ខ្មែរប៉ុស្ដិ៍ Close

តើប្រជាពលរដ្ឋខ្មែរបានទទួលផ្លែផ្កាអ្វីខ្លះក្រោយពេលដែល កឹម សុខា ត្រូវបានចាប់ខ្លួន និងអតីតគណបក្សប្រឆាំងត្រូវបានតុលាការកំពូលរំលាយចោល?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 41
តើប្រជាពលរដ្ឋខ្មែរបានទទួលផ្លែផ្កាអ្វីខ្លះក្រោយពេលដែល កឹម សុខា ត្រូវបានចាប់ខ្លួន និងអតីតគណបក្សប្រឆាំងត្រូវបានតុលាការកំពូលរំលាយចោល? តើប្រជាពលរដ្ឋខ្មែរបានទទួលផ្លែផ្កាអ្វីខ្លះក្រោយពេលដែល កឹម សុខា ត្រូវបានចាប់ខ្លួន និងអតីតគណបក្សប្រឆាំងត្រូវបានតុលាការកំពូលរំលាយចោល?

គេនៅចាំបានថា មកដល់ពេលនេះ មេរោគនៃបដិវត្តន៍ពណ៌នៅកម្ពុជាដែលញ៉ាំញីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលក្រោយការបោះឆ្នោតឆ្នាំ២០១៣ រហូតដល់ជិតចុងឆ្នាំ២០១៧ ត្រូវបានរាជរដ្ឋាភិបាលកំចាត់ចោលបានទាំងស្រុង។ នោះគឺជាផែនការនៃការដណ្តើមអំណាច តាមបែបមិនប្រជាធិបតេយ្យដោយយកគំរូតាមការផ្តួលរំលំផ្លាស់ប្តូររបបដូចនៅប្រទេស យូហ្គោស្លាវី និងប្រទេស ស៊ែរប៊ី របស់អតីតមេដឹកនាំគណបក្សប្រឆាំង។ យោងតាមសម្តីសារភាពរបស់ កឹម សុខា អតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានរៀបរាប់ និងបានផ្សព្វផ្សាយយ៉ាងគគ្លើននូវការទទួលយកផែនការពីបរទេសក្នុងការផ្លាស់ប្តូររបបនៅប្រទេសកម្ពុជាដោយប្រើផែនការគាស់រំលើងចាប់ពីផ្នែកខាងក្រោមជាមុនគឺពិតជាភស្តុតាងជាក់ស្តែងដែលរដ្ឋអំណាចត្រូវតែចាត់វិធាការច្បាប់ជាដាច់ខាត។ មានន័យថា អតីតមេដឹកនាំបក្សប្រឆាំង កឹម សុខា បានទទួលយកផែនការឃុបឃិតជាមួយបរទេស មកប្រើជាឧបាយកលញុះញង់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យងើបបះបោរពីក្រោម (នៅមូលដ្ឋាន) ជាមុនសិន ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលតែម្តង។

ប៉ុន្តែ ជាភ័ព្វសំណាងដ៏ល្អ ក្រោយពេលដែលរដ្ឋអំណាចបានរកឃើញនូវអំពើល្មើសច្បាប់ និងមហិច្ឆិតាដណ្តើមអំណាចដ៏ខុសឆ្គងរបស់ កឹម សុខា និងបានចាត់វិធានការច្បាប់រំលាយអតីតគណបក្សប្រឆាំងនេះបានទាន់ពេលមក បានធ្វើឱ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ ប្រជាពលរដ្ឋអាចរស់នៅដោយសុខសន្តិភាព គ្មានអំពើញុះញង់បង្កចលាចលសង្គម គ្មានការអុកឡុកធ្វើបាតុកម្មរាល់ថ្ងៃរំខានដល់ការប្រកបរបរទទួលទានប្រចាំថ្ងៃ ដូចពេលមានវត្តមានអតីតគណបក្សប្រឆាំងដ៏ចង្រៃនេះដូចពេលមុននោះឡើយ។ ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេសបានសម្តែងនូវការសាទរ និងគាំទ្រនូវសេចក្តីសម្រេចរបស់តុលាការកំពូលដែលបានរំលាយអតីតគណបក្សប្រឆាំងនេះចោលនិងបានយល់យ៉ាងច្បាស់ថា ទង្វើដែលអតីតគណបក្សប្រឆាំងបានធ្វើនាពេលកន្លងមកគឺពិតជាអំពើក្បត់ជាតិ បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងបានយល់ស្របថាមេដឹកនាំអតីតគណបក្សប្រឆាំងនេះគឺពិតជាមានផែនការឃុបឃិតជាមួយបរទេស ដែលសមនឹងមានទោសថាជាជនក្បត់ជាតិ ដែលត្រូវតុលាការកំពូលរំលាយអតីគណបក្សប្រឆាំងនេះចោលខ្លាំងណាស់។

ប្រជាពលរដ្ឋទូទៅ បានកត់សម្គាល់ឃើញថា នៅពេលមានវត្តមានអតីតគណបក្សប្រឆាំង គឺគណបក្សនេះមិនដែលបានជួយកសាងអ្វីសូម្បីតែបន្តិចឡើយ។ ស្នាដៃរបស់ពួកគេគឺមានតែសារនយោបាយញុះញង់ឱ្យប្រជាពលរដ្ឋងើបឡើងបះបោរ តវ៉ា ធ្វើបាតុកម្ម ក្រោមលេសនៃពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុណ្ណោះ ហើយពួកគេបានតាំងខ្លួនថាជា «ថៅកែបាតុកម្ម» ថែមទៀត។
ជាការកត់សម្គាល់ ក្រោយពេលដែល កឹម សុខា ត្រូវបានចាប់ខ្លួន និងអតីតគណបក្សប្រឆាំងត្រូវបានតុលាការកំពូលរំលាយចោលចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មក គេឃើញប្រជាពលរដ្ឋបានទទួលនូវផ្លែផ្កាជាច្រើនដូចជា៖

១/ ស្ថានភាពនយោបាយទូទៅពោរពេញដោយសុខសន្តិភាព គ្មានការគម្រាមកំហែងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មីដោយសារការញុះញង់ឱ្យមានការរើសអើង ប្រកាន់វណ្ណៈ ស្អប់ខ្ពើមគ្នា និងការប្រកាសធ្វើជាថៅកែបាតុកម្មដូចពេលមានវត្តមានអតីតគណបក្សប្រឆាំងនោះទេ។ មានន័យថាប្រជាពលរដ្ឋបានរស់នៅក្នុងស្ថានភាពដែលគ្មានការភ័យខ្លាចនូវភាពអសន្តិសុខ រត់លូន ការបិទផ្លូវធ្វើបាតុកម្មតវ៉ាដូចមុននោះទេ។

២/ ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាពពេញលេញនេះបានធ្វើឱ្យរាជរដ្ឋាភិបាល និងប្រជាជនមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងជីវភាពគ្រួសារបានរុងរឿង និងបានប្រែក្លាយមុខមាត់ប្រទេសឱ្យមានការទទួលស្គាល់ទាំងថ្នាក់តំបន់ និងនៅលើឆាកអន្តរជាតិ។ ជាក់ស្តែង មកទល់និងបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រ ហើយអត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥២% មកនៅត្រឹមក្រោម១០%ប៉ុណ្ណោះ ត្រឹមឆ្នាំ២០១៩ និងទទួលបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាប ដោយសារកំណើនសេដ្ឋកិច្ចសម្រេចបានក្នុងរង្វង់៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទស្សវត្សចុងក្រោយនេះ។ ស្ថានភាពនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈចំនួនប្រជាពលរដ្ឋមានការងារធ្វើកាន់តែច្រើនឡើង ប្រាក់ខែគោលរបស់កម្មករ កម្មការិនីមានការកើនឡើងជារៀងរាល់ឆ្នាំ និងទទួលបាននូវអត្ថប្រយោជន៍ការងារផ្សេងៗជាច្រើនទៀត។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានប្រាក់បៀរវត្សកើនឡើងកាន់តែសមរម្យ និងមានជីវភាពកាន់តែធូរធារជាលំដាប់។

៣/ ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បាន និងកំពុងជ្រោងខ្ពស់នូវមហាសាមគ្គីជាតិកាន់តែរឹងមាំ និងបន្តពង្រឹងថែមទៀតនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។ ទន្ទឹមនេះ កម្ពុជាត្រូវអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ តាមបែបកម្ពុជា មិនមែនជាការចំលងយកមកអនុវត្តតាមប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សពីប្រទេសណាមួយទាំងស្រុងនោះទេ ព្រោះការអនុវត្តនេះគឺត្រូវផ្អែកលើទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌របស់កម្ពុជាផងដែរ។

សរុបមក ក្រោយពេលតុលាការបានរកឃើញនូវភស្តុតាងជាច្រើន និងការស្តែងចេញនូវសកម្មភាពជាក់ស្តែងនៃអំពើឃុបឃិតជាមួយបរទេសរបស់ កឹម សុខា ក្នុងការលក់អធិបតេយ្យជាតិដើម្បីតែអំណាចផ្ទាល់ខ្លួននោះ ការចាប់ខ្លួន កឹម សុខា និងការរំលាយអតីតគណបក្សប្រឆាំងចោលដោយសាលដីការបស់តុលាការកំពូលគឺពិតជារឿងដែលត្រឹមត្រូវបំផុត ដោយហេតុថា ប្រសិនបើគ្មានការចាត់វិធានការច្បាប់ឱ្យបានទាន់ពេលទេនោះ ប្រទេសជាតិច្បាស់ជាធ្លាក់នៅក្នុងសង្គ្រាមស៊ីវិលសារជាថ្មីដូចអតីតកាលជាក់ជាមិនខាន។

ដូច្នេះ ក្រោយពេលចាប់ខ្លួន កឹម សុខា និងក្រោយការរំលាយអតីតគណបក្សប្រឆាំង ប្រទេសកម្ពុជាមានស្ថានភាពខុសដាច់ឆ្ងាយស្រឡះពីអតីតកាល កម្ពុជាពេលនេះគឺជាកម្ពុជាដែលពោរពេញដោយសុខសន្តិភាព ការអភិវឌ្ឍ និងជាកម្ពុជាដែលមិនប្រឈមនឹងការធ្លាក់ចូលទៅក្នុងសង្គ្រាមដូចពេលមុនទៀតឡើយ ប្រជាជនអាចរស់នៅប្រកបរបររកស៊ីដោយគ្មានការភ័យខ្លាច វិនិយោគិនអាចដាក់ទុនវិនិយោគដោយនឹងនរក្នុងអារម្មណ៍ គ្មានការភ័យខ្លាចការរឹបអូសទ្រព្យសម្បត្តិពីអ្នកមានទៅអ្នកក្រ និងមានសិទ្ធិ ស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ និងជាដៃគូសន្ទនាស្មើភាពគ្នាជាមួយប្រទេសទាំងអស់ក្នុងសកលលោក៕

ដោយ៖ ពង្ស សុក្រឹត្យ