ខ្មែរប៉ុស្ដិ៍ Close

តើលោក ហ៊ុន សែន ពិតជាបានបោះបង់ចោលវីរកងទ័ពទាំង១៨ នាក់ ដូចការចោទប្រកាន់មែនឬ?

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ទស្សនៈ - នយោបាយ 554
តើលោក ហ៊ុន សែន ពិតជាបានបោះបង់ចោលវីរកងទ័ពទាំង១៨ នាក់ ដូចការចោទប្រកាន់មែនឬ? តើលោក ហ៊ុន សែន ពិតជាបានបោះបង់ចោលវីរកងទ័ពទាំង១៨ នាក់ ដូចការចោទប្រកាន់មែនឬ?

 

នៅចុងខែកក្កដា ឆ្នាំ២០២៥ ពេលដែលយោធិនកម្ពុជាចំនួន ១៨ រូបត្រូវបានភាគីថៃចាប់ខ្លួន ដោយខុសច្បាប់បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ឆ្លងចូលព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ករណីនេះបានបង្កើតរលកអារម្មណ៍ចម្រុះក្នុងសង្គមខ្មែរ និងលើបណ្ដាញសង្គមទាំងក្នុងនិងក្រៅប្រទេស។ ចំណែកឯមតិស្តីអំពីបញ្ហាសន្តិភាពរវាងរដ្ឋទាំងពីរ ក៏ត្រូវបានគេលើកមកពិភាក្សានៅក្នុងបរិបទតានតឹងក្នុងពេលនោះផងដែរ។ ប៉ុន្តែ ការចេញមកបកស្រាយរបស់លោកហ៊ុន សែន កាលពីពេលកន្លងទៅ ដែលលោកបានបញ្ជាក់ថា  ទាហានទាំង ១៨ រូបបានធ្វើ “ពលិកម្មយ៉ាងថ្លៃថ្លា” សម្រាប់ជាតិរួចហើយ។ សម្តីនេះបានក្លាយបង្កើតឱ្យមាននូវការវិភាគអំពីសន្តិសុខជាតិ សាមគ្គីជាតិ និងការលើកឡើងនូវ“វីរភាពនយោបាយ” ហើយក៏មានការវាយប្រហារយ៉ាងខ្លាំងក្លាលើបណ្តាញព័ត៌មានជាច្រើនរបស់ក្រុមប្រឆាំងជ្រុលនិយមរួមទាំងពីជនជាតិថៃខ្លះទៀតផង។

ការវាយប្រហារដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងក្រុមជនជាតិថៃមួយចំនួនដែលបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានបោះបង់ចោល និងមិនគិតគួអំពីវីរកងទ័ពខ្លួនឯងទាំង១៨រូប បានក្លាយជាយុទ្ធសាស្ត្រនយោបាយដើម្បីបង្កើតភាពសង្ស័យនិងមិនមានជំនឿចំពោះសច្ចធម៌ និងហាក់មានបំណងបែកបំបាក់សាមគ្គីភាពជាតិ។ តែទោះជាយ៉ាងណា ចេតនាពិតប្រាកដរបស់លោក ហ៊ុន សែន ក៏ដូចជារដ្ឋាភិបាលកម្ពុជា គឺមិនដែលព្រងើយកន្តើយ ឬមិនបានគិតគូដល់វីរយោធិនយើងដូចការចោទប្រកាន់នោះទេ ផ្ទុយទៅវិញ ថែមទាំងបានគិតគូគ្រប់បែបយ៉ាងចំពោះយុទ្ធជនមិនមែនតែនៅសមរភូមិជួរមុខទេ ថែមទាំងគិតគូដល់ក្រុមគ្រួសារយុទ្ធជន ដោយបន្ធូរបន្ថយជួយដោះបន្ទុកបំណុលធានាគារទៀតផង។ ទាំងអស់នេះ គឺជាការចូលរួមគិតគូរធំធេងណាស់ និងមានគោលនយោបាយដោះស្រាយជាច្រើនទៀត ពីព្រោះវីរៈកងទ័ពយើងទាំង១៨រូបរបស់យើងបានកសាងនូវគុណសម្បត្តិនិងបានលះបង់ចំពោះជាតិកាត់ថ្លៃពុំបានឡើយ ។ ការបរិយាយទាំងនេះ បង្ហាញយ៉ាងច្បាស់ថា  មិនមែន តេជោសែន ឬប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបោះបង់ពួកគាត់ចោល មិនគិតមិនខ្វល់ និងមិនឲ្យតម្លៃនោះទេ។

