កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ៥នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន២ករណី, សរុបអ្នកបានជាសះស្បើយកើនដល់ចំនួន៦៣នាក់ និងកំពុងព្យាបាលបន្ត៥៤នាក់
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ៥នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៦៣នាក់ហើយ។ ទន្ទឹមនោះ ករណីឆ្លងថ្មីមានត្រឹមតែ ២ករណី។
អ្នកជាសះស្បើយទាំង៥នាក់នោះគឺ៖
- បុរសជនជាតិបារាំង ២នាក់ដែលជាអ្នកទេសចរនៅឯខេត្តព្រះសីហនុ
- បុរសជនជាតិខ្មែរ ១នាក់ដែលបានវិលត្រឡប់មកពីប្រទេសជប៉ុន
- ស្ត្រីជនជាតិខ្មែរ ១នាក់ដែលបានវិលត្រឡប់មកពីប្រទេសបារាំង
- បុរសជនជាតិខ្មែរ ១នាក់នៅភ្នំពេញដែលមានមិត្តភក្តិចេញចូលនៅច្រកប៉ោយប៉ែតច្រើន។
ចំណែកឯ ២ករណីឆ្លងថ្មីវិញ គឺកើតឡើងលើប្ដីប្រពន្ធជនជាតិខ្មែរនៅរាជធានីភ្នំពេញដែលមានទំនាក់ទំនងជាមួយនិងបុរសជនជាតិចិនដែលរកឃើញមានផ្ទុកជម្ងឺកូវីដ-១៩ ដោយមន្ត្រីសុខាភិបាលចិនពេលវិលត្រឡប់ទៅប្រទេសចិនវិញ។
គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១១៧ករណី ខណៈជាសះស្បើយកើនឡើងដល់ ៦៣ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ៥៤ករណី។
សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