ខ្មែរប៉ុស្ដិ៍ Close

    អ្នកវិភាគ៖ តើនរណាជាអ្នកទទួលខុសត្រូវ ធ្វើឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា?

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 1399
    អ្នកវិភាគ៖ តើនរណាជាអ្នកទទួលខុសត្រូវ ធ្វើឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា?អ្នកវិភាគ៖ តើនរណាជាអ្នកទទួលខុសត្រូវ ធ្វើឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា?

    បណ្តាសមាជិកនៃសហភាពអឺរ៉ុបទាំងអស់បាន និងកំពុងពិនិត្យនិងសម្រចថាតើត្រូវដកទាំងស្រុង ឬដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញកម្ពុជាលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា ហើយការសម្រេចនេះ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០។

    ទោះបីជាការសម្រេចយ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជា​​ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើរតួនាទីក្នុងការសង្គ្រោះជីវិតនិង ជាតិកម្ពុជាពីមហាវិនាសកម្មនៃរបបខ្មែរក្រហម និងកសាងជាតិរហូតរីកចម្រើនដូចសព្វថ្ងៃនេះ បានប្រកាសត្រៀមខ្លួនរួចជាស្រេចទទួលយកការសេចក្តីសម្រេចនេះ ទោះដឹងថាការសម្រេចនេះធ្វើឡើង ដោយមិនឆ្លុះបញ្ចាំងពីការពិតនៃកម្ពុជាក៏ដោយ។

    ការសម្រេចដែលពោរពេញទៅដោយភាពអយុត្តិធម៌សម្រាប់ជាតិ​ និងប្រជាជនកម្ពុជា ព្រោះជាការសម្រេចដែលកើតចេញពីការញុះញង់ មួលបង្កាច់និងលាភពណ៌ដ៏អាក្រក់ ពីក្រុមអតីតគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ ក្រោយពួកគេបរាជ័យយ៉ាងអាម៉ាស់ ហើយមេគណបក្សរបស់ខ្លួនគឺ កឹម សុខា ត្រូវបានចាប់ខ្លួន និងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយច្បាប់។ ពួកគេបានប្រើប្រាស់រូបភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាព សេចក្តីសុខ និងការអភិវឌ្ឍរបស់ជាតិនិងប្រជាជនកម្ពុជា។

    ជាតិនិងប្រជាជនកម្ពុជា សុខចិត្តទទួលយកនូវភាពអយុត្តិធម៌ទាំងឡាយ ដែលមហាអំណាចដាក់ នៅពេលនេះប៉ុន្តែនឹងមិនឱនក្បាលចំពោះការគំរាមកំហែង និងសម្ពាធណាមួយឡើយជាដាច់ខាត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគោលជំហរកម្ពុជាយ៉ាងច្បាស់លាស់ថា នឹងមិនយកអធិបតេយ្យភាពជាតិខ្មែរ ទៅប្តូរនឹងជំនួយ ឬការគាំទ្រណាមួយឡើយ។

    កម្ពុជាត្រូវការមិត្តស្មោះត្រង់ ដែលមានទំនាក់ទំនងដោយស្មើភាពនិងស្មើសិទ្ធិ ប៉ុន្តែមិនមែនជាមិត្តបែបចាប់ដៃជាន់ជើង ឬមិត្តដែលដាក់សម្ពាធ និងចាប់បង្ខំឱ្យគេដើរតាមនយោបាយខ្លួនឡើយ។ នេះជាគោលជំហរដ៏ហ្មឹងម៉ាត់ហ្មត់ចត់ របស់រាជរដ្ឋាភិបាល ចំពោះមុខនៃការគំរាមកំហែង និងការដាក់សម្ពាធទាំងឡាយ។

    រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាជាជនរងគ្រោះ នៃការធ្វើនយោបាយដ៏ស្មោគគ្រោករបស់ក្រុមប្រឆាំង ដែលចង់ឡើងកាន់អំណាចតាមរយៈបដិវត្តន៍ពណ៌បែប មិនប្រជាធិបតេយ្យ និងរងគ្រោះពីការធ្វើនយោបាយបីកុំដើម្បីសម្លាប់ជាតិសាសន៍ និងសេដ្ឋកិច្ចជាតិខ្លួនឯង របស់ក្រុមប្រឆាំងដែលតែងតែងដើរអំពាវឱ្យបរទេស កុំផ្តល់ជំនួយឱ្យកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញ ទំនិញពីកម្ពុជា។