ការចាប់ខ្លួនកងទ័ព ១៨ រូបនៅព្រំដែនកម្ពុជាថៃក្រោយសង្គ្រាម កាលពីថ្ងៃទី២៩ កក្កដា ២០២៥ ជាព្រឹត្តិការណ៍ដែលចងភ្ជាប់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាពួ តែត្រូវបានភាគីថៃល្មើសមិនព្រមអនុវត្តតាម ដែលរដ្ឋាភិបាលត្រូវដោះស្រាយតាមរយៈការទូតនិងអង្គការសិទ្ធិមនុស្សអន្តរជាតិ។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ពេលនេះសង្គ្រាមព័ត៌មានបានគេយកធ្វើជាឧបករណ៍នយោបាយសង្គ្រាមថ្មីក្នុងតំបន់សម្រាប់វាយប្រហារលើរដ្ឋាភិបាលកម្ពុជាទៅវិញ ។ គួរណាស់តែក្រុមប្រឆាំងចូលរួមធ្វើសកម្មភាពទាមទារឱ្យមានការដោះលែងយោធិនទាំង១៨រូប ប៉ុន្តែ ផ្លូយទៅវិញ ក្រុមជ្រុលនិយមខ្លះនៅក្រៅប្រទេសបានបង្កើត ពាក្យចចាមថា កម្ពុជាបានបោះបង់ចោលទាហានឬមិនយកចិត្តទុកដាក់លើកងទ័ពខ្លួនឯង។យុទ្ធសាស្ត្រ នេះគឺមានគោលបំណងសំខាន់គឺ ក្នុងការបំផ្លិចបំផ្លាញនិរន្តរភាពនយោបាយ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង នៅក្នុងសង្គមខ្មែរ និង បង្កើតការសង្ស័យលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាល។

ដូចដែលយើងបានឃើញរួចមកហើយថា  ការវាយប្រហារបែបនេះមានបំណងនយោបាយច្បាស់លាស់គឺស្វែងរកអត្ថប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការបង្កើតសម្ពាធលើរដ្ឋាភិបាលកម្ពុជា។

ក្នុងបរិបទដែលប្រទេសជាតិមានបញ្ហាព្រំដែន ដែលជាបញ្ហាប៉ះនឹងអារម្មណ៍ជាតិនិយមខ្លាំង ការបង្កើតមតិអវិជ្ជមានដូចនេះអាចធ្វើឱ្យសង្គមបាត់បង់ទំនុកចិត្ត និងបំបែកសាមគ្គីជាតិជាខ្លាំង។ ការបង្ហាញព័ត៌មានមិនពិត អាចធ្វើឲ្យអារម្មណ៍សាធារណៈជនបាត់ជំនឿ និងមានការសង្ស័យដោយយកអារម្មណ៍មកប្រើជាជាងការយល់ដឹងដោយត្រិះរិះពិចារណាដោយហេតុផលពិតប្រាកដមកលើរាជរដ្ឋាភិបាល។

