ប្រជាជនចិនរំជួលចិត្តពេលលឺសម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ទៅកាន់ទីក្រុងវូហាន កន្លែងផ្ទុះជំងឺរលាកសួតកូរ៉ូណា
(ភ្នំពេញ)៖ ការប្រកាសពីបំណងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែបានធ្វើឲ្យប្រជាជនកម្ពុជា មានការរំភើបចិត្តប៉ុណ្ណោះទេ នៅពេលនេះក៏បានធ្វើប្រជាជនចិន ដែលកំពុងយាយីដោយជំងឺរលាក សួតកូរ៉ូណា រំជួលចិត្តផងដែរ ព្រោះតែបានលឺផ្ទាល់ត្រចៀកថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមេដឹកនាំដែលរួមចិត្តថ្លើមតែមួយ ជាមួយប្រទេសចិនប្រាកដមែន»។
ជាក់ស្តែងព័ត៌មានស្តីពីការប្រកាសថា នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានចិន ធ្វើការផ្សព្វផ្សាយដល់ប្រទេសចិនផងដែរ។
ការប្រកាសនេះធ្វើឡើង ស្របពេលដែលប្រជាជនចិន ជាង១៤០០លាននាក់ កំពុងមានទុក្ខដោយជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា យាយី ហើយមានប្រទេសជាង៧០ប្រកាសជំហរមិនស្វាគមន៍ ចំពោះប្រជាជនចិនចូលទៅប្រទេសរបស់ពួកគេ ប៉ុន្តែផ្ទុយទៅវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែមិនផ្អាកជើងហោះហើរពីចិនមកកម្ពុជានោះទេ លោកថែមទាំងប្រកាសថា នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅអ៊ូហានថែមទៀត ដែលទង្វើរនេះធ្វើឱ្យប្រជាជនចិនរាប់សែននាក់រំជួលចិត្ត។
យោងតាមសារព័ត៌មានចិន The Cambodia China Times ចេញផ្សាយ និងសារព័ត៌ភាសាចិន The Commercial News ក្នុងប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញផ្សាយក្នុងបណ្តាញ Wechat ផ្លូវការរបស់ខ្លួនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅអ៊ូហាន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។
គិតត្រឹមថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០នេះ អត្ថបទសារព័ត័មានជាភាសាចិន របស់ The Commercial News ដែលបានចុះផ្សាយនោះ មានអ្នកចូលទស្សនាទៅដល់ជិត១០ម៉ឺននាក់ភាគច្រើន ជាជនជាតិចិន។ ពួកគាគ់ភាគច្រើនបានបញ្ចេញមតិ នៅខាងក្រោមអត្ថបទ ដោយសំដែងនៅក្តីរំភើប និងគោរពស្រលាញ់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជនជាតិចិនខ្លះយល់ឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តែងឥរិយាបថបែបនេះ «ពិតជាមានតំលៃណាស់» និងជាសញ្ញាប្រាប់ទៅពិភពលោកថា «កម្ពុជានៅឈរជាមួយចិនជានិច្ច» ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ជនជាតិចិនម្នាក់បានបញ្ជេញមតិដូច្នេះថា «សូមផ្តល់យោបល់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ល្អកុំទៅអី ត្រូវគិតពីសុវត្តិភាពជាចំបងទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំគិតថាបងប្អូនប្រជាជនខ្មែរ ប្រាកដជាយល់ច្បាស់។ ក្នុងនាមជាប្រជាជនចិនម្នាក់ ខ្ញុំពិតជាអគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលរួមចិត្តថ្លើមតែមួយជាមួយប្រទេសចិន»។
មិនខុសពីមតិខាងលើ សម្រាប់ជនជាតិចិនម្នាក់ទៀត បានសរសេរថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្នាក់ដឹកនាំប្រទេសកម្ពុជា លោកទៅអ៊ូហាន ត្រូវតែគិតពីសុវត្ថិភាពផង។ ក្នុងនាមជាប្រជាជនចិនម្នាក់ ខ្ញុំពិតកោតស្ញប់ស្ញែង ចំពោះលោកនាយករដ្ឋមន្រ្តីណាស់ លោកពិតជាមិត្តមហិមាណាស់ សូមជូនពរមិត្តភាពប្រទេសទាំងពីរម៉ឺនឆ្នាំ»។
ចំណែកអ្នកខ្លះសរសរថា «នៅពេលអាមេរិក និងលោកខាងលិចបិទទ្វារយ៉ាងជិត មិនឲ្យប្រជាជនយើងទៅប្រទេសគេ ហើយមានប្រទេសជាង៧០ផ្សេងទៀត មិនស្វាគមន៍ពួកយើង លោកនាយករដ្ឋមន្រ្តីហ៊ុន សែន សម្តែងឥរិយាបថបែបនេះ ពិតជាមានតំលៃណាស់។ គាត់បានប្រាប់ទៅពិភពលោកទាំងមូលថា “គាត់ឈរជាមួយចិនជានិច្ច”។ ក្នុងនាមជាប្រជាជនចិនម្នាក់ ពួកយើងគួរដឹងច្បាស់ ពួកយើងត្រូវសំដែងឥរិយាបថបែបណាហើយ»។
រីឯជនជាតិចិនម្នាក់ទៀតបានសរសេរថា «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងឥរិយាបថបែបនេះ ក្នុងនាមជាប្រជាជនចិនម្នាក់ ខ្ញុំពិតជារំភើបណាស់ ធ្វើឱ្យយើងខ្ញុំមានអារម្មណ៍ថា “កក់ក្តៅណាស់” ។ ខ្ញុំក៏សូមពរឱ្យប្រជាជនចិន ដែលរស់នៅប្រទេសកម្ពុជា នៅពេលដែលចប់ចូលឆ្នាំចិន ហើយត្រឡប់មកខ្មែរវិញ ត្រូវតែនៅឱ្យឆ្ងាយពីគេមួយរយៈសិន ជៀសវាងមានជំងឺជាប់ខ្លួន ដែលធ្វើឱ្យឆ្លងដល់ប្រជាជនកម្ពុជា»។
សូមរំលឹកថា ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នាល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ ការប្រកាសនេះបានឆ្លើយតបនឹងក្រុមប្រឆាំងមួយចំនួន ដែលបានលើកឡើងតាមបណ្តាញសង្គម ដោយទាមទារឱ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហាន ប្រទេសចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សុំឆ្លើយទៅវិញ ហ៊ុន សែន នឹងទៅ! បើរដ្ឋាភិបាលចិនអនុញ្ញាត។ ឯងមិនចាំបាច់ឌឺជាមួយហ៊ុន សែន នោះទេ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុនដើម្បីការឯកភាពជាតិ បញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ រឿងអ្វីដែល ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ»។
តាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុងវូហាន ដែលជាក្រុងធំទំនើប ដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី៧ នៅប្រទេសចិន មាននិស្សិតខ្មែរប្រមាណ២៣នាក់ កំពុងសិក្សា។
នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារ៍នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៤២៥នាក់ហើយ ខណៈមនុស្សចំនួនជាង២ម៉ឺននាក់ទៀតឆ្លង។
បើតាមអាជ្ញាធរសុខាភិបាលរបស់ចិន បានរាយការណ៍ថា មានមនុស្ស៦៤នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនកើនដល់៤២៥នាក់ និងមនុស្សចំនួន៣២៣៥ទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងពិភពលោក កើនរហូតដល់២០៤៣៨ករណី៕