គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិណែនាំឲ្យប្រជាពលរដ្ឋរៀបចំរណ្តាប់ទទួលទេវត្តាឆ្នាំថ្មីទៅតាមទំនៀបទំលាប់ប្រពៃណីជាតិជាតិធម្មតា
គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិណែនាំឲ្យប្រជាពលរដ្ឋរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មីទៅតាមទំនៀបទំលាប់ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញការ ថែរក្សាប្រពៃណីវប្បធម៌ជាតិ។
ឯកឧត្តម ញៀន ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិកាជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មហាសង្រ្កាន្តឆ្នាំជូត ទោស័កព្រះពុទ្ធសករាជ ២៥៦៤នឹងចូលមកដល់នៅវេលាម៉ោង២០:៤៨នាទីយប់ ថ្ងៃចន្ទ័ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០។
ឯកឧត្តមបានបញ្ជាក់ថា ដោយបុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃចន្ទ គឺត្រូវវេណរបស់ ទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់កែវមុក្តា ភក្សាហារទ្រង់សោយតេលំ ទ្រង់អាវុធព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃ ជាពាហនៈ។ ឯកឧត្តមបានបញ្ជាក់ថា គ្រឿងរណ្តាប់ ទទួលទេវត្តាឆ្នាំថ្មីនេះមានដូចជាបាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។
ឯកឧត្តមបន្តថា ក្នុងឱកាសឆ្នាំនេះប្រជាពលរដ្ឋទូទៅអាចនាំគ្នារៀបចំបាយ ម្ហូប សំលៀកបំពាក់ និងថវិកាផ្ទាល់ខ្លួនជូនឪពុកម្តាយនិងសាច់ញ្ញាតិបងប្អូន ឬ រៀបចំចង្ហាន់ផ្សេងៗទៅប្រគេនព្រះសង្ឃនៅផ្ទះរបស់ខ្លួន ដោយពុំចាំបាច់មានមនុស្សចូលរួមអ៊ូអរច្រើនឡើយ
ក្នុងន័យកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ និងរំលឹកនឹកគុណដល់អ្នកដែលមានគុណនិងគ្រូបាធ្យាយជាដើម។
សំឡេង: ចូលដល់ឆ្នាំថ្មីយើងត្រូវជម្រះនូវឧបទ្រពចង្រៃគ្រប់បែបយ៉ាងដូចជាមានចិត្តជាអកុសលសព្វគ្រប់បែបយ៉ាងដែលមានកន្លងមកយើងត្រូវជម្រះចេញឆ្នាំថ្មីយើងត្រូវធ្វើឲ្យបានល្អលក្ខណៈល្អប្រពៃនៃព្រះពុទ្ធសាសនារបស់យើងសំខាន់ជាងគេដែលក្នុងនោះទី ១ទក្ខិណានុប្បទានឧទ្ទិសកុសលដល់បុព្វការីជនមានមាតាបិតាជីដូនជីតាទាំង ៧សន្តានដែលលោករំលាយក្ខន្ធទៅកាន់លោកខាងមុខហើយហើយកូនចៅត្រូវមានការដឹងគុណចំពោះបុព្វការីជនមាតាបិតាគ្រូឧប្ឈាយាចារ្យជាដើមនេះ។
សូមបញ្ជាក់ថា ពិធីបុណ្យប្រពៃណិជាតិតែងធ្វើជារៀងរាល់ឆ្នាំនៅ ខែចែត្រ ជាខែដែលប្រជាជន ខ្មែរទំនេរពីការងារស្រែចំការតែងតែមកជួបជុំគ្នា ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយ ៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សួរសុខទុក្ខគ្នា ដើម្បីបន្ថូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារ ពិសេសការតបគុណចំពោះមាតាបិតានិងអ្នកដែលមានគុណ៕