ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសអាមេរិក សម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាកនៃវិបត្តិកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 7

នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយសម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក នៃការប្រឆាំងនឹងការរីករាលដាលពេញពិភពលោក នៃ COVID-19។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិប្តតិការអន្តរជាតិ។

នៅក្នុងកិច្ចសន្ទនានោះ លោក Pompeo អរគុណកម្ពុជា ចំពោះការជួយសង្រ្គោះអ្នកធ្វើដំណើរលើនាវាកំសាន្ត Westerdam ហើយសម្តេចអរគុណអាមេរិកចំពោះជំនួយ និងកិច្ចសហការពីសំណាក់អ្នកជំនាញការ នៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតអាមេរិក ក៏ដូចជាចំពោះទឹកប្រាក់ ២លានដុល្លារ សម្រាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ។

«ជាមួយនឹងការអះអាងថា អាមេរិកនឹងបន្តជួយគាំទ្រដល់កិច្ចប្រឹងប្រែងនានា ដើម្បីសុខភាព សុវត្ថិភាពស្តីពីអធិបតេយ្យជាតិ គាំទ្រគ្រប់ទម្រង់ នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពីសារសំខាន់ នៃសេរីភាព ក្នុងការបញ្ចេញមតិ ទោះជាមតិនោះខុសគ្នាក៏ដោយ។ ទាក់ទងនឹងក្របខណ្ឌអាស៊ាន-អាមេរិក សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកអំពីតួនាទីដ៏សំខាន់របស់អាមេរិកក្នុងតំបន់ និងពីការពេញចិត្តចំពោះវិភាគទាន និងសារសំខាន់របស់អាមេរិក ក្នុងការកាត់បន្ថយគម្លាត រវាងប្រទេសនានា ក្នុងតំបន់មេគង្គក្រោម និងសមាជិកអាស៊ានផ្សេងទៀត»។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណចំពោះវិភាគទានដែលក្រុមអ្នកស្ម័គ្រចិត្តរបស់អាមេរិក Peace Corps Volunteers បានផ្តល់ដល់សង្គមកម្ពុជា ហើយដែលនេះជាការជំរុញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Pompeo បានចែករំលែកសមានចិត្តក្រៀមក្រំទៅវិញទៅមក ចំពោះគ្រួសារជនរងគ្រោះទាំងឡាយនៅអាមេរិក និងតំបន់អាស៊ី ដោយសារ COVID-19។ លោកនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើការគាំទ្ររបស់លោកជូណចំពោះលោកប្រធានាធិបតី Trump ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺ COVID-19 ហើយលោក Pompeo ក៏បានអរគុណលោកនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្រប។

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងការបរទេស៖

អត្ថបទទាក់ទង