ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «កម្ពុជាទទួលបាន យុត្តិធម៌ក្នុងសកម្មភាព មនុស្សធម៌សង្គ្រោះនាវា Westerdam!»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 42
លិខិតមិត្តអ្នកអាន៖  «កម្ពុជាទទួលបាន  យុត្តិធម៌ក្នុងសកម្មភាព មនុស្សធម៌សង្គ្រោះនាវា Westerdam!» លិខិតមិត្តអ្នកអាន៖ «កម្ពុជាទទួលបាន យុត្តិធម៌ក្នុងសកម្មភាព មនុស្សធម៌សង្គ្រោះនាវា Westerdam!»

ទេវតាពិតជាមានភ្នែក! ពេលនេះកម្ពុជាបានទទួលយុត្តិធម៌វីញ ហើយ។ ស្ត្រីជនជាតិអាមេរិកកាំងអាយុ ៨៣ ឆ្នាំ ដែលចុះពីលើនាវា Westerdam ហើយដែលអាជ្ញាធរម៉ាឡេស៊ីបានអះអាងថា មានផ្ទុកវីរុសកូរ៉ូណា ឬ Covid-19 នោះ ពេលនេះគឺគ្មានផ្ទុកនូវវីរុសនោះឡើយ។

នេះបើយោងតាមការផ្សាយរបស់កាសែត The Straits Times របស់សិង្ហបូរីនៅល្ងាចថ្ងៃទី ២១ កុម្ភៈនេះដោយយោងតាមការប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 របស់ លោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីWan Azizah Ismail ដែលជាប្រពន្ធរបស់លោក Ibrahim Anwar អតីត មេបក្សប្រឆាំងដែលរង់ចាំធ្វើជានាយករដ្ឋមន្ត្រីយូរជាងគេ នៅក្នុងពិភពលោក ។

បើទោះបីជាម៉ាឡេស៊ីបានអះអាងថា ស្រ្តីជនជាតិអាមេរីកាំងពុំមានផ្ទុកវិរុស covid-19 ទៀតទេ ដែលទំនងជាចង់និយាយដោយប្រយោលថា ជាសះស្បើយក៏ដោយ ប៉ុន្តែ ការប្រកាសបែបនេះគឺដើម្បីគ្រាន់តែបិទបាំងការបាក់មុខមាត់ របស់ខ្លួនតែប៉ុណ្ណោះពីព្រោះមានភាពសង្ស័យជាច្រើនបានចោទឡើងជុំវិញការអះអាងកន្លងមកនេះ។ «តើហេតុអ្វីក៏ស្ត្រីរូបនោះជាសះស្បើយលឿនម៉្លេះបើមិនទាន់បានមួយសប្តាហ៍ផង?»

ការប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងគ្មានវីរុស Covid-19 ទេក៏បានកើតឡើងក្រោយពេលមានកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 ដែលគេអាចសន្និដ្ឋានបានថា ជាការប្រជុំដើម្បីត្រួតពិនិត្យឡើងវិញអំពីករណីស្ត្រីជនជាតិអាមេរិកាំងរូបនោះក្រោយមានសំណើរពីភាគីកម្ពុជា ហើយក៏គេជឿជាក់ថា ក៏មានសំណើរដូចគ្នាពីអង្គការសុខភាពពិភពលោក និងភាគីសហរដ្ឋអាមេរិកផងដែរពីព្រោះភាគីទាំងពីរនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាក្នុងការត្រួតពិនិត្យអ្នកជិះលើនាវា Westerdam ។

តាមពិត ភាពមិនប្រក្រតីនៃ ព័ត៌មាននេះបានកើតឡើងតាំងពី ដំបូងទីម៉្លេះ ពោលគឺចាប់តាំងពីអាជ្ញាធរម៉ាឡេស៊ីបានប្រកាសថា ស្ត្រីរូបនោះមានផ្ទុកវីរុស Covid-19 ។ អ្វីដែលគួរឲ្យសង្ស័យនោះគឺ ពេលចេញពីកម្ពុជា ស្ត្រីរូបនោះមានសុខភាព ល្អធម្មតា ហើយគ្មានផ្ទុកវីរុស នេះទេ។ ស្រាប់តែទៅដល់ម៉ាឡេស៊ីភ្លាម ក៏មានការប្រកាសព័ត៌មានថា គាត់បានឆ្លងវីរុស Covid-19 ។ ចំណុចគួរឲ្យសង្ស័យបំផុតមួយទៀតគឺ ហេតុអ្វីបានជាប្តីរបស់ស្ត្រីរូប នោះអាយុ ៨៥ ឆ្នាំដែលនៅជាមួយគ្នារហូតបែរជាគ្មានផ្ទុកវីរុស? ចំណែកឯមនុស្សជាង ២០០០ នាក់ដែលនៅលើនាវាក៏គ្មានអ្នកណាម្នាក់ផ្ទុកវីរុសនេះ ដែរ។

ដោយឈរលើចំណុចគួរឲ្យសង្ស័យនេះហើយបានជាប្រមុខដឹកនាំកម្ពុជា លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារ ម្តងហើយម្តងទៀតឲ្យអាជ្ញាធរ ម៉ាឡេស៊ីពិនិត្យឡើងវិញអំពីករណីនេះ។

