លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពេលនេះ កម្ពុជាកំពុងចាត់វិធានការកណ្តាប់ដៃដែកប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ( Covid-19) ដែលជា «សត្រូវឥតស្រមោល»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព បានជូនសារផ្លូវការទៅកាន់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ឱ្យបានជ្រាបថា ពេលនេះកម្ពុជាកំពុងចាត់វិធានការកណ្តាប់ដៃដែកប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (Covid-19) ដែលជា «សត្រូវឥតស្រមោល» ដែលគិតមកទល់ពេលនេះគឺបណ្តាលអោយមានអ្នកឆ្លងមេរោគនេះកើនដល់ ៩៣នាក់ហើយ។ កម្ពុជាត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលទាំងអស់គ្នា។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឪពុកម្តាយ និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនក្មួយចំនួន ៤២២ នាក់ បានចូលបម្រើការងារគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នៅក្នុងដំណាក់ការដ៏ចាំបាច់បំផុតនេះ៕