ខ្មែរប៉ុស្ដិ៍ Close

ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ កើនដល់ជិត ១០ពាន់លានដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 67
ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ កើនដល់ជិត ១០ពាន់លានដុល្លារ ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ កើនដល់ជិត ១០ពាន់លានដុល្លារ

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ បានកើនឡើងជិតដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០១៩កន្លងទៅនេះ ខណៈប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មនេះ កើនឡើង ១៥ពាន់លានដុល្លារ។

យោងតាមរបាយការណ៍ផ្លូវការ​ពីស្ថានទូតថៃប្រចាំកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង ៩.៤១ពាន់លានដុល្លារអាមេរិក កើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៨.៣៨ពាន់លានដុល្លារអាមេរិក។

ទំហំពាណិជ្ជកម្មជាង ៩.៤១ពាន់លានដុល្លារនេះ ក្នុងនោះមានថៃនាំចូលមកម្ពុជាចំនួន ៧.១៤ពាន់លានដុល្លារ ធ្លាក់ចុះ ៦ភាគរយ ដែលឆ្នាំ២០១៨ មានដល់ ៧.៦១ពាន់លានដុល្លារ និងកម្ពុជានាំចេញទៅប្រទេសថៃ មានជាង ២.២ពាន់លានដុល្លារ កើនឡើង ១៩៥ភាគយ ដែលឆ្នាំ២០១៨ មានតែ ៧៦៨លានដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នៅទីក្រុងបាងកក កាលពីចុងឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីទាំងពីរចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា-ថៃ កើនឡើងដល់ ១៥ពាន់លានដុល្លារអាមេរិក៕