ខ្ញុំយល់ថា ការទាមទាររបស់លោក ហ៊ុន សែន មិនមែន ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនគាត់នោះទេ ប៉ុន្តែ គឺដើម្បីយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងនិងជាពិសេសក៏ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកជិះលើនាវាទាំងជាង ២០០០ នាក់ផងដែរ ពីព្រោះ ការប្រកាសព័ត៌មានថាស្ត្រីជនជាតិអាមេរិកាំងម្នាក់មានផ្ទុកវីរុស Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា, មុខមាត់អង្គការសុខភាពពិភពលោក និងមុខមាត់របស់ក្រុមការងារសុខាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ ព័ត៌មានដ៏អកុសលនេះក៏បាន ធ្វើអោយអ្នកទេសចរទាំងនោះពិតជាមានអារម្មណ៍មិននឹងហ្នរឡើយហើយជាពិសេសគឺបានបង្កើតអោយ មានការរើសអើងនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអ្នកទាំងនោះ ពីព្រោះពួកគេមិនអាចបន្តដំណើរវិលត្រឡប់ទៅ ស្រុកកំណើតជួបជុំគ្រួសារ និងដើម្បីបន្តការងាររបស់ខ្លួនវីញតាមកាលកំណត់បានទេ ដោយសារតែការរើសអើងដែលកើតចេញពីព័ត៌មានអកុសលចេញពីម៉ាឡេស៊ី។

ត្រង់ចំណុចនេះ គេគួរតែស្តីបន្ទោសអាជ្ញាធរសុខាភិបាល ម៉ាឡេស៊ីដែលបានធ្វើការតាម បែបខ្ជីខ្ជានិងខ្វះការទទួលខុសត្រូវ។ ម៉្យាងទៀត បញ្ហានេះក៏ត្រូវបានគេសង្ស័យថា មកពីចេតនារបស់មន្ត្រីខ្លះក្នុងរដ្ឋាភិបាលម៉ាឡេស៊ីដែលចេញពីភាគឺក្រុមប្រឆាំង។ ហើយអ្វីដែលគួរកត់សំគាល់បំផុតនោះ គឺអ្នកដែលចេញមក ប្រកាសព័ត៌មាននេះគឺជាភរិយារបស់លោក អានវ៉ា អ៊ីប្រាហ៊ីម ដែលជាអតីតមេបក្សប្រឆាំងហើយដែលបានចូលទៅធ្វើការក្នុងរដ្ឋាភិបាល ទើបកើតមាននូវការងារបែបខ្ជីខ្ជារ ខ្វះការទទួលខុសត្រូវ ឬក៏អាចមាន ចេតនាអាក្រក់ណាមួយក៏ថាបាន។

ដោយផ្អែកលើការអះអាងដ៏ខុសឆ្គងនេះ ក្រុមប្រឆាំងនៅកម្ពុជាក៍បានយកព័ត៌មានដ៏អកុសលនេះមកបំភ័យប្រជាជន និងបំប៉ោងដើម្បីវាយប្រហារមកលើលោក ហ៊ុន សែនក៏ដូចជា វាយប្រហារទៅលើប្រព័ន្ធសុខាភិបាលកម្ពុជាទាំងមូលយ៉ាងធ្ងន់ធ្ងរក្នុងគោលបំណង បំបាក់ប្រជាប្រិយភាពរបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប៉ុន្តែនៅទីបំផុត ទេវតាពិតជាមាន ភ្នែក ហើយយុត្តិធម៌ពិតជាមានមែន! គឺជាយុត្តិធម៌ទាន់ហន់ដែលកម្ពុជាត្រូវទទួលបាន ពីព្រោះអំពើមនុស្សធម៌ដ៏ធំមួយនេះមិនអាចអ្នកណាយកទៅកាឡៃក្នុងបំណងទុច្ចរិតណាមួយបានឡើយ។ បារមីរបស់បុព្វបុរសខ្មែរពិតជាបានតាមដានរឿងនេះ ហើយបានជួយការពារអ្នកធ្វើអំពើល្អដែលនាំកិត្តិយសដ៏ធំធេង និងធ្វើឲ្យកម្ពុជាលេចមុខមាត់ យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ដែលបានយកការ សំរេចចិត្តដ៏មុតស្រួចដាច់ខាតក្នុងស្មារតីមនុស្សធម៌ដោយបានអនុញ្ញាតឲ្យនាវា Westerdam ចូលចតមិនត្រឹមតែបានធ្វើអោយប្រជាជនក្នុងពិភពលោកដឹងថា«កម្ពុជាជាប្រទេសតូចក្រីក្រមែនពិត តែមានបេះដូងនិង ទឹកចិត្តជួយយកអាសារធំធេងដូច មហាសមុទ្រ» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអោយឃើញនូវ «ភាពមិនរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ»

ឥឡូវនេះ ព័ត៌មានអកុសល ត្រូវបានរលាយទៅវិញបន្ទាប់ពី ព័ត៌មានចុងក្រោយបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកាំងអាយុ ៨៣ ឆ្នាំគ្មានផ្ទុកវីរុស Covid-19 នោះទេ។ ព័ត៌មាននេះពិតជាបានផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា, ដល់ប្រព័ន្ធសុខាភិបាលកម្ពុជា ក៏ដូចជាការផ្តល់យុត្តិធម៌ដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់បេសកកម្មដោះស្រាយ បញ្ហារើសអើងនិងវិបត្តមនុស្សធម៌ដ៏ធំមួយនេះ៕

ដោយ: អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង