ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ពលករប្រមាណ៥ម៉ឺននាក់មកពីថៃ មិនទាន់មានការឆ្លងក្នុងសហគមន៍នៅឡើយ ព្រោះអាជ្ញាធរមូលដ្ឋានធ្វើការងារណែនាំបានល្អ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 58
សម្តេចតេជោ ហ៊ុន សែន៖ ពលករប្រមាណ៥ម៉ឺននាក់មកពីថៃ មិនទាន់មានការឆ្លងក្នុងសហគមន៍នៅឡើយ ព្រោះអាជ្ញាធរមូលដ្ឋានធ្វើការងារណែនាំបានល្អ សម្តេចតេជោ ហ៊ុន សែន៖ ពលករប្រមាណ៥ម៉ឺននាក់មកពីថៃ មិនទាន់មានការឆ្លងក្នុងសហគមន៍នៅឡើយ ព្រោះអាជ្ញាធរមូលដ្ឋានធ្វើការងារណែនាំបានល្អ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មកដល់ពេលនេះមានពលករជាង៥ម៉ឺននាក់ពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនទាន់បណ្តាលឲ្យមានការឆ្លង នៅក្នុងសហគមន៍យើងនៅឡើយ ដោយសារអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើការងារបានយ៉ាងខ្លាំង។

នេះបើយោងតាមសារសំឡេងរបស់សម្តេចតេជោ ដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមានការរៀបចំល្អហើយ (ពលករ) ជាង៥ម៉ឺននាក់ ដែលមកដល់ពេលនេះ មិនទាន់បង្កហានិភ័យណាមួយ សម្រាប់សុខភាពសាធារណៈនៅតាមសហគមន៍នៅឡើយទេ ដោយសារតែគ្រប់គ្រង។ បងប្អូនយើងធ្វើបានល្អណាស់ ដែលសូមអបអរសាទរ កោតសរសើចំពោះថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក ហើយនឹងថ្នាក់ជាតិរបស់យើង ដែលចុះទៅមូលដ្ឋាន ធ្វើកិច្ចការដ៏ល្អទាំងការឃោសនាផង ទាំងការណែនាំសព្វគ្រប់ផង ដែលធ្វើឲ្យយើងគ្រប់គ្រងបានសភាពការណ៍»។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា នៅពេលខាងមុខនឹងមានពលករកម្ពុជាមកពីថៃច្រើនទៀត ហើយសម្តេចបានបញ្ជាឲ្យក្រសួងសុខាភិបាល ធ្វើការងារជាមួយអាជ្ញាធរនៅតាមទល់ដែនផងដែរ ពីការដឹកជញ្ជូនពលករ ការពិនិត្យសុខភាព និងការរៀបចំបំពាក់សម្ភារៈនានា។ សម្តេចក៏បានប្រាប់ ដល់ក្រុមការងារទាំងនោះ ទិញមុង ភួយ និងកន្ទេល សម្រាប់អ្នកដែលរស់នៅដាច់ដោយឡែក ដែលមិនស្នាក់នៅតាមសណ្ឋាគារ។

ទាក់ទងនឹងការដឹកជញ្ជូនវិញ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យប្រើប្រាស់នូវរថយន្តរបស់កងទ័ព ដូចជាកងពលលេខ៩០ និងកងពលលេខ៩៩។ សម្តេចតេជោ ប្រាប់ឲ្យរៀបចំជាដំបូងឲ្យបានសមរម្យ ដើម្បីដឹកពលករទៅកាន់មូលដ្ឋាន ហើយឲ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រងពួកគាត់ ដាច់ដោយឡែកតាមក្រុមគ្រួសារ ឬក៏ដាច់ដោយឡែកនៅតាមសហគមន៍។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ត្រឹមតែ១១៤នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកជាសះស្បើយ រហូតដល់ចំនួន៤៩នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹម ៦៥នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង