ខ្មែរប៉ុស្ដិ៍ Close

    សវនាការរឿងក្តីលោក កឹម សុខា ពិតជាប្រព្រឹត្តទៅស្របតាមនីតិវិធីរបស់តុលាការ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 481
    សវនាការរឿងក្តីលោក កឹម សុខា ពិតជាប្រព្រឹត្តទៅស្របតាមនីតិវិធីរបស់តុលាការសវនាការរឿងក្តីលោក កឹម សុខា ពិតជាប្រព្រឹត្តទៅស្របតាមនីតិវិធីរបស់តុលាការ

    ទាំងអ្នកសារព័ត៌មាន តំណាងអង្គទូតនានា តំណាងសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានសង្កេតឃើញថា សវនាការកាត់ទោសលោក កឹម សុខា ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ គឺជាដំណើរការក្តីយ៉ាងក្តៅគគុក និងមានដំណើរការទៅតាមនីតិវិធីក្តីគួរឱ្យកត់សម្គាល់ និងមានការវាយតម្លៃខ្ពស់ចំពោះតុលាការកម្ពុជាសម្រាប់សំណុំរឿងក្បត់ជាត់របស់ជនជាប់ចោទ កឹម សុខា នៅពេលនេះ។ ក៏ប៉ុន្តែ ក៏នៅតែមានមនុស្សមួយចំនួនតូចដែលមិនទាន់យល់អំពីដំណើរការក្តីនៅតុលាការ និងនៅតែប្រកាន់ជំហរគាំទ្រផ្កាប់មុខចំពោះអតីតគណបក្សប្រឆាំងនោះ គឺពួកគាត់នៅតែមានគំនិតទុទិដ្ឋិនិយមថាការធ្វើសវនាការនេះគ្រាន់តែជាឆាកល្ខោនទៅវិញ។

    ក្នុងនាមរូបខ្ញុំជាប្រជាពលរដ្ឋដែលបានតាមដានរឿងក្តីព្រហ្មទណ្ឌនេះ ដោយយកចិត្តទុកដាក់ និងជានិស្សិតដែលបានសិក្សាខាងផ្នែកច្បាប់ផងនោះ ខ្ញុំ បានមើលឃើញនូវចំណុចវិជ្ជមានជាច្រើនដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺសុទ្ធតែអាចមានសិទ្ធិពន្យល់ និងលើកពីអំណះអំណាងរបស់ខ្លួននៅចំពោះមុខអង្គសវនាការ និងអ្នកតាមដាននៅក្នុងអង្គសវនាការទាំងមូល។ ដូច្នេះខ្ញុំ សូមធ្វើការពន្យល់ជូនប្រជាពលរដ្ឋមួយចំនួនតូចដែលមិនទាន់យល់អំពីដំណើរការនៃរឿងក្តីនេះ និងនៅតែប្រកាន់នូវជំហរផ្កាប់មុខចំពោះអំពើឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិនេះ និងសូមធ្វើការវាយតម្លៃជាជំហ៊ានដំបូងខាងផ្នែកច្បាប់ចំពោះសវនាការនេះដូចខាងក្រោម៖

    ១/ ជាសវនាការដែលប្រព្រឹត្តទៅតាមនីតិវិធីដ៏ត្រឹមត្រូវរបស់តុលាការ បើទោះបីចំនួនអ្នកចូលរួមនៅក្នុងសវនាការមិនបានច្រើននាក់ក្តីដោយសារមូលហេតុទំហំបន្ទប់សវនាមានកំណត់ ក៏ប៉ុន្តែ មានតំណាងសំខាន់ៗចូលរួមតាមដានដំណើរការសវនាការជាច្រើនដូចជា ក្រុមប្រឹក្សាជំនុំជំរះក្តី តំណាងក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងអយ្យការ តំណាងក្រុមមេធាវីជនជាប់ចោទ ជនជាប់ចោទ និងជាពិសេសមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលក្នុងនោះរួមមានតំណាងពីស្ថានទូតនៃប្រទេសនានា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ តំណាងសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយនានាផងដែរ។

    ២/ នៅរាល់ពេលបិទបញ្ចប់សវនាការមួយលើកៗ ទាំងក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណី និងក្រុមមេធាវីជនជាប់ចោទ សុទ្ធតែបានចេញមកធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីអំណះអំណាងរបស់ខ្លួនក្នុងការដាក់បន្ទុក និងដោះបន្ទុក យ៉ាងមានមោទនភាព និងភាពជឿជាក់ មិនដូចមតិខ្លះដែលលើកឡើងថា សវនាការជំនុំជំរះក្តីរឿងលោក កឹម សុខា នេះ ជាឆាកល្ខោន ឬជារឿងឡប់ឡែនោះទេ។

    ៣/ ការលើកឡើងរបស់ក្រុមដែលមានគំនិតទុទិដ្ឋិនិយមថា សវនាការនេះ ជាឆាកល្ខោន ឬជារឿងឡប់ឡែនោះគឺជាការឆោតល្ងង់បំផុត ដោយសារតែមតិមួយចំនួនតូចនោះមានគំនិតប្រឆាំងជ្រុលនិយម ផ្កាប់មុខពេក ដែលវានឹងអាចក្លាយទៅជាបច្ច័យអាក្រក់ដល់ភាគីលោក កឹម សុខា ព្រោះថាវាអាចជាសំពាធមួយចំពោះតុលាការ ដែលអាចនឹងសម្រេចសេចក្តីដាក់បន្ទុកកាន់តែធ្ងន់កដល់លោក កឹម សុខា ទៅវិញទេដើម្បីកុំឱ្យសាធារណៈមតិចោទប្រកាន់ថាជាសវនាការឆាកល្ខោនដូចការលើកឡើងរបស់ក្រុមប្រឆាំងទាំងនោះ។

    ៤/ ដោយសារមានការសួរដេញដោល និងជជែក វែកញែក ពិភាក្សាយ៉ាងផុសផុលបែបនេះទើបផ្តល់ឱកាស និងលទ្ធភាពដល់មេធាវីទាំងសងខាងត្រូវខិតខំរិះរកភស្តុតាងដើម្បីដាក់បន្ទុក និងដោះបន្ទុកទៅតាមនីតិវិធីច្បាប់ដែលបញ្ជាក់យ៉ាងច្បាស់ថាគឺជាសវនាការប្រកបដោយតម្លាភាព ពីព្រោះពេលខ្លះក្រុមប្រឹក្សានៅពេលដែលមេធាវីចុងចោទជាប់បន្ទុកធ្ងន់ ក្រុមប្រឹក្សាជំនុំជំរះបានផ្តល់លទ្ធភាព និងពេលវេលាចំពោះមេធាវីជនជាប់ចោទ បានឆ្លើយដោះបន្ទុកក្នុងរយៈពេលយូរជាងពេលវេលារបស់មេធាវីដើមបណ្តឹង ដើម្បីជៀសវាងខាងជនជាប់ចោទ ឆ្លើយថាគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីបកស្រាយ។ បញ្ហានេះត្រូវបានលោក គី តិច មេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានបញ្ជាក់នៅក្នុងសន្នីសីទសារព័ត៌មានក្រោយបញ្ចប់សវនាកាលពីអាទិត្យមុន។

    ៥/ សូម្បីតែលោក ព្រាប កុល ដែលតំណាងឱ្យផ្នែកសង្គមស៊ីវិលដែលបានចូលរួមក្នុងសវនាការកាលពីថ្ងៃទី២២ ខែមករា កន្លងទៅ ហើយលោកក៏ជាអ្នកដែលធ្លាប់តែកាន់ជើងខាងបក្សប្រឆាំងផ្កាប់មុខដែរនោះ ក៏បានសរសេរនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបានទទួលស្គាល់ថា សវនាការធ្វើបានល្អ ប្រព្រឹត្តទៅតាមនីតិវិធីរបស់តុលាការផងដែរ។

    សរុបមក ខ្ញុំយល់ថា ទាំងមេធាវីដើមបណ្តឹង តំណាងអយ្យការ តំណាងមេធាវីជនជាប់ចោទ និងជនជាប់ចោទ សុទ្ធតែបានបញ្ចេញនូវអំណះអំណាងដាក់បន្ទុក និងដោះបន្ទុកគ្នាយ៉ាងមានតម្លាភាព។ រូបខ្ញុំផ្ទាល់ ក៏ដូចពួកគាត់ភាគច្រើនបានយល់ថាសវនាការរឿងក្តីនេះ គឺពិតជាធ្វើឡើងដោយមានលក្ខណៈប្រព្រឹត្តទៅតាមនីតិវិធីរបស់តុលាការ និងមានការចូលរួមក្នុងអង្គសវនាការពីភាគីជាច្រើនដែលនេះគឺជាការវិវត្តជាវិជ្ជមានមួយសម្រាប់តុលាការកម្ពុជានៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនៃបទសន្ទិដ្ឋិភាពជាមួយបរទេសរបស់ជនជាប់ចោទ កឹម សុខា និងអាចវាយតម្លៃទទួលយកបានពីគ្រប់ភាគីក្នុងការរកយុត្តិធម៌ជូនជនជាប់ចោទយ៉ាងពិតប្រាកដ៕

    ដោយ៖និស្សិតច្បាប់ឆ្នាំទី៤នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

    អត្ថបទទាក់ទង