ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តមិនធ្វើឱ្យអ្នកទស្សនាខកបំណង!

ដោយ៖ លី វិទ្យា​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩​ | ផ្ទះហ្វេសប៊ុក | 0 |

ព្រឹត្តិការណ៍សមរាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញវត្តមានដ៏ត្រចះត្រចង់នៃដួងព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្ត បង្កើតបាននូវទស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាលទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី។

ថ្វីត្បិតតែព្រះអាទិត្យមិនរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្តពេញលក្ខណៈ តែព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានធ្វើឱ្យអ្នកទស្សនាដោយផ្ទាល់ស្ងើចសរសើរមិនដាច់ពីមាត់ នូវភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្ត។

សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ព្រះអាទិត្យនេះជាអច្ឆរិយការណ៍របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្តនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។

អង្គរវត្តត្រូវបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះក៏ជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច?

ប្រភព៖ ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា

បញ្ចេញមតិ
អត្ថបទទាក់ទង