ផ្ទុយពីការចោទប្រកាន់ សម្តីមាសរបស់លោក ហ៊ុន សែន ដែលបានគោរពដល់វីរភាពអស្ចារ្យរបស់កងទ័ពទាំង១៨រូប  គឺមានន័យស្មើនឹងការបញ្ជាក់យ៉ាងច្បាស់ថា យោធិនកម្ពុជា ទាំង១៨រូប មិនមែនជាករណី “ត្រូវបោះបង់” ទេ តែជាវីរៈបុរសដែលបានធ្វើកិច្ចបំរើជាតិ។ បើពិនិត្យមើលពីសកម្មភាពស្ងប់ស្ងាត់តែមិនស្ងៀម រដ្ឋាភិបាលបានផ្តោតលើការយកចិត្តទុកដាក់ជាក់ស្តែងចំពោះជីវភាពយុទ្ធជនទាំងអស់របស់យើងរួមមាន៖ កាត់បន្ថយបន្ទុកឥណទានគ្រួសារ ការចូលរួមជួយដល់គ្រួសាររបស់ទាហានដែលបានស្លាប់ ដោះស្រាយគោលនយោបាយសន្តិសុខសង្គមសម្រាប់គ្រួសារគាត់ ការលើកតម្លៃ និងប្រកាសសរសើរវីរភាពយុទ្ធជន។ល។និង។ល។ ចំណុចទាំងនេះបង្ហាញថា ការគ្រប់គ្រងវិបត្តិនេះ មិនត្រឹមជាការពន្យល់សាធារណៈទេ ប៉ុន្តែជាការបង្ហាញពីស្ថានភាពនយោបាយនៃការទទួលខុសត្រូវ និងការថែរក្សាកងទ័ពជាកម្លាំងស្នូលនៃសន្តិសុខជាតិ។

ព័ត៌មានមិនពិត បំភ្លើស មួលបង្កាច់ ជាព័ត៌មានអាក្រក់បំផុតមួយសម្រាប់ជាតិដែលអាចចាត់ទុកថាជា ឧបករណ៍បំផ្លាញទំនុកចិត្តសាធារណៈ ឧបករណ៍បង្កើតជម្លោះ ឧបករណ៍បំបែកបំបាក់សាមគ្គីជាតិ និងអាចចាត់ទុកថាជាឧបករណ៏សម្រាប់ធ្វើការវាយប្រហារនិងរិះគន់រាជរដ្ឋាភិបាល ដែលបានប្រើយ៉ាងពេញនិយមបំផុតនៅក្នុងពិភពលោកក្នុងយុគសម័យនេះ។

ករណីកងទ័ពកម្ពុជា ១៨ រូប ដែលត្រូវថៃឃុំខ្លួនដោយខុសច្បាប់ មិនទាន់បានដោះលែងធ្វើឲ្យមានការវាយប្រហារព័ត៌មានពីក្រុមជ្រុលនិយម មានប្រភពពីខាងក្រៅប្រទេសកើតឡើងក្នុងគោលបំណងចង់បំបែកសាមគ្គីជាតិក្នុងចំណោមប្រជាជនកម្ពុជា និងកេងចំណេញនយោបាយបែបប្រជាភិថុតដ៏អាក្រក់បំផុត។ ការបំភ្លើសដោយគ្មានមូលដ្ឋានច្បាស់លាស់ ផ្ទុយស្រឡះពីការពិតដែលរដ្ឋាភិបាលបាននិងកំពុងធ្វើពិតប្រាកដ។ទោះជាយ៉ាងណា ការចេញមកបកស្រាយរបស់លោក ហ៊ុន សែន  ក៏ត្រូវបានអ្នកវិភាគបញ្ហាសង្គមអាចយល់បានថា ពិតជាយុទ្ធសាស្ត្រដ៏ជ្រៅរដ្ឋាភិបាលក្នុងការថែរក្សាវីរភាពយុទ្ធជន គឺជាការជួយគ្រួសារ និងបង្ហាញការទទួលខុសត្រូវខ្ពស់។ ការគិតគូសព្វគ្រប់បែបយ៉ាងរបស់ប្រមុខរដ្ឋាភិបាល ពិតជាបានបង្ហាញថា កងទ័ពខ្មែរ មិនដែលត្រូវបានបោះបង់ចោលម្តងណាទេ ពោលគឺរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការគិតគូដល់ពួកគាត់ទាំង១៨រូប។ ករណីនេះនឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញថា សាមគ្គីជាតិ និងការរួបរួមគ្នាជាធ្លុងមួយជាកត្តាដ៏សំខាន់និងចាំបាច់ណាស់ ព្រោះនេះគឺជាឧបករណ៍សំខាន់សម្រាប់ការរក្សាស្ថិរភាពនយោបាយ និងការការពារអធិបតេយ្យភាពរបស់កម្ពុជាបាន៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

ប្រភព៖ Asian Speech