ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីអាជ្ញាធរជាតិអប្សរា ២២ រូប បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបេតិកភណ្ឌ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1471
មន្រ្តីអាជ្ញាធរជាតិអប្សរា ២២ រូប បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបេតិកភណ្ឌមន្រ្តីអាជ្ញាធរជាតិអប្សរា ២២ រូប បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបេតិកភណ្ឌ

នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបេតិកភណ្ឌដល់សិក្ខាកាមចំនួន២២នាក់ មកពីនាយកដ្ឋានជំនាញចំនួន៨ រួមមានមាន៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គ រដ្ឋបាលនិងបុគ្គលិក អភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ អភិវឌ្ឍន៍កសិកម្មនិងសហគមន៍ អភិរក្សប្រាសាទក្រៅឧទ្យានអង្គរ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ផ្សព្វផ្សាយ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ក្រោមអធិបតីភាពលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

លោក អ៊ឹម សុខរិទ្ធី ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងជា២វគ្គ ទី១៖ ចាប់ពីថ្ងៃទី១៧-២១ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់បណ្តុះបណ្តាលសិស្សបឋមសិក្សា ថ្នាក់ទី៥-៦។ វគ្គទី២៖ ចាប់ពីថ្ងៃទី០២-០៦ ខែមីនា ឆ្នាំ២០២០ សម្រាប់បណ្តុះបណ្តាលយុវជនឬសិស្សវិទ្យាល័យ ថ្នាក់ទី ៧-៨-១០-១១។

លោកបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះបានលើកយកប្រធានបទសំខាន់ៗដែលមាននៅក្នុងកម្មវិធីអប់រំបេតិកភណ្ឌកន្លងមកយកមកបង្រៀន សម្រាប់ឱ្យគ្រូបង្គោលថ្មីយកទៅអនុវត្តតាមសាលាគោលដៅ។ គោលបំណង និងទិសដៅនៃការបណ្តុះបណ្តាលគ្រូបង្គោលនៃកម្មវិធីអប់រំបេតិកភណ្ឌ គឺដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យអប់រំបេតិតកភណ្ឌឱ្យបានច្រើនលើផ្នែកប្រវត្តិសាស្រ្ត អារ្យធម៌អង្គរ បុរាណវិទ្យា ការសិក្សាលើកុលាភាជន៍ ការប្រើប្រាស់ដីធ្លីក្នុងតំបន់បេតិកភណ្ឌអង្គរ ការគ្រប់គ្រងបរិស្ថាន ការងារអភិរក្សនិងជួសជុលសំណង់ប្រាសាទបុរាណ មរតកអរូបី និងប្រពៃណីរបស់អ្នកអង្គរដល់អ្នកជំនាន់ក្រោយបានចេះដឹង ដើម្បីបណ្តុះចិត្តស្រឡាញ់ ចូលរួមការពារសម្បត្តិដូនតាទាំងអស់គ្នា។

ក្នុងឱកាសនោះ លោក គឹម សុធិន រំពឹងទុកថា គ្រូបង្គោលនៃកម្មវិធីអប់រំបេតិកភណ្ឌ នឹងទទួលបានចំណេះដឹងកាន់តែល្អប្រសើរពីវគ្គបណ្តុះបណ្តាលដែលបង្រៀនដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញអប់រំបេតិកភណ្ឌ ដែលមានបទពិសោធន៍ច្រើនឆ្នាំលើការងារអប់រំបេតិកភណ្ឌ។ ពិសេស យកចំណេះជំនាញទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់យុវសិស្សឱ្យបានយល់ពីតម្លៃនិងកិច្ចការអភិរក្សបេតិកភណ្ឌតំបន់រមណីយដ្ឋានអង្គរ រួមទាំងតួនាទីរបស់ខ្លួនក្នុងកិច្ចការពារសម្បត្តិដូនតាឱ្យបានប្រសើរឡើង។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ក្រុមមន្រ្តី-បុគ្គលិកអប់រំបេតិកភណ្ឌចាស់និងថ្មី នឹងរៀបចំផែនការអនុវត្តដើម្បីសម្រេចបានបេសកកម្មនៃអាជ្ញាធរជាតិអប្សរា ក្នុងវិស័យអប់រំបេតិកភណ្ឌដល់អ្នកជំនាន់ក្រោយកាន់តែទូលំទូលាយ៕