ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរអប្សរា ធ្វើកំណាយស្រាវជ្រាវអំពីរចនាសម្ព័ន្ធផ្លូវបុរាណតភ្ជាប់ពីតំបន់អង្គរទៅតំបន់រលួស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 22
អាជ្ញាធរអប្សរា ធ្វើកំណាយស្រាវជ្រាវអំពីរចនាសម្ព័ន្ធផ្លូវបុរាណតភ្ជាប់ពីតំបន់អង្គរទៅតំបន់រលួស អាជ្ញាធរអប្សរា ធ្វើកំណាយស្រាវជ្រាវអំពីរចនាសម្ព័ន្ធផ្លូវបុរាណតភ្ជាប់ពីតំបន់អង្គរទៅតំបន់រលួស

ផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីពីរនៅសម័យអង្គរ គឺរាជធានីយសោធរ (អង្គរ) និងរាជធានីហរិហរាល័យ (រលួស) ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវរចនាសម្ព័ន្ធផ្លូវបុរាណពីតំបន់អង្គរទៅតំបន់រលួស គឺក្នុងគោលបំណងប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធនៃផ្លូវបុរាណដទៃទៀតដែលស្ថិតនៅទីតាំងផ្សេង និងពិចារណាក្នុងការលើកគម្រោងអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យក្លាយជាបេតិកភណ្ឌរស់។

លោក ឈាន​ រដ្ឋា បន្តថា ក្នុងការស្រាវជ្រាវឱ្យបានច្បាស់អំពីរចនាសម្ព័ន្ធផ្លូវបុរាណ ក្រុមការងារបានចុះសិក្សាសម្រង់ប្លង់ វាស់វែង និងបើករណ្តៅកំណាយចំនួន៥ ដើម្បីដឹងពីបច្ចេកទេសនៃការសាងសង់ផ្លូវរបស់បុព្វបុរសខ្មែរ។ ជាលទ្ធផលស្រាវជ្រាវបង្ហាញថា ផ្លូវបុរាណនេះកសាងឡើងដោយការចាក់បង្ហាប់ដីមានបីស្រទាប់ គឺស្រទាប់ក្រោមប្រើល្បាយដីខ្សាច់ជាមួយដីឥដ្ឋ ស្រទាប់កណ្តាលប្រើល្បាយកម្ទេចថ្មបាយក្រៀម ដីខ្សាច់ និងដីឥដ្ឋ និងស្រទាប់ខាងលើបង្អស់ជាល្បាយដីឥដ្ឋលាយជាមួយដីខ្សាច់ភាគច្រើន ។

ផ្លូវនេះមានទំហំសរុបចន្លោះពី៥៦ទៅ៦៦ម៉ែត្រ ដោយចែកជាទ្រូងផ្លូវទំហំ ពី៣០ទៅ៤០ម៉ែត្រ ជើងទេរ៣ម៉ែត្រសងខាង ប្រឡាយទឹកប្រវែងពី៧ទៅ១០ម៉ែត្រសងខាង និងកម្ពស់ផ្លូវពី១,២០ទៅ១,៥០ម៉ែត្រ។ ក្រៅពីលទ្ធផលបានពីកំណាយខាងលើ តាមរយៈការវាស់វែងលើទីតាំងផ្សេងៗគ្នានៅលើកំណាត់ផ្លូវបុរាណនេះឃើញថា ជាទូទៅផ្លូវមានទំហំសរុបចន្លោះពី៧០ ទៅ ១០០ម៉ែត្រ គិតទាំងប្រឡាយអមផ្លូវផង ដោយឡែកនៅជិតនឹងគល់ស្ពានតួផ្លួវមានទំហំរួមតូចចន្លោះពី៥៦ទៅ៦៦ម៉ែត្រ។

ក្រៅពីគំហើញនៃការធ្វើផ្លូវ នៅតាមបណ្តោយផ្លូវបុរាណនេះក៏មានស្ពានបុរាណចំនួនមួយ បើតាមឯកសារបញ្ជីសារពើភណ្ឌរបស់ក្រសួងវប្បធម៌និងវិចត្រសិល្បៈ (CISARK) ហៅថា «ស្ពានថ្ម»។ ស្ពាននេះមិនធ្លាប់ធ្វើកំណាយស្រាវជ្រាវឬជួសជុលនោះឡើយ មានតែការចុះបញ្ជីដោយលោក ETIENNE AYMONIER ឆ្នាំ១៩០០ លោក LUNE de la JONGERE ឆ្នាំ១៩១១ លោក CHRISTOPH POTTER ឆ្នាំ១៩៩៩ និងចុងក្រោយចុះបញ្ជីដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ានៅឆ្នាំ១៩៩៥-២០០៧។
ស្ពានថ្មបាយក្រៀមនេះ មានប្រវែង២១ម៉ែត្រ ទទឹង៦ម៉ែត្រ រន្ធត្រដេវ (រន្ធបង្ហូរទឹក) ចំនួន៨ និងកម្ពស់២ម៉ែត្រ ស្ថិតក្នុងសភាពទ្រុឌទ្រោមជាខ្លាំង។

លោក សួម សុភា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរក៏បានបញ្ជាក់ថា ចំពោះសម័យកាលនៃការសាងសង់ស្ពានគឺមិនដឹងច្បាស់ទេ តែបើយោងតាមព្រឹត្ដិការណ៍ប្រវត្តិសាស្ត្រ ផ្លូវបុរាណមួយខ្សែនេះអាចធ្វើក្នុងសម័យកាល២។ ទី១សម័យព្រះបាទយសោវរ្ម័នទី១ ដែលព្រះអង្គបានគ្រោងរាជ្យនៅឆ្នាំ៨៨៩ដល់៩១០នៃគ.ស. ព្រះអង្គបានប្តូររាជធានីពីរលួសទៅកសាងរាជធានីថ្មីនៅតំបន់អង្គរ ហៅថា «យសោធរ» ដែលមានភ្នំបាខែងជាចំណុចកណ្តាល។ ក្រោយមកក្នុងឆ្នាំ៨៩៣ ព្រះអង្គក៏បានត្រឡប់មកកសាងប្រាសាទលលៃ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ ទី២ ប្រហែលជាកសាងបន្ថែមទៀតនៅសម័យព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានគ្រងរាជ្យនៅឆ្នាំ១១៨១ដល់១២១៨ នៃគ.ស ។ ផ្លូវនិងស្ពានបុរាណមួយនេះ គឺធ្វើឡើងដើម្បីធ្វើដំណើរឆ្លងកាត់សម្រាប់ភ្ជាប់ពីអង្គរទៅរលួស។

ស្ពាននេះជាសំណង់ធារាសាស្ត្រមួយស្ថិតនៅលើផ្លូវបុរាណប្រវែងប្រហែល១២គីឡូម៉ែត្រដែលនៅសល់ដល់បច្ចុប្បន្ន។ ស្ពាន គឺជាផ្នែកមួយនៃរចនាសម្ព័ន្ធផ្លូវបុរាណនីមួយៗ ដែលតែងតែមានប្រឡាយទឹកអមសងខាងផ្លូវ និងមានទីតាំងទួលមនុស្សរស់នៅ ស្រះទឹក ប្រាសាទ សាលាសំណាក់ មន្ទីរព្យាបាលរោគនៅតាមបណ្តោយផ្លូវ។

ក្រោយពីកំណាយស្រាវជ្រាវឃើញរចនាសម្ព័ន្ធផ្លូវបុរាណ អាជ្ញាធរជាតិអប្សរានឹងពិចារណាក្នុងការលើកគម្រោងអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យក្លាយជាបេតិកភណ្ឌរស់។
បន្ថែមពីនោះនឹងបន្តស្រាវជ្រាវកំណាត់ផ្លូវបុរាណដទៃទៀតដែលស្ថិតនៅក្រៅឧទ្យានអង្គរ ដើម្បីលើកតម្លៃផ្លូវ ស្ពានបុរាណ និងសំណង់បុរាណដែលនៅតាមបណ្តោយផ្លូវឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទទាក់ទង