បាញ់ប្រហារពីរកន្លែងនៅអាល្លឺម៉ង់ បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង៥នាក់របួស
អ្នកនាំពាក្យប៉ូលីសអាល្លឺម៉ង់ បានរាយការណ៍ឲ្យដឹងថា មានមនុស្សចំនួន០៨នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរបួសធ្ងន់ នៅក្នុងហេតុការណ៍បើកឡានបាញ់រះមួយដ៏សាហាវនៅទីក្រុង Hanau នៃប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២០។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាល្លឺម៉ង់ បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងនៅវេលា ម៉ោង ប្រហែល១០៖០០យប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់នៅប្រទេសអាល្លឺម៉ង់) នៅឯរង្គសាលពីរកន្លែង ស្ថិតនៅក្រុង Hanau ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត ពីទីក្រុងហ្វ្រែងហ្វើត (Frankfurt)។ យោងតាមការរាយការណ៍ដដែលបានឲ្យដឹងថា ជនល្មើសមិនទាន់ត្រូវចាប់ខ្លួនបាននោះទេ ខណៈអត្តសញ្ញាណ និងចំនួនពិតប្រាកដនៃខ្មាន់កាំភ្លើង ក៏អាជ្ញាធរអាល្លឺម៉ង់នៅមិនទាន់ដឹងច្បាស់នៅឡើយដែរ។
យ៉ាងណាមិញ ប៉ូលិសអាល្លឺម៉ង់បានបន្ថែមទៀតថា កងអង្គភាពពិសេសកំពុងប្រឹងប្រែងតាមប្រមាញ់ចាប់ជនដៃដល់ ។ ជាមួយគ្នានេះ កម្លាំងប៉ូលិសអាល្លឺម៉ង់បានបិទផ្លូវចំនួនពីរនៅក្នុងទីក្រុងហ្វ្រែងហ្វើត ជាទីដែលរថយន្តសង្គ្រោះបន្ទាន់កំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ យ៉ាងខ្វែងខ្វាត់ ខណៈឧទ្ធម្ភាគចក្របើកឆ្វែលទៅវិញទៅមក នៅលើផ្ទៃអាកាស។
ជុំវិញមូលហេតុពិតប្រាកដ នៃការវាយប្រហារដ៏កក្រើកនេះវិញ មិនទាន់ត្រូវអាចកំណត់ច្បាស់នៅឡើយទេ។ ទោះជាយ៉ាងណាក្តី ប៉ូលិសអាល្លឺម៉ង់បានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយ សម្រាប់សាធារណជន ដើម្បីអាចជួយផ្តល់ជាដំណឹងអំពីជនល្មើស បើមានតំរុយណាមួយ៕
Fresh News