    កាលដែលសហភាពអឺរ៉ុបបាន លើកយកលក្ខខណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា លើកលែងតែអាវុធ EBA នៅមុនពេលកំណត់មកពេលនេះ ច្បាស់ណាស់គឺជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងបំផ្លាញជាតិរបស់ក្រុមប្រឆាំង។

    ពួកគេកំពុងតែមានមោទកភាព ដែលឃើញបរទេសបាននិងកំពុងបំផ្លាញខ្មែរ ហើយពួកគេមិនបានគិតថាទង្វើ សងសឹកនយោបាយរបស់ខ្លួន ព្យាយាមលាក់បាំងកលល្បិចនយោបាយដ៏ទុច្ចរិតរបស់ខ្លួន គេចវេសពីការទទួលខុសត្រូវ ផ្លូវច្បាប់ចំពោះទង្វើក្បត់ជាតិ និងឃុបឃិតជាមួយនឹងបរទេសបំផ្លាញខ្មែរ ហើយពួកគេក៏កំពុងប្រែក្លាយខ្លួនជាជនរងគ្រោះ និងកំពុងធ្វើខ្លួនជាអ្នកស្រឡាញ់ខ្មែរ និងសោកស្តាយដែលកម្ពុជាប្រឈម នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។

    តាមពិត ក្រុមប្រឆាំងក្បត់ជាតិដែលមាន ក្រុមសម រង្ស៊ី និយម និងក្រុមកឹម សុខានិយមនេះហើយ ដែលជាអ្នកវាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋកម្ពុជា លត់ជង្គង់អង្វរឱ្យបរទេសបំផ្លាញខ្មែរក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលពួកគេប្រើប្រាស់ ដើម្បីធ្វើអាជីវកម្មនយោបាយ ស្វែងរកផលប្រយោជន៍សម្រាប់គ្រួសារ និងបក្ខពួករបស់ពួកគេ។

    ពួកគេមិនអាចបដិសេធពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះមុខប្រជាពលរដ្ឋខ្មែររាប់លាននាក់បានឡើយ ក្នុងការបំផ្លាញជាតិខ្មែរ ព្រោះកន្លងទៅនេះ ពួកគេបានប្រកាសមោទកភាព ដោយលាយឡំ នឹងបានប្រជែងឥទ្ធិពលគ្នាដណ្តើមមុខមាត់គ្នាថា ក្រុមខ្លួនជាអ្នកដែលជំរុញឱ្យសហភាពអឺរ៉ុបកាត់ EBA។ គឺក្រុមជនក្បត់ជាតិសម រង្ស៊ី និយម និងកឹម សុខានិយមនេះហើយដែលបានបំផ្លាញឆ្នាំងបាយពលរដ្ឋខ្មែរ បង្កផលប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋរាប់។ ប៉ុន្តែពួកគេបែរជាសើចសប្បាយក្អាកក្អាយ រៀបចំផែនការរៃអង្គាសថវិកាដើម្បីក្រុមខ្លួន។

    ចំណែកមន្ត្រីសហភាពអឺរ៉ុប ២ រូបគឺលោកស្រី Cécilia Malmstrom ស្នងការអឺរ៉ុបទទួលបន្ទុកពណិជ្ជកម្ម និងលោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ផ្នែកកិច្ចការបរទេស របស់អឺរ៉ុបព្យាយាមទាញប្រជាប្រិយភាពពីបញ្ហា EBA ដើម្បីផលប្រយោជន៍នយោបាយ ក្នុងការប្រកួតប្រជែងការបោះឆ្នោត នៅប្រទេសរបស់ខ្លួន។

    កម្ពុជាមិនបានយកប្រទេសណាមួយជាសត្រូវឡើយ ហើយកម្ពុជា ក៏បានអនុវត្តគោលការណ៍សន្តិសហវិជ្ជមាន ក្នុងទំនាក់ទំនងជាមួយប្រទេសនានាលើពិភពលោក។ កម្ពុជាធ្លាប់បានហែលឆ្លងកាត់ជាច្រើន លើករួចមកហើយនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ខ្លួនពីសំណាក់រដ្ឋបរទេសក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

    សន្តិភាពនិងការអភិវឌ្ឍ ដែលកម្ពុជាកំពុងទទួលផ្លែផ្កានាពេលបច្ចុប្បន្ននេះទទួល បានមកដោយលំបាកដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យកជីវិតធ្វើដើមទុន និងដោយមានការលះបង់អាយុជីវិតពីប្រជាជនខ្មែរ រាប់លាននាក់។ បរទេសទាំងឡាយជាពិសេសសហភាពអឺរ៉ុបមិនគួរមើល ឃើញការវិវឌ្ឍរីកចម្រើនឬការដើរថយនក្រោយនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រឹមតែជនក្បត់ជាតិ កឹម សុខា និងអង្គការចាត់តាំងបដិវត្តន៍ពណ៌ របស់ក្រុមនេះឡើយ។

    ប្រសិនបើសហភាពអឺរ៉ុបសម្រេចកាត់ផ្តាច់ការអនុគ្រោះពន្ធទាំងស្រុង ឬផ្នែកណាមួយទៅតាមការញុះញង់របស់ក្រុមប្រឆាំងក្បត់ជាតិ សហភាពអឺរ៉ុបនឹងត្រូវជាប់ឈ្មោះថាបានប្រព្រឹត្តកំហុសបី ជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្រជាមួយកម្ពុជា៖
    ១៖ សហភាពអឺរ៉ុបរួមជាមួយប្រទេសផ្សេងទៀត បានរួមគ្នាដាក់ទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចមកលើប្រជាជនកម្ពុជាក៏ព្រោះតែរួមសាមគ្គីគ្នា ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ផ្តួលរំលំរបបខ្មែរក្រហមប៉ុល ពត សង្គ្រោះជាតិនិងប្រជាជនឱ្យរស់ឡើងវិញ។
    ២៖ ការគាំទ្រក្រុមខ្មែរក្រហមកាប់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ទោះបីដឹងថារបបនេះបានសម្លាប់មនុស្ស បំផ្លាញជាតិនិងប្រជាជន។
    ៣៖ ប្រសិនបើសហភាពអឺរ៉ុបសម្រេចកាត់ EBA ពីកម្ពុជានៅពេលនេះ វាជាការប្រព្រឹត្តកំហុសទី៣ ដែលសហភាពអឺរ៉ុបព្យាយាមបំផ្លាញសមិទ្ធផលរបស់ខ្លួន ដែលបានសហការធ្វើជាមួយកម្ពុជា។

    ថ្គោលជំហរកម្ពុជាពិតជាគ្មានការផ្លាស់ប្តូរឡើយ។ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហាការដក ឬរក្សាប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ហៅកាត់ថា EBA នេះពីកម្ពុជា សម្តេចនឹងមិនស្នើឲ្យអឺរ៉ុបរក្សាទុក ឬដកនោះទេ។ តែសម្តេចនៅតែរក្សាជំហរ មិនយកអធិបតេយ្យជាតិ និងឯករាជ្យ ទៅដោះដូរនឹងអ្នកណានោះឡើយ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ «សូមប្រជាពលរដ្ឋកម្ពុជាគិតឲ្យបានច្បាស់លាស់ថា ពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ។ កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាបំផ្លាញសន្តិភាពបានទេ។ បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព មានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ ច្បាប់របស់ខ្លួនត្រូវតែបានអនុវត្តន៍ ទោះបីនរណាក៏ដោយ ត្រូវនៅក្រោមច្បាប់របស់កម្ពុជា។ យើងចង់ធ្វើមិត្តភក្តិ និងដៃគូទាំងអស់ជាមួយប្រទេសនៅលើពិភពលោក។ ប្រសិនបើគេមិនយល់ពីយើង ហើយចង់ចាប់បង្ខំយើង ក៏យើងមិនព្រមដែរ យើងធ្លាប់ភ្លក់រសជាតិរួចហើយ នៃសោកនាដ្ឋកម្មសង្គ្រាមរាប់មិនអស់ ដែលពួកគេបានកសាងឡើងសម្រាប់យើង តែយើងមិនបានស្លាប់ទេ។ អញ្ចឹងសុំអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជា ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា។ អត់ត្រូវឱនក្បាលចំពោះនរណាទាំងអស់ យើងត្រូវខិតខំរស់»៕

    ដោយ៖ ចៅចាក់ស្មុក

    អត្ថបទទាក់ទង