទទួលយកហេតុផល ដែលលើកឡើងថា «ការពារប្រសើរជាងព្យាបាល» ឡើយ។

    ឥឡូវនេះសំនួរដែលគេលឺច្រើនជាងគេនោះគឺ «ចូលឆ្នាំនេះទៅស្រុកអត់?» ភាគច្រើនឆ្លើយថា «អត់!» តែក៏មានមួយចំនួនតូច ឆ្លើយថាត្រូវតែទៅដែរ។ អ្នកដែលបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកដែលស្ម័គ្រចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លើយនៅចម្លើយតែមួយថា «អត់ទៅទេ!» ប៉ុន្តែមនុស្សមួយចំនួនតូច មកដល់ពេលនេះហើយ នៅតែចង់ឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំ ហើយចចេសចង់ទៅលេងស្រុកកំណើត។ ការចចេសរឹងរូសមួយពេលនេះ អាចបង្កហានិភ័យខ្ពស់ដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។ អ្វីដែលគួរឱ្យភ័យខ្លាចបំផុតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ហើយថា ប្រសិនបើប្រជាពលរដ្ឋចល័តចុះឡើងច្រើន ហើយមានផ្ទុះឡើង ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នោះ គឺប្រាកដជាមានហានិភ័យខ្ពស់ណាស់។ បើទប់ស្កាត់មិនបានទេ កម្ពុជាអាចធ្លាក់ក្នុងស្ថានការណ៍ដ៏អាក្រក់ដូចប្រទេសមួយចំនួននៅអឺរ៉ុបដូច្នេះដែរ។ យោងតាមគេហទំព័រ Worldometers.info បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ មានប្រទេសនិងដែនដីចំនួន ២០៩ ហើយ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩។ រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺនេះ ទូទាំងពិភពលោក ជាង ១.៥០០.០០០ នាក់ ហើយក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិត ដោយសារជំងឺឆ្លងដ៏កាចសាហាវនេះចំនួន ជិត៩០.០០០ នាក់ហើយ។ អ្វីដែលគួរបារម្ភខ្លាំងបំផុតនោះ គឺរហូតមកដល់ពេលនេះ ថ្នាំសម្រាប់ព្យាបាល និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមិនទាន់ត្រូវបានរកឃើញ និងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។ ប្រទេសជឿនលឿន និងរីកចំរើនជាច្រើន បាននិងកំពុងធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់បំផុត ដោយសារតែការវាយលុកពីជំងឺកូវីដ-១៩។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងការប្រកាសដាក់បំរាមគោចរ នៅតាមបណ្តាប្រទេសមួយចំនួន កំពុងតែត្រូវបានអនុវត្តដើម្បីកាត់បន្ថយ និងទប់ស្កាត់ ការឆ្លងរីករាលដាលកាន់តែអាក្រក់ឡើងនៃជំងឺកូវីដ-១៩។ ទោះបីជាកម្ពុជាមិនទាន់ធ្លាក់ក្នុងស្ថានការណ៍អាក្រក់ ឬពិបាកខ្លាំង ដូចនៅបណ្តាប្រទេសមួយចំនួនក្តី ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមរួចជាស្រេចទៅហើយ សូម្បីតែច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ក៏រាជរដ្ឋាភិបាលកម្ពុជាកំពុងតែដុតដៃដុតជើងជំរុញឱ្យឆាប់បានចេញជារូបរាងផងដែរ។ បើស្ថានភាពកម្ពុជានៅតែបន្តល្អដូចពេលបច្ចុប្បន្ន ភាគរយនៃការប្រើប្រាស់ច្បាប់នេះគឺនៅមានកំរិតទាប ក៏ប៉ុន្តេគេមិនអាចមើលស្រាលស្ថានការណ៍បានឡើយ។ ទោះបីជាវិធានការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ក្តី តែរដ្ឋាភិបាលនឹងនៅតែមានហានិភ័យខ្ពស់ដដែល ប្រសិនបើប្រជាពលរដ្ឋកម្ពុជា មិនចូលរួមក្នុងការអនុវត្តនូវវិធានការទាំងអស់នេះ។ ជាពិសេសគឺព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីដ៏ខ្លីខាងមុខនេះ គឺជាពេលវេលាដ៏តានតឹងមួយ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត។

    ពាក់ព័ន្ធនឹងបញ្ហាប្រទាំងប្រទីស មិនព្រមចូលរួមអនុវត្តនូវវិធានការ ផ្អាកការឈប់សម្រាកបុណ្យចូលឆ្នាំនេះដែរ រាជរដ្ឋាភិបាលនឹងបន្ថែមវិធានការជាក់លាក់មួយចំនួនទៀត ដើម្បីរាំងខ្ទប់ការធ្វើដំណើរឆ្លងខេត្តពីមួយទៅមួយ របស់ប្រពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទោះបីជាបែបនោះក្តី យើងសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរនឹងចូលរួមសហការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយស្ម័គ្រចិត្តនៅផ្ទះ និងមកបំពេញការងារធម្មតានៅបុណ្យចូលឆ្នាំ។ យើងនៅតែអាចប្រារព្ធពិធីទទួលទេវាតាមប្រពៃណីខ្មែរនៅតាមផ្ទះរៀងៗខ្លួនដដែល គ្រាន់តែកុំប្រមូលផ្តុំគ្នាច្រើន ដែលបង្កឱកាសឆ្លងខ្ពស់តែប៉ុណ្ណោះ។ បងប្អូនប្រជាពលរដ្ឋត្រូវគិតថា វិធានការរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីការពារប្រជាជនខ្លួនតែប៉ុណ្ណោះ។ យើងមិនអាចមើលស្រាល ឬធ្វេសប្រហែស នឹងជំងឺកូវីដ-១៩ ​បានទេ ជាក់ស្តែងបទពិសោធន៍ពីប្រទេសអ៊ីតាលី បារាំង ឬអាមេរិក និងបណ្តាប្រទេសជាច្រើនទៀត បានរងគ្រោះធ្ងន់ធ្ងរណាស់ដោយសារតែជំងឺនេះ។ មនុស្សស្លាប់គរជើងគ្នា គួរឱ្យសង្វេគ មិនមែនជារឿងលេងសើចនោះទេ។ ដូច្នេះសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងមូលមតិរួមគ្នា ហើយបន្តស្មារតីប្រុងប្រយ័ត្នខ្ពស់ យកវិធានការរបស់រាជរដ្ឋាភិបាលជាចំបង ដើម្បីបង្ការការស្តាយក្រោយនៅពេលមានហានិភ័យធ្ងន់ធ្ងរដល់ប្រទេសជាតិទាំងមូល៕

    ថ្ងៃទី០៩ មេសា ឆ្នាំ២០២០, ពីពលរដ្ឋខ្មែរម្នាក់ រស់នៅទីក្រុងភ្នំពេញ

    អត្ថបទទាក់ទង