ខ្មែរប៉ុស្ដិ៍ Close

បន្ទាប់ពី World Bank, ADB ក៏បានទំលាក់កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០មកទាបដែរគឺ ២,៣%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
បន្ទាប់ពី World Bank, ADB ក៏បានទំលាក់កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០មកទាបដែរគឺ ២,៣% បន្ទាប់ពី World Bank, ADB ក៏បានទំលាក់កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០មកទាបដែរគឺ ២,៣%

ធនាគា​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​ថ្ងៃទី០៣ ខែមេសា​នេះ បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០ ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក​មក​នៅ​ត្រឹម​២,៣% ដែល​នេះ​បង្ក​ឡើង​ដោយ​ផ្ទាល់​ពី​ការ​ផ្ទុះ​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​។ ការ​វាយ​តម្លៃ​របស់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ស្តីពី​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ធនាគារ​ពិភព​លោក​កាល​ពី​ថ្ងៃពុធ បាន​ទំលាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មក​ត្រឹម​២,៥​ភាគ​រយ​។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា បន្ទាប់ពីមានសន្ទុះខ្លាំងរយៈពេល២ទសវត្សរ៍ចុងក្រោយក្នុងរង្វង់៧% កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ត្រូវគេរំពឹងថា នឹងធ្លាក់មកនៅត្រឹម២,៣%។ និន្នាការនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចកម្ពុជានៅពេលនេះ មិនខុសពីពិភពលោកនោះទេ គឺបណ្តាលមកពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ ក៏ប៉ុន្តែលោកស្រី Sunniya Durrani-Jamal នាយិការប្រចាំប្រទេសកម្ពុជានៃ ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងហក់ឡើងវិញមកត្រឹម៥,៧% នៅឆ្នាំ២០២១ ល្គិកណាសកម្មភាពរាតត្បាតនៃកូវីដ-១៩ ត្រូវបានបញ្ចប់។

តាមអត្ថបទរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានឈ្មោះថា«ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០២០» វីរុសកូវីដ-១៩ នឹងបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរចំពោះវិស័យសេវាកម្មដែលនឹងធ្លាក់ចុះ១,៧% ហើយរំពឹងថានឹងប៉ះពាល់ដល់វិស័យសំណង់ និងកម្មន្តសាល តាមរយៈការកាត់ផ្តាច់ខ្សែរសង្វាក់ផ្គត់ផ្គង់ និងការកាត់បន្ថយតម្រូវការ។

កំណើនឧស្សាហកម្មត្រូវបានព្យាករថានឹងថយចុះមក៦,៥% ក្នុងឆ្នាំ២០២០ ជាមួយនឹងការថមថយកំណើន ក្នុងវិស័យផលិតកម្មកាត់ដេរ និងសំណង់ ការធ្លាក់ចុះយ៉ាងគំហុកនៃសេដ្ឋកិច្ចចិន ជាពិសេសការរឹតបន្តឹងភាពអនុគ្រោះពាណិជ្ជកម្មដោយសហភាពអឺរ៉ុប ដែលនឹងចាប់ផ្តើមក្នុងខែសីហាឆ្នាំ២០២០។ ជាមួយគ្នានេះ កំណើនផ្នែកកសិកម្មក៏ត្រូវបានវាយតម្លៃដែរថាមានកម្រិតទាប គឺត្រឹម០,៥%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០។ លោកស្រី Sunniya Durrani-Jamal ផ្តល់ជាយោបល់ថា រដ្ឋាភិបាលកម្ពុជាគួរផ្តោតសំខាន់ទៅលើការទប់ស្កាត់វីរុសកូវីដ-១៩ បើពុំនោះទេ ការងើបឡើងវិញនៃវិស័យសេវាកម្ម និងទេសចរណ៍ នឹងមានការលំបាក។

ទោះយ៉ាងណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ពុំទាន់វាយតម្លៃយ៉ាងណានៅឡើយទេទាក់ទងទៅនឹងការព្យាកររបស់ADB នៅពេលនេះទេ ក៏ប៉ុន្តែរដ្ឋាភិបាលនឹងមានការព្យាករដោយខ្លួនឯងក្នុងពេលឆាប់ៗខាងមុខ ដែលជាជំហរផ្លូវការ ខណៈកាលពីពេលថ្មីៗនេះ ក្រសួងបានហៅការព្យាកររបស់ធនាគារពិភពលោកប្រមាណ ២,៥% ថាជាតម្រុយមួយ ដែលកម្ពុជាមិនបានបដិសេធ ហើយក៏មិនទាន់ទទួលស្គាល់ដែរ៕ RFI

អត្ថបទទាក់ទង