ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ ទោះបីជាមានការព្យួរផ្នែកខ្លះនៃ EBA ក៏សង្គមកម្ពុជានៅតែមានប្រក្រតីភាព

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 578
    ទស្សនៈមិត្តអ្នកអាន៖ ទោះបីជាមានការព្យួរផ្នែកខ្លះនៃ EBA ក៏សង្គមកម្ពុជានៅតែមានប្រក្រតីភាពទស្សនៈមិត្តអ្នកអាន៖ ទោះបីជាមានការព្យួរផ្នែកខ្លះនៃ EBA ក៏សង្គមកម្ពុជានៅតែមានប្រក្រតីភាព

    ការផ្តល់ភាពអនុគ្រោះពន្ធដល់ទំនិញកម្ពុជា ឬហៅកាត់ថា EBA ដែលនាំទៅលក់នៅទីផ្សារអឺរ៉ុបនាពេលបច្ចុប្បន្ននេះ គឺគ្រាន់តែជាចំណែកតូចមួយនៃកម្លាំងចលករដល់សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះ ហើយសេដ្ឋកិច្ចកម្ពុជានាពេលនេះ ក៏មិនមែនពឹងផ្អែកទាំងស្រុងតែទៅលើការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបតែមួយមុខដែលរដ្ឋាភិបាលបានមើលឃើញជាមុនថាមិនស្ថិតស្ថេរនេះដែរ ពោលគឺរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេចតាំងពី៤-៥ឆ្នាំមុនមកម្ល៉េះ ហើយដែលរដ្ឋាភិបាលបានប៉ាន់ស្មានថាEBA នេះនឹងបាត់ទាំងស្រុងនៅឆ្នាំ២០២៤ ឬឆ្នាំ២០២៥យ៉ាងយូរ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកើនឡើងក្លាយជាប្រទេសអភិវឌ្ឍន៍នោះ។ បញ្ហានេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការឆ្លើយតបជាកញ្ចប់ ហើយបានអនុវត្តជាបន្តបន្ទាប់រហូតមកដល់ពេលនេះ និងទៅអនាគតដើម្បីកំណើនសេដ្ឋកិច្ចជាតិមួយដែលគួរឱ្យទុកចិត្តបាន។

    ក្រោយការសម្រេចថានឹងព្យួរផ្នែកខ្លះនៃEBA នេះដល់កម្ពុជាពីសហភាពអឺរ៉ុបចំនួនប្រមាណ២០%នៅក្នុងខែសីហាឆ្នាំ២០២០ ហើយបន្តនៅរក្សាទុកដល់កម្ពុជារហូតដល់៨០% នោះគឺមិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំនោះឡើយ។

    មានក្រុមអ្នកវិភាគអគតិមួយចំនួនកំពុងធ្វើការប៉ាន់ស្មានដោយខុសឆ្គងថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះខ្លាំងដោយការបាត់បង់ EBA ២០% រួមផ្សំនឹងវិបត្តិនៃវីរុសកូវីដ-១៩ ដែលកំពុងឡើងផងនោះ។ ផ្ទុយទៅវិញមកដល់ពេលនេះតួលេខនៃការនាំចេញ និងសង្វាក់ផលិតកម្មនាំចេញនៅតែមានសន្ទុះជាធម្មតា។ ផ្អែកតាមរបាយការណ៍វឌ្ឍនភាពនៃម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនៈវិស័យឆ្នាំ២០២០ ដែលចេញផ្សាយកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នឹងស្ថិតក្នុងរង្វង់ប្រមាណ ៦,៥% ទៅ៦,៨% ដែលការព្យាករណ៍នេះផ្អែកលើការព្យាករណ៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលរួមចំណែកផ្តល់នូវភាពអំណោយផលដល់ការនាំចេញរបស់កម្ពុជា។ ការនាំចេញនេះនឹងបន្តមានកំណើនខ្ពស់រួមផ្សំនឹងលំហូរចូលវិនិយោគផ្ទាល់ពីបរទេស វិស័យទេសចរណ៍ និងវិស័យសំណង់ និងអចលនៈទ្រព្យ នៅតែបន្តកើនឡើងជាលំដាប់។ ភាពមិនថមថយនៃវិស័យសំណង់ត្រូវបានឆ្លុះបញ្ចាំងដោយនិន្នាការនៃការកើនឡើងនៃការនាំចូលសម្ភារៈសំណង់ និងគម្រោងសាងសង់នានាដែលទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ ចំណែកវិស័យទេសចរណ៍ ភ្ញៀវទេសចរបរទេសបានបន្តកើនឡើងជាលំដាប់ ជាពិសេសមកកាន់តំបន់ឆ្នេរ និងក្នុងគោលបំណងមកធ្វើធុរៈកិច្ចនៅកម្ពុជា។

