ខ្មែរប៉ុស្ដិ៍ Close

លោក ស ខេង មិនទទួលយកការសរសើរបញ្ចើចបញ្ចើរពីសង្ឃ ហោ សុខុន តាមរបៀបឧបាយកលរបស់អ្នកនយោបាយទុច្ចរិត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 22
លោក ស ខេង មិនទទួលយកការសរសើរបញ្ចើចបញ្ចើរពីសង្ឃ ហោ សុខុន តាមរបៀបឧបាយកលរបស់អ្នកនយោបាយទុច្ចរិត លោក ស ខេង មិនទទួលយកការសរសើរបញ្ចើចបញ្ចើរពីសង្ឃ ហោ សុខុន តាមរបៀបឧបាយកលរបស់អ្នកនយោបាយទុច្ចរិត

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៩នេះ បានបដិសេធមិនទទួលយកការសរសើរបែបបញ្ចើចបញ្ចើរពីសំណាក់ព្រះសង្ឃមួយអង្គ ព្រះនាម ហោ សុខុន តាមរបៀបឧបាយកលរបស់អ្នកនយោបាយទុច្ចរិត។

លោកបានបដិសេធបែបនេះ បន្ទាប់ពីផេកហ្វេសប៊ុករបស់ព្រះសង្ឃអង្គនេះ សរសេរកោតសរសើរលោកបែបបញើចបញ្ចើរ ខុសទំនងថា «សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធ EBA របស់សភាអឺរ៉ុបផងដែរ ជាពីសេសអាចបញ្ឈប់ការជ្រៀតជ្រែកពីបរទេសលូកដៃចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា»។

ជាប្រតិកម្មតបវិញ លោកឧបនាយករដ្ឋមន្ត្រី បានសរសេរបង្ហោះផ្សាយលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖

《ក្រោយពីខ្ញុំព្រះករុណា ខ្ញុំបានអានសារនៅលើផេកហ្វេសប៊ុក របស់ព្រះតេជគុណ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខ្ញុំព្រះករុណាខ្ញុំមានការរំភើបយ៉ាងខ្លាំង ប៉ុន្តែក៏មានភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ដែរចំពោះពាក្យពេចន៍ នៅក្នុងសារនេះ ដែលមានន័យជាការលើកដាក់ បណ្តុះបង្អាប់ លើកតម្កើងហួសនិស្ស័យ រហូតដល់ខ្ញុំព្រះករុណាខ្ញុំយល់ឃើញថា សារនេះដូចជាបានធ្លាក់ចូលទៅក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិត ដែលតែងតែមានបំណងចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។

ព្រះតេជគុណប្រហែលជាបានជ្រាបហើយ! ជារឿយៗពួកអ្នកនយោបាយដែលមានគំនិតទុច្ចរិត ជានិច្ចជាកាលតែងតែបាន ថ្លែងសារមានន័យបញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលគ្មានអ្វីក្រៅពី បំណងចង់ឲ្យមានការ សង្ស័យគ្នា មិនទុកចិត្តគ្នា ឈ្នានីសគ្នា ដើម្បីធ្វើឲ្យមានការបែកបាក់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវាជាការនឹកស្រមៃសុទ្ធសាធដែលពួកគេគិតថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្លាក់ចូលក្នុងអន្លុងរបស់ពួកគេនោះ។

ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមពិតពុទ្ធដីកា និង ជម្រាប ប្រគេនព្រះតេជគុណ និង ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបថា៖ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្ត្រនៃបេសសកម្មរបស់ខ្លួន ហើយថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ គឺសុទ្ធតែមានការចូលរួម ពីថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរទូទៅ។

ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា គឺគ្រប់ជ័យជម្នះ ក្នុង បេសកកម្មបម្រើជាតិ របស់គណបក្សប្រជាជនកម្ពុជា មិនមែនកើតឡើងដោយសារតែ អច្ឆរិយបុគ្គល ណាមួយឡើយ តែគឺជាការប្រមូលផ្តុំនូវ បញ្ញាញាណ ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្តរបស់ ថ្នាក់ដឹកនាំ សមាជិកគ្រប់ជាន់ថ្នាក់ ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ ដូច្នេះអ្វីៗជាស្នាដៃដែលរូបខ្ញុំព្រះករុណាផ្ទាល់សម្រេចបានក្នុងបេសកកម្មបម្រើជាតិកន្លងមកនេះគឺគ្រាន់តែជាការរួមចំណែកដ៏តូចមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋតែប៉ុណ្ណោះ》៕

អត្ថបទទាក់ទង