ខ្មែរប៉ុស្ដិ៍ Close

ប្រវត្តិ និងអត្ថន័យរបស់រូបសំណាក កាំភ្លើងកួចកាណុង (Knotted Gun)

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨ ឯកសារ 183
ប្រវត្តិ និងអត្ថន័យរបស់រូបសំណាក កាំភ្លើងកួចកាណុង (Knotted Gun) ប្រវត្តិ និងអត្ថន័យរបស់រូបសំណាក កាំភ្លើងកួចកាណុង (Knotted Gun)

រូបសំណាកកាំភ្លើងកួចកាណុង  (Non-Violence sculpture) ដែលស្ថិតនៅរង្វង់មូលស្ពានជ្រោយចង្វារ​នេះ គឺតំណាងឲ្យភាពគ្មានអំពើហឹង្សា ជាពិសេសគឺការ​បញ្ចប់សង្រ្គាម​បង្ហូរ​​ឈាមរវាងខ្មែរនិងខ្មែរ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ​សម្រាប់​ប្រទេសកម្ពុជា។

រូបសំណាកនេះផលិតឡើងពីកាំភ្លើងរាប់ពាន់ដើម ដែលជាសំណល់​ប្រមូល​​បានពីសង្រ្គាម និងការប្រគល់ជូនពីប្រជាពលរដ្ឋ បន្ទាប់ពីមាន​ការ​អំពាវនាវ​របស់​សម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ក្នុង​ឆ្នាំ១៩៩៧ ក្រោយពីកម្ពុជា​បានបញ្ចប់សង្រ្គាមស៊ីវិលរបស់ខ្លួនជាស្ថាពរ ហើយវាត្រូវបាន​ដាក់​សម្ភោធ​នៅក្នុងខែឧសភា ឆ្នាំ១៩៩៨។

រូបសំណាកកាំភ្លើងកួចកាណុងមុនដំបូងគេបង្អស់ ត្រូវបាន​ស្ថាបនាឡើង​ដោយស្ថាបត្យករស៊ុយអ៊ែតម្នាក់គឺលោក Carl Fredrik Reuterswarp។ លោកបានស្ថាបនារូបសំណាកនេះឡើងក្រោយពីមិត្តភ័ក្តរបស់លោកម្នាក់ឈ្មោះ John Lennon ដែលជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងក្រុម Beatle ត្រូវបានគេបាញ់សម្លាញ់ នៅសហរដ្ឋអាមេរិចក្នុងឆ្នាំ១៩៨០។ ក្រោយមកលោកបានប្រគល់រូបសំណាកាំភ្លើងកួចកាណុងនេះទៅឲ្យអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ ១៩៨៨ ហើយវាត្រូវបានគេដាក់តាំង​បង្ហាញ​នៅទីសាធារណៈ និងក្លាយជាទីចាប់អារម្មណ៍​មួយ​នៅក្នុង​ទីក្រុង​ញ៉ូវយ៉ករហូតមកដល់ពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្ននេះមានរូបសំណាកកាំភ្លើងកួចកាណុងយ៉ាងតិចចំនួន ១៧ទៀត នៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក ក្នុងនោះមានដូចជា ប្រទេស​ស៊ុយអ៊ែត, បារាំង, អាហ្រិ្វចខាងត្បូង, ស្វីស, អាឡឺម៉ង់, សហរដ្ឋអាមេរិច, ចិន, លុច សំបួ និងដាណឺម៉ាក់ ជាដើម។ ហើយក្នុងនោះប្រទេសស៊ុយអ៊ែតមានរហូតដល់ទៅចំនួន ១០ រូបសំណាកឯណោះ។
—————

អត្ថបទ៖ ទី សារឿន

កាំភ្លើងកួចកាណុងនៅជិតទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច

កាំភ្លើងកួចកាណុង នៅប្រទេសស្វីស

កាំភ្លើងកួចកាណុង នៅប្រទេសអាឡឺម៉ង់

កាំភ្លើងកួចកាណុង នៅប្រទេសចិន

កាំភ្លើងកួចកាណុង នៅប្រទេសបារាំង

កាំភ្លើងកួចកាណុង នៅប្រទេសអាហ្វ្រិចខាងត្បូង

កាំភ្លើងកួចកាណុង នៅ Luxembourgh City, European Commission