    សម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង រោងចក្រស្ទើរតែទាំងអស់នៅតែមានដំណើរការជាប្រក្រតី ហើយកម្មករ-កម្មការិនីនៅតែបន្តមានការងារធ្វើ និងទទួលបានប្រាក់ឈ្នួលជាធម្មតា។ ទោះជាយ៉ាងណា ក៏អាចមានរោងចក្រកាត់ដេរមួយភាគតូចប៉ុណ្ណោះដែលនឹងត្រូវផ្អាកសកម្មភាពមួយរយៈពេលខ្លីនៅក្នុងខែមីនាខាងមុខ ដោយហេតុថាវត្ថុធាតុដើមសម្រាប់ការផលិត ផ្គត់ផ្គង់មិនទាន់ពេលវេលាដោយសារវិបត្តិនៃការរាតត្បាតជំងឺរលាកផ្លូវដង្ហើម (COVID-19) នៅប្រទេសចិន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)។ ប៉ុន្តែ បើតាមបណ្តាញផ្សព្វផ្សាយព័ត៌មានដែលបានផ្សាយនាពេលថ្មីបំផុតបានបញ្ជាក់ថា៖ «រោងចក្រធំៗនៅប្រទេសចិនដែលផលិតវត្ថុធាតុដើមជាពិសេសក្រណាត់ សម្រាប់នាំចេញបានបើកដំណើរការផលិតកម្មឡើងវិញហើយ» ដូច្នេះ វត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជាអាចនឹងនាំមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះជាមិនខាន ហើយរោងចក្រមួយចំនួនតូចដែលថានឹងត្រូវផ្អាកសកម្មភាពនោះនឹងអាចដំណើរការជាប្រក្រតីឡើងវិញជាធម្មតា។

    រីឯស្ថានភាពសេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងនៅក្នុងសង្គមកម្ពុជាក្រោយមានការសម្រេចថានឹងព្យួរ EBA នៅពេលខាងមុខនោះគឺស្ថិតនៅក្នុងស្ថានភាពជាធម្មតាដដែលគ្មានអ្វីប្រែប្រួលនោះឡើយ។ ប្រជាពលរដ្ឋនៅតែបន្តរកស៊ីប្រកបអាជីវកម្មរបស់ខ្លួនប្រចាំថ្ងៃដោយគ្មានការព្រួយបារម្ភអ្វីឡើយ។ ប្រាក់រៀលនៅតែមានលំនឹងនៅលើទីផ្សារគួរឱ្យមានទំនុកចិត្ត តម្លៃទំនិញសព្វសារពើនៅតែអាចគ្រប់គ្រងបាន តម្លៃប្រេងឥន្ធនៈ តម្លៃអគ្គិសនី និងទឹកស្អាតក៏គ្មានការប្រែប្រួល។ល។

    ដោយឡែក ស្ថាប័នរដ្ឋគ្រប់ផ្នែកកំពុងតែមាននិរន្តរភាពជាធម្មតា។ សិស្ស និស្សិតនៅតែទៅបន្តការសិក្សានៅតាមសាលារៀនជារៀងរាល់ថ្ងៃដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទសុទ្ធតែកំពុងបំពេញភារៈកិច្ចនៅតាមមន្ទីរ ក្រសួងរបស់ខ្លួន និងទទួលបានប្រាក់បៀវត្សយ៉ាងសមរម្យ និងបើកយ៉ាងទៀងទាត់នៅរៀងរាល់ពីរសប្តាហ៍ម្តង។

    ដូច្នេះ បើទោះបីជាមានការបាត់បង់ផ្នែកខ្លះនៃEBA ឬក៏បាត់បង់ទាំងស្រុងក្តី ក៏សេដ្ឋកិច្ចកម្ពុជាមិនដួលរលំដែរ យ៉ាងច្រើនបំផុតគឺអាចត្រឹមតែបន្ថយល្បឿននៃសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែបញ្ហានេះ វាបានក្លាយជាឱកាសសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្នុងការខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មី ដែលអនុគ្រោះ អំណោយផលសម្រាប់ផលិផលរបស់ខ្លួន ក៏ដូចជាការពង្រឹងសមត្ថភាព គុណភាព និងបរិមាណនៃការផលិតផងដែរ។ ទន្ទឹមគ្នានេះដែរ ពលរដ្ឋខ្មែរគ្រប់គ្នានឹងមានឱកាសបង្កើនជីវភាពកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ នៅពេលដែលប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ ទំនិញសព្វសារពើលក់កាន់តែដាច់ ការនាំចេញ និងការនាំចូលកាន់តែកើនឡើង រីឯកម្លាំងផលិតកម្មក្នុងស្រុកក៏កាន់តែខ្លាំងដែរ។ ទាំងនេះជាចលករដែលជំរុញឲ្យចំណូលសេដ្ឋកិច្ចជាតិកើនឡើងទៅតាមនោះដែរ។ មានន័យថា បើទោះបីជាមានការព្យួរផ្នែកខ្លះ ឬទាំងស្រុង នៃEBAក៏ដោយ ក៏សង្គមកម្ពុជានៅតែមានប្រក្រតីភាពដដែល ហើយប្រជាពលរដ្ឋកម្ពុជារឹតតែខិតខំប្រកៀកស្មាគ្នា ក្រោកឈរឡើងជ្រោងខ្ពស់នូវសាមគ្គីជាតិដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ អធិបតេយ្យ និងមានសេដ្ឋកិច្ចកាន់តែរីកចម្រើននាពេលអនាគត៕

    ដោយ៖ ពង្ស សុក្រឹត្យ

    អត្ថបទទាក់ទង