ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ អនុញាតិ​ឲ្យ​ឯកអគ្គ​រាជ​ទូត​ប្រទេស​អូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​សំដែង​ការ​គួរ​សម​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 68
លោក ទៀ បាញ់ អនុញាតិ​ឲ្យ​ឯកអគ្គ​រាជ​ទូត​ប្រទេស​អូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​សំដែង​ការ​គួរ​សម​ លោក ទៀ បាញ់ អនុញាតិ​ឲ្យ​ឯកអគ្គ​រាជ​ទូត​ប្រទេស​អូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូល​ជួប​សំដែង​ការ​គួរ​សម​

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញាតិឲ្យ ឯកឧត្តម PABLO KANG ឯកអគ្គរាជទូតប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្មី ចូលជួបសំដែងការគួរសម ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតរូបនោះបានអញ្ជើញមកបំពេញអាណត្តិការទូតរបស់ខ្លួននៅកម្ពុជា បន្តពីឯកអគ្គរាជទូតចាស់ ដែលបានបញ្ចប់អាណត្តិការទូតនៅកម្ពុជា កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅបន្ទប់សវនាការ សម្ដេចពិជ័យសេនា នាអាគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងភ្នំពេញ។

ក្នុងជំនួបនាឱកាសនោះលោក Pablo Kang បានសម្ដែងនូវអំណរគុណចំពោះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិ ដែលបានផ្ដល់ឱកាសឲ្យរូបឯកឧត្តម ដែលជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា បានចូលជួបសំដែងការគួរសម ក្នុងខណៈពេលដែលពិភពលោកទាំងមូល កំពុងប្រឈម នូវការរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវ Covid 19 ដែលបណ្ដាលឱ្យមានមនុស្សឆ្លង និងស្លាប់រាប់ពាន់ រាប់ម៉ឺនសែននាក់។​

លោក​ Pablo Kang បានសម្ដែងនូវអំណរគុណជាអនេកចំពោះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគ្រប់បណ្ដាស្ថាប័នពាក់ព័ន្ធ ដែលក្នុងរយៈពេល នៃការបំពេញបេសកកម្មការទូតរបស់លោក ឯកអគ្គរាជទូតចាស់នៅកម្ពុជា កងយោធពលខេមរភូមិន្ទ បានរួមសហប្រតិបត្តិការ បង្កគ្រប់លក្ខណៈសម្បត្តិងាយស្រួលគ្រប់បែបយ៉ាងដល់ឯកឧត្តម ឯកអគ្គរាជទូតចាស់ រួមនឹងសហការី ក្នុងការបំពេញបេសកកម្មការទូត ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ រវាងរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ នៅកម្ពុជា រហូតទទួលបានជោគជ័យ។

លោកអគ្គរាជទូតអូស្ត្រាលីថ្មី ក៏បានលើកឡើងអំពីកង្វល់របស់ប្រជាជននៅទូទាំងពិភពលោក អំពីការរីករាយ នៃជំងឺផ្លូវដង្ហើម វីរុសកូរ៉ូណា (Covid 19) ដែលបាននិងកំពុងរីករាលដាលយ៉ាងខ្លាំង នៅគ្រប់បណ្តាប្រទេស ក្នុងតំបន់អាស៊ី អឺរ៉ុប អាហ្វ្រិច អាមេរិច អូស្ត្រាលី និងតំបន់មួយចំនួននៅលើពិភពលោក ដែលមានអ្នកឆ្លង និងអ្នកស្លាប់ កើនឡើងជារៀងរាល់ថ្ងៃ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានជម្រាបជូន សម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ អំពីការលុបចោលរាល់កម្មវិធីជាច្រើនរបស់រាជរដ្ឋាភិបាល និងកងទ័ពអូស្ត្រាលី ដោយសារការរីករាលដាលនៃវីរុស កូរ៉ូណា Covid 19 ដែលជាការរាំងស្ទះបំផុត ដល់ដំណើរការនានារបស់រាជរដ្ឋាភិបាល និងកងទ័ពអូស្ត្រាលីនាពេលបច្ចុប្បន្ននេះ។​

លោក ទៀ បាញ់ បានបញ្ជាក់ថា លោកសូមចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃការបំពេញការងារ ការទូតរបស់ឯកអគ្គរាជទូតអូស្ត្រាលីចាស់ ដែលបានបញ្ចប់អាណត្តិនៅកម្ពុជានាពេលកន្លងមក ហើយនិងសូមស្វាគមន៍ ចំពោះលោកឯកអគ្គរាជទូតថ្មី របស់ប្រទេសអូស្ត្រាលី នៅកម្ពុជានាពេលនេះ ហើយក៏សូមស្វាគមន៍ជានិច្ច ចំពោះគ្រប់បេសកកម្មការទូត របស់បណ្ដាប្រទេសជាមិត្តមកកាន់ប្រទេសកម្ពុជាផងដែរ បើទោះបច្ចុប្បន្ននេះមានការរីករាលដាល នៃជម្ងឺដ៏កាចសាហាវ Covid19 ក៏ដោយ ក៏ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា នៅតែទទួលស្វាគមន៍ជានិច្ច។

លោក​ ទៀ​ បាញ់ បញ្ជាក់ទៀតថា កន្លងមក រាជរដ្ឋាភិបាល កងទ័ពប្រទេសយើងទាំងពីរ កម្ពុជា អូស្ត្រាលី តែងតែរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការ ជាមួយគ្នា បានយ៉ាងល្អប្រសើរ ចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ថ្នាក់ក្រោម ក្នុងការប្រយុទ្ធប្រឆាំងអំពើភារវកម្ម និងសន្តិសុខក្នុងតំបន់។ ប៉ុន្តែឥឡូវនេះយើងក៏នៅតែរួមគ្នាប្រយុទ្ធប្រឆាំងទប់ទល់ការពារនឹងវីរុសដ៏កាចសាហាវនៃជំងឺឆ្លងកូរ៉ូណា Covid 19 ដែលកំពុងរាតត្បាតពិភពលោកទាំងមូល។

លោក ទៀ បាញ់ បានបញ្ជាក់ជូនលោក ឯកអគ្គរាជទូតថ្មី នៃប្រទេសអូស្ត្រាលីដែរថា៖ កងយោធពលខេមរភូមិន្ទគ្រប់បណ្ដាកងឯកភាព និងបង្កគ្រប់លក្ខណៈសម្បត្តិដល់ការបំពេញបេសកកម្មកាទូតរបស់ឯកឧត្តម នៅកម្ពុជា បើទោះពិភពលោកទាំងមូលកំពុងប្រឈមក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺឆ្លង Co vid 19 នេះក៏ដោយ យើងនឹងរួមគ្នា ការពារទប់ស្កាត់ ឲ្យខាងតែបាន ទៅតាមអ្វីដែលអាចធ្វើទៅបានដោយប្រសិទ្ធភាព។

តាមរយៈនៃការមកបំពេញបេសកកម្មកាទូតរបស់ លោក Pablo Kang នៅកម្ពុជា លោក​ ទៀ​ បាញ់​ មានសង្ឃឹមយ៉ាងមុតមាំថា៖ ឯងអគ្គរាជទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តការងារដែលនៅសេសសល់ និងបំពេញការងារថ្មីៗថែមទៀតកាន់តែល្អប្រសើរ ក្នុងការពង្រឹងពង្រីកចំណងទាក់ទង ការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការទំនាក់ទំនង កាន់តែល្អថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ។

ជំនួសមុខឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនអូស្ត្រាលី ដែលជានិច្ចជាកាលតែងតែបានផ្ដល់នូវការគាំទ្រ ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្សលើគ្រប់ជំនាញ ដល់កងយោធពលខេមរភូមិន្ទ ឲ្យមានធនធានមនុស្សពិតប្រាកដក្នុងការចូលរួមពង្រឹងវិស័យការពារជាតិរបស់កម្ពុជា ឱ្យកាន់ប្រសើរ។

ពាក់ព័ន្ធដល់វិធានការទប់ស្កាត់ការរីករាលដាលមេរោគផ្លូវដង្ហើម(COVID-19) លោក​ ទៀ បាញ់ បានគូសបញ្ជាក់ពីតួនាទីរបស់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្រួច បានត្រៀមខ្លួនជាស្រេច ក្នុងការអន្តរាគមន៍ ជួយសង្គ្រោះតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ លោក Pablo Kang បានសន្យាចំពោះលោក​ ទៀ​ បាញ់​ ថានឹងខិតខំបំពេញការងារក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ៕

អត្ថបទទាក់ទង