ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបូមទឹកបំពេញស្រះប្រាសាទអង្គរវត្តដើម្បីបង្កើនភាពទាក់ទាញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 34

ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងអង្គរចាប់ពីថ្ងៃទី២៧ ខែធ្នូមក។ ការងារនេះនឹងប្រើពេលប្រមាណ១០ថ្ងៃ ដោយយកទឹកពីកសិន្ធុអង្គរវត្ត។ ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែ កុម្ភៈតទៅ តែដោយសារឆ្នាំនេះរដូវវស្សាខ្លី ហើយអាកាសធាតុក្ដៅជាងរាល់ឆ្នាំបានធ្វើឱ្យទឹកក្នុងស្រះនេះឆាប់ស្រកដល់កម្រិតដែលត្រូវដាក់បំពេញបន្ថែម។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងថា គោលបំណងនៃការងារនេះ គឺដើម្បីលើកតម្លៃទេសភាពវប្បធម៌ក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ស្អាត ក៏ដូចជាសម្រាប់ឱ្យភ្ញៀវទេសចរបានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែលកន្លងមកភ្ញៀវទាំងនោះមិនដែលរំលងការផ្តិតរូបភាពនៅទីនេះឡើយ។

គួរបញ្ជាក់ថា ការងារបូមទឹកនេះគឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ ដោយឡែកស្រះខាងជើងវិញក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលនិងស្ដារឡើងវិញ៕

អត្ថបទទាក់